ភ្នំពេញៈ ​ក្រុមការងារ​ចល័ត​ចម្រុះ​សម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ឃាត់ និង​ពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​ចំនួន ១៤ ​គ្រឿង ដែល​ប្រព្រឹត្ត​​ល្មើស​លើផ្លូវ​ជាតិ​លេខ​ ១ លេខ ៤៤ និង​លេខ ៧០B បន្ទាប់ពី​ចុះ​ប្រតិបត្តិការ​រយៈពេល​ ៣ ​ថ្ងៃ​ក្នុង​នោះ​មាន​ ៨ ​គ្រឿង ​ត្រូវ​បាន​​រក្សាទុក​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​។

តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ចូន​​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២០ សីហា​ថា ក្នុង​ប្រតិបត្តិការ​ចល័ត រយៈពេល​ ៣ ថ្ងៃ គឺ​នៅ​ថ្ងៃទី​ ១៦ ថ្ងៃទី​ ១៧ និង​ថ្ងៃ​ ២០ ខែសីហា ក្រុមការងារ​ចល័ត​ចម្រុះ​សម្រាប់​ឆ្មក់​​ត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្រៃ្តយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើសទម្ងន់​កម្រិត​កំណត់​បាន​ឃាត់ និង​​ពិន័យ​យានយន្ត​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​ចំនួន​ ១៤ ​គ្រឿង​។

ក្រសួង​បាន​បញ្ជាក់ថា​៖ «​ក្នុង​​នោះ រថយន្ត​ចំនួន​ ៦ ​គ្រឿង ត្រូវបាន​ពិន័យ និង​រើ​ទំនិញ​ចេញ ចំណែកឯ​ ៨ ​គ្រឿង​ទៀត​ត្រូវបាន​ឃាត់ទុក​រយៈពេល​ ១ ​ឆ្នាំ​ដោយ​លើស​ទម្ងន់​កម្រិត​កំណត់ ២០ ​ភាគរយ​នៃ​ទម្ងន់​អនុញ្ញាត​»​។

លោក តាំង ពៅ ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា នៅ​ថ្ងៃទី​ ១៦ និង ១៧ ខែសីហា លើផ្លូវ​ជាតិ​លេខ​ ៤៤ ​ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ និង​ផ្លូវ​លេខ​ ៧០B ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ក្រុមការងារ​បាន​ពិន័យ​យានយន្ដ​ដឹក​​ជញ្ជូន​ ៩ ​គ្រឿង ក្នុងនោះ​ ៥ ​គ្រឿង ត្រូវ​ឃាត់ទុក​រយៈពេល​ ១ ​ឆ្នាំ ដោយសារ​លើស​កម្រិត​កំណត់​ ២០ ​ភាគរយ​នៃ​ទម្ងន់​អនុញ្ញាត​។

លោក​បាន​បន្តថា ដោយឡែក​នៅ​ថ្ងៃទី​ ២០ ខែសីហា នៅលើ​​ផ្លូវជាតិ​លេខ​ ១ ​ក្នុងស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង និង​ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង ក្រុម​ការងារ​បាន​ពិន័យ​យានយន្ដ​ដឹកជញ្ជូន​ ៥ ​គ្រឿង​ក្នុងនោះ​ ៣ ​គ្រឿង ត្រូវ​ឃាត់ទុក​ ១ ​ឆ្នាំ ដោយសារ​លើស​ទម្ងន់​កម្រិត​កំណត់ ២០ ភាគរយ​នៃ​ទម្ងន់​អនុញ្ញាត​។

លោក​បាន​បញ្ជាក់ថា​៖ «​យោងតាម​ទិន្នន័យ​ខាងលើ​យានយន្ត​ចំនួន​ ៨ ​គ្រឿង​ត្រូវ​ឃាត់ទុក​ចំនួន​ ១ ​ឆ្នាំ ដោយ​អនុលោម​តាមច្បាប់​ស្តីពី​ផ្លូវថ្នល់​មាត្រា​ ៦០ ​និង​សេចក្ដី​ជូនដំណឹង​លេខ​ ០៤៩ សជណ សក. គតលទ ​ស្តីពី​​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​»​។

ជាមួយ​គ្នា​នោះ​លោក​ក៏បាន​ក្រើនរំឭក​ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ម្ចាស់​រថយន្ត​ធុន​ធ្ងន់​​ និង​អ្នកបើកបរ​ជាថ្មី​ម្តង​ទៀតថា ក្រសួង​នឹង​បន្ត​អនុវត្ត​តាមច្បាប់ និង​សេចក្ដី​ជូនដំណឹង​យ៉ាងតឹង​បំផុត​ដោយ​គ្មាន​ការលើកលែង​ឡើយ​។

លោក គង់ សុវណ្ណ អ្នកជំនាញ​សុខភាព​សាធារណៈ និង​​ជា​នាយកកម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ​បាន​ប្រាប់ ភ្នំពេញ-ប៉ុស្តិ៍​ថា ដើម្បី​ទប់ស្កាត់​បទល្មើស​​លើ​ដងផ្លូវ និង​ជាពិសេស​ការដឹក​លើស​ទម្ងន់​កម្រិត គឺ​សមត្ថកិច្ច ត្រូវតែ​ធានា​ដល់​ការអនុវត្ត​ច្បាប់​ឱ្យបាន​ជាប្រចាំ និង​មិន​​ត្រូវ​លើកលែង​នោះទេ​។ ​

លោក​បាន​បន្តថា ការដឹក​លើស​ទម្ងន់​កម្រិត​នៅលើ​ដងផ្លូវ​គឺ​បាន​បង្ក​គ្រោះថ្នាក់ និង​ធ្វើឱ្យប៉ះពាល់​ និង​ផលប្រយោជន៍​ពលរដ្ឋ​ជារួម ខណៈ​ផលប្រយោជន៍​មានតែ​ក្រុម​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ ដែល​ទទួលបាន​លាភសក្ការៈ​។ ការអនុវត្ត​ច្បាប់​របស់​ក្រសួង​ក្នុង​ពេលនេះ គឺជា​សារ​មួយ​ទៅដល់​គ្រប់​សាជីវកម្ម​នៅ​គ្រប់​គោលដៅ​ទាំងអស់​ដែល​បាន​ដឹក​លើស​ទម្ងន់​ និង​មាន​ចេតនា​រក​ចន្លោះ​ ដើម្បី​ឆ្លៀត​ដឹក​លើសទម្ងន់​ភ្ញាក់ខ្លួន​ចូលរួម​អនុវត្ត ច្បាប់​ទាំងអស់​គ្នា​។

លោក​បាន​បញ្ជាក់ថា​៖ «​ការដឹក​លើស​ទម្ងន់ គឺ​បង​ឱ្យ​ខូច​ផ្លូវ ខាតបង់​ថវិការដ្ឋ វា​បង្ក​ទៅជា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ធ្វើឱ្យ​មនុស្ស​ស្លាប់ របួស​ធ្ងន់ធ្ងរ និង​ពិការ​ដែល​ក្នុង​ ១ ​ឆ្នាំៗ​របួស​ជិត ៥ ០០០ ​នាក់ ស្លាប់​ជិត​ ២ ០០០ ​នាក់​។ អ៊ីចឹង​ការដែល​ដឹក​លើស​ទម្ងន់​នេះ​ធ្វើឱ្យ​ផ្លូវ​នេះ​កើត​ជង្ហុក ធ្វើឱ្យ​អ្នកជិះ​គេច​​ជង្ហុក បង្ក​គ្រោះថ្នាក់​ដែល​ធ្វើឱ្យ​មនុស្ស​បែកបាក់​ព្រាត់ប្រាស​គ្នា និង​បន្សល់ទុក​មនុស្ស​ពិការ​»៕

វីដេអូ៖