ភ្នំពេញៈ ​គម្រោង​សាងសង់​ ​និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​ ៤៨​ ​​នឹង​ចាប់​ផ្ដើម​អនុវ​ត្ត​ដំណើ​រការ​សាងសង់​​នៅ​ដើម​ខែវិច្ឆិកា​ខាង​មុខ​នេះ ​ក្រោម​ហិរញ្ញ​ប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​កូរ៉េ។​ ​នេះ​​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​ទេស​រដ្ឋ​មន្ត្រី​ ស៊ុន ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។​

ក្នុង​ពិធី​ចុះ​ហត្ថលេខា​ ​លើ​កិច្ចសន្យា​សាងសង់ ​រវាង​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ​និងក្រុមហ៊ុន​ ILSUNG & HANIL Joint Venture​ ​នៅ​ទីស្ដី​ការ​ក្រសួង​សាធារណការ​ ​និង​ ​ដឹក​ជញ្ជូន ​កាល​ពី​ថ្ងៃទី ​២៣​ ខែសីហា​នេះ​ លោក​ ចាន់​ថុល បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ​គម្រោង​សាងសង់​ ​និង​លើក​កម្រិត​គុណភាព​ផ្លូវ​ជាតិ​លេខ ​៤៨​ នេះ ​នឹង​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង​ ​៧៨ លាន​ ​៣៩៨​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក។​ គម្រោង​នេះ​ នឹង​ត្រូវ​អនុវត្ត​សាងសង់​ដោយ​ក្រុមហ៊ុន​សាងសង់​កូរ៉េ ILSUNG & HANIL Joint Venture​ ​និង​ត្រួត​ពិនិត្យ​បច្ចេក​ទេស​ដោយ​ក្រុមហ៊ុន​ទី​ប្រឹក្សា​បច្ចេកទេស ​KCI & KECC Joint Venture​។​

​លោក​ ​ចាន់​ថុល​ បាន​បញ្ជាក់​ថា ​តាម​រយៈ​គម្រោង​នេះ​ ​នឹង​ ធ្វើ​​ឲ្យ​ផ្លូវជាតិ​លេខ​៤៨​ ដែល​មាន​ប្រវែង​ ១៤៨​ គីឡូម៉ែត្រ​ចាប់​ពី​ចំណុ​ច​ចំ​ការ​ហ្លួង ​ស្រុក​ស្រែ​អំបិល​ដល់​ក្រុង​ខេមរភូមិន្ទ​ ​ខេត្ត​កោះកុង​ ​មួយ​ខ្សែនេះ​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​ផ្លូវហាយ​វ៉េអាស៊ាន ​១២៣​ ​(ASEAN Highway 123)​ ​ដែល​ភ្ជាប់​ប្រទេស​កម្ពុជា​ ​ទៅ​ព្រះ​រាជា​ណាចក្រ​ថៃ​ឡង់​ដ៏ ​និង​ភ្ជាប់​ពី​ភាគ​ខាង​កើត​នៃ​ឧបទ្វីប​ឥណ្ឌូចិន​ ​ទៅ​ភាគ​ខាង​លិច​នៃ​ឧបទ្វីប​ ​ឥណ្ឌូចិន​ ​ត្រង់​ក្រុង​ដាវ៉េ (​Dawai)​ ប្រទេស​ភូមា​។​

លោក ​ចាន់ថុល​ ថ្លែង​ថា​ ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤៨​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ​(SEZ)​ ចំនួន​ ០៤​ កន្លែង​ រួ​មមាន តំបន់​សេដ្ឋកិច្ច​ពិសេស​កោះ​កុង ​(​Koh Kong SEZ) ​តំបន់​សេដ្ឋកិច្ច​ពិសេស​ស៊ួយ​ ឆេង​ ​(SuoyChheng SEZ)​ តំបន់​សេដ្ឋកិច្ច​ពិសេស​គិរីសាគរ​កោះកុង​ ​(KirisakorKoh Kong SEZ)​ និង ​តំបន់​សេដ្ឋកិច្ច​ពិសេស​រតនា ​(Ratana SEZ)​ ព្រម​ទាំង​មាន​តំបន់ ​ទេស​ចរណ៍​គិរីសាគរ​ផង​ដែ​រ​។​​​

គម្រោង​នេះ​ ​ត្រូវ​បាន​គេរំពឹង​​ថា​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ទាំង​សុវត្ថិ​ភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​ទៅ​មក​របស់​អ្នក​ដំណើរ​កាត់​បន្ថយ​ពេល​វេលា​និង​ថ្លៃ​ធ្វើ​ដំណើរ​និង​ដឹក​ជញ្ជូន​តាម​រយៈ​ការ​បំពាក់​គ្រឿង​បរិក្ខារ​សុវត្ថិភាព​នៅ​លើ​ដងផ្លូវ ​ការកែ​សម្រួល​កាំកំ​ណោង និង​ចំណោត​ខ្លាំង​របស់ផ្លូ​វ​ ​ជំរុញ​សក្តា​នុពល​តំបន់​ទេសចរណ៍​ ​និង​បង្កើន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​ ជា​ពិសេស​ជា​មួយ​ប្រទេស​ជិតខាង។​ ​គម្រោង​នេះ​ ​នឹង​ត្រូវ​អនុវត្ត​ការ​សាងសង់​ក្នុង​រយៈ​ពេល​ ៣២​ ខែ​ ដោយ​ចាប់​ផ្ដើម​ដំណើការ​សាងសង់​នៅ​ថ្ងៃទី​ ០១ ​ខែ ​វិច្ឆិកា​ ឆ្នាំ​ ២០២១ ​និង​គ្រោង​បញ្ចប់​នៅ​ដើម​ខែ​កក្កដា​ ឆ្នាំ​​ ២០២៤​៕