ភ្នំពេញៈ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ផ្អាក​អាជីវកម្ម​អាហារ​ដ្ឋា​ន​មួយកន្លែង ស្ថិតក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី១ ដោយបាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​-ស្រី​ជាង ១០០ នាក់ ដើម្បី​យក​សំណាក បន្ទាប់ពី​អាជីវកម្ម​មួយ​នេះ លួច​បើក​ដោយមាន​ការប្រមូល​ផ្តុំ​ជួបជុំ​ផឹកស៊ី បំពាន​នឹង​បម្រាម​របស់​រដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ១៩។

ការ​រ​ចុះបង្ក្រាប​នេះ ត្រូវបាន​ធ្វើឡើង នៅ​​រសៀល​ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២១ បន្ទាប់​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ​តាមដាន​ជា​បន្តបន្ទាប់ នូវ​អាជីវកម្ម​អាហា​ដ្ឋា​ន​យីហោ «ឫ​ស្សី​ផ្អែម» ដោយ​ក្នុងនោះ មាន​មនុស្ស​ពាក់ព័ន្ធ ដែល​កំពុងធ្វើការ​ជួប​ជុំ​ក្នុង​អាហារ​ដ្ឋា​ន​​នេះ ចំនួន ១០២ នាក់ ។

លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ថ្ងៃទី ២៣ សីហា មិនបាន​បកស្រាយ​អ្វី​ជុំវិញ​ការ​ប្រតិបត្តិការ​ចុះ​ផ្អាក​ទីតាំង​​នេះ​នោះទេ ដោយ​លោក គ្រាន់តែ​បញ្ជាក់ថា សមត្ថកិច្ច​កំពុងធ្វើការ​លើ​ករណីនេះ។

ចំណែក​លោក យ​ន សុធន អធិការរង​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​សង្គម ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ចូលរួម​ប្រតិបត្តិ​ការបង្ក្រាប​នេះ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា កំលាំង​សមត្ថកិច្ច កំពុង​បន្ត​យក​សំណាកលើ​ជន​ជាប់​ពាក់ព័ន្ធ​នឹង​បម្រាម​នៃ​ការជួបជុំ​នេះ។

លោក​បន្តថា មនុស្ស​ប្រុស​-ស្រី ដែលជា​ភ្ញៀវ និង​ជា​អ្នក​បម្រើការ​ក្នុង​អាហា​រដ្ឋា​ន នឹង​ត្រូវយក​សំណាក​ទាំងអស់គ្នា មុន​សមត្ថកិច្ចបន្ត​នីតិវិធី​តាមច្បាប់។

លោកបាន​បញ្ជាក់ថា៖ «នៅពេលនេះ យើង​កំពុងតែ​យក​សំណាក់​ពួកគាត់​ទាំង ១០២ នាក់​ហ្នឹង ហើយ​មានការ​ឃាត់ខ្លួន ឬ​មិន​ឃាត់ខ្លួន យើង​មិនទាន់​ដឹង​ច្បាស់​ទេ រង់ចាំ​ការយក​សំណាកកូ​វីដ ១៩ ជាមុន ព្រោះ​អាហារ​ដ្ឋា​នេះ បើកទទួល​ភ្ញៀវ មិន​គោរព​វិធានការ​របស់​រដ្ឋាភិបាល»។

យ៉ាងណាក្តី​ លោក យ​ន សុធន បាន​អះអាងថា បុ​គ្ក​ល​ទាំង ១០២ នាក់​នេះ អាច​ប្រឈម​នឹង​ការដាក់ទោសទណ្ឌ និង​ការពិន័យ​ជា​អន្តរការណ៍នៃ​ច្បាប់ ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ក្នុងពេល​បច្ចុប្បន្ន។

លោកបាន​រៀបរាប់ថា៖ «ករណី​ល្មើស​នឹង​បម្រាម​នៃ​ការជួបជុំ​របស់​រដ្ឋាភិបាល គឺ​យើង​បង្ក្រាប​ជា​ហូរហែរ​មកហើយ។ នេះ​មិនមែនជា​ករណី​ទី១ ទេ គ្រាន់តែ​អាហា​ដ្ឋា​ន​នេះ ទើបតែ​ចាប់បាន​នឹង​ការ​ល្មើស​បម្រាម​លើក​ទី១ ក្រោយ​យើង​ស្រាវជ្រាវ​តាមដាន​ជា​យូរ​មកហើយ ទើប​យើង​ឈាន​ចុះបង្ក្រាប​នៅពេលនេះ»៕

វីដេអូ៖