កណ្តាលៈ តុលាការ​ខេត្តកណ្តាល​ បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ឃុំខ្លួន​បុរស​ម្នាក់​ក្នុង​ពន្ធនាគារ​ខេត្ត​ពីថ្ងៃ​ទី ២២ សីហា​ ករណី​ញៀន​ថ្នាំ​ហើយ​ដុត​ផ្ទះ​ឪពុកម្តាយ​បង្កើត ​ប្រព្រឹត្ត​នៅ​ភូមិ​ដោល​ទី១ ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង​ខេត្ត។

លោក ឡាក់ ម៉េង​ធី​ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ប្រាប់​នៅ​រសៀល​ថ្ងៃទី ២៣ សីហា​ថា ​បុរស​ឈ្មោះ ​សេន ម៉ៅ អាយុ ៣២ ឆ្នាំ​ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​ពីថ្ងៃ​ទី ២២ សីហា។

លោក​ថ្លែងថា៖ «លោក​ចៅក្រម​អឿន វណ្ណា ចេញ​ដីការ​ឃុំ​ បន្ទាប់ពី​ខាង​អយ្យការ​ចោទ​​ពី​បទ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទ​ន្ង​ន់​ទោស និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់»។

លោក​ ឡេង សុខ​រុន​ អធិការនគរបាល​ស្រុក​កណ្តាលស្ទឹង​ ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ២៣ សីហា​ថា មុន​មាន​ការដុត​ផ្ទះ​ឪពុកម្តាយ​នេះ​ គឺ​ដោយសារ​ជន​ត្រូវ​ចោទ​ ជំពាក់​លុយ​គេ​ ហើយ​ទា​លុយ​ម្តាយ​យកទៅ​សង​គេ​ តែ​លោក​មិនដឹង​ចំនួន​ប៉ុន្មាន​ទេ។

លោក​ថា៖ «ជន​ត្រូវ​ចោទ​ គាត់​មិន​ត្រឹមតែ​ដុតបំផ្លាញ​ផ្ទះ​ទេ​ តែ​គាត់​ជាប់​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​ទៀត»។​

លោក ​សុខ​រុន​ ឱ្យដឹង​តាម​សម្តី​សាច់ញាតិ​ជនសង្ស័យថា នៅ​​មុន​ពេល​​កើតហេតុ​ ជនសង្ស័យ​បាន​ឈ្លោះ​គ្នា​ជាមួយ​ស្ត្រី​ជា​ម្តាយ​ឈ្មោះ​យុន ផាត ភេទ ស្រី អាយុ ៦៨ ឆ្នាំ មាន ទីលំនៅ ភូមិ តា ដោល ទី១ ឃុំ អំពៅព្រៃ ស្រុក កណ្តាលស្ទឹង ខេត្តកណ្ដាល។

ពេល​បង្កជម្លោះ​នោះ​ ជនសង្ស័យ​បាន​គំរាម​ស្ត្រី​ជា​ម្តាយ​ថា​ គេ​នឹង​ដុត​ផ្ទះ​ចោល​ បើ​មិន​ព្រមឱ្យ​លុយ​យកទៅ​សងបំណុល​គេ។

លោក​បន្តថា ​ដោយសារតែ​ស្ត្រី​​ជា​ម្តាយ​មិន​ព្រមឱ្យ​លុយ​ ទើប​ជ​នសង្ស័យ​ដុត​ផ្ទះ​ចោល​នៅវេលា​ប្រហែល​ម៉ោង ១២ ថ្ងៃត្រង់​ ថ្ងៃទី ២១ សីហា​ ខណៈ​ស្ត្រី​ជា​ម្តាយ​មិន​នៅផ្ទះ។

ក្រោយ​បង្កហេតុ​ គឺ​ជនសង្ស័យ​មិនបាន​រត់គេចខ្លួន​ទេ ហើយ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​អំពៅព្រៃ ក្នុង​​ស្រុក​កណ្តាលស្ទឹង ហើយ​កម្លាំង​នគរបាល ក៏​​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង៕