ភ្នំពេញៈ ​ក្រសួង​សា​ធារណ​ការ​ និង​ដឹក​ជញ្ជូន​ប្រកាស​ការផ្តល់​សេវា​ប្រឡង​យក​បណ្ណ​បើកបរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ឡើង​វិញ ​ក្រោយ​ពីផ្អាក​អស់​រយៈពេល​ប្រមាណ ៣​ ខែ ហើយបើ​ពលរដ្ឋ​ដែល​មាន​បំណ​ងប្រឡង​ត្រូ​វទៅ​ដាក់​ពាក្យ​​នៅ​មន្ទីរ​សាធា​រណ​ការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញ​ ដែល​មាន​ទីតាំង​ស្ថិត​នៅក្នុង​​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វារ​។

លោក ​ឈួន ​វន់ អគ្គ​នាយក​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​សា​ធារ​ណ​ការ​និង​ដឹក​ជញ្ជូន​បានថ្លែង​នៅ​ថ្ងៃទី​ ២៣ ​ខែ​សីហា​ថា ការ​ផ្តល់​សេវា​ប្រឡង​យក​បណ្ណ​បើក​បរ​ទាំង​ទ្រឹស្ដី​និង​ដៃ​ចង្កូត​នៅ​រាជធានី​ភ្នំពេញ​បាន​បើក​ដំណើការ​វិញ​​អស់​រយៈពេល​ ២ សប្ដាហ៍មកហើយ​ ក្រោយ​ផ្អាក​​អស់​​ពេល​ប្រមាណ ៣ ខែ ដើម្បី​ការពារ​ការឆ្លង​រាល​ដាល​ជំងឺ​កូ​វីដ ​១៩​។ ការបើក​ឡើង​វិញ​នេះ​ពលរដ្ឋ​អាច​ទៅ​ដាក់​ពាក្យ​ប្រឡង​នៅ​មន្ទីរ​សា​ធារ​ណ​ការ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេញដែល​មាន​ទីតាំង​នៅ​ព្រែក​លៀប​ក្នុងសង្កាត់​ព្រែក​លៀប​ ។

បើតាម​លោក ឈួន វន់ មូលហេតុ​នៃ​ការបើក​ដំណើរការ​ឡើងវិញ​នូវ​សេវាកម្ម​នេះ​ដោយសារ​ស្ថានភាព​កូ​វីដ ១៩ មានការ​ធូរស្រាល​ជាង​មុន។ព្រមជាមួយ​គ្នា​នោះ​អង្គភាព​ច្រកចេញចូល​តែមួយ​បានរៀបចំ​រួចរាល់​ទីតាំង​មន្ទីរ​សារ​ធា​រណការ​និង​ដឹកជញ្ជូននៅ​ព្រែកលៀប។

លោក​បានថ្លែង​​ថា៖ «ដោយសារ​យើង​ទី១ ស្ថានភាព​កូ​វីដ​ក៏​ធូ​ស្រាលហើយ​បូក​នឹង​ខាង​អង្គភាព​ច្រកចេញចូល​តែមួយ​គាត់​បានរៀបចំ​រួចរាល់​ហើយ គឺ​យើង​អនុញ្ញាត​ឲ្យ​ដំណើរការ​វិញ​ទៅដើម្បី​ឲ្យ​ពលរដ្ឋ​ឆាប់​ទទួល​សេវាកម្ម​ហ្នឹង​ឡើងវិញនិង​ទទួលបាន​បណ្ណ​បើកបរ​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ»។

លោក​ប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោកបាន​បញ្ជាក់​ថាដោយសារមាន​បញ្ហា​ជំងឺ​កូ​វីដ ១៩ ការផ្ត​ល់​បណ្ណ​បើកបរ​ជូន​ពលរដ្ឋ​មានការ​ថយចុះជាងមុនរហូតដល់ ៦៥ ភាគរយ​ក្នុងរយៈពេល ៦ ខែ​បើ​ធៀប​ក្នុង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។លោក​ថា៖ «ការ​ផ្ដល់បណ្ណមានការថយចុះច្រើនមែន ប៉ុន្តែ​ការងារ​ចុះបញ្ជី​អីហ្នឹង​ថយ​តិចតួ​ចទេ គឺប្រហែលជា ​៧ ភាគរ​យ​ប៉ុណ្ណោះ​» ។

អ្នក​ស្រី កៀន សោភ័ណ ម្ចាស់​សាលា​បង្រៀន​បើកបរ​រថយន្ត​ដៃ​ធំ II បានថ្លែង​នៅ​ថ្ងៃទី​២៣ ខែសីហា​ថា ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នៃ​ការផ្តល់សេវា​ប្រឡង​យក​បណ្ណ​បើកប​រនៅ​ក្នុង​រាជធានី​ភ្នំពេញ​គឺជា​រឿង​ល្អ​សម្រាប់​ពលរដ្ឋ​ដែល​កំពុង​ទន្ទឹង​រង់ចាំ​ចង់បាន​បណ្ណ​បើក​បររ​ថយន្ត​យកទៅ​ប្រើប្រាស់​សម្រាប់​បំពេញ​ការងារ​ចិញ្ចឹម​ជីវិត និង​ប្រើប្រាស់​តាម​តម្រូវការជា​លក្ខណៈ​ឯក​ជន​។

អ្នក​ស្រី​ថ្លែងថា៖ «ក្នុងអំឡុ​ងពេល​នៃ​ការបិទ​ពិតជា​មាន​បញ្ហា​រាំងស្ទះ​ក្នុងការ​ផ្តល់​បណ្ណ​បើកបរ​ដល់​ប្រជា​ពលរដ្ឋនិ​យាយ​រួម​ទៅ​ពួកគាត់​ត្រូវ​ការ​បើកបរ​លើផ្លូវ​ទោះជា​កូ​វីដ​ក៏ដោយ។ ដើម្បី​ចិញ្ចឹម​ជីវិត​គាត់​ត្រូវតែ​បញ្ជាការ​បើកបរ​រថយន្ត​នៅលើ​ផ្លូវដោយ​ធ្វើការ​ឲ្យ​គេ​តាម​ជំនាញ​របស់​គាត់»​ ។

អ្នកស្រី​បន្តថា​ទោះបីអ្នកខ្លះ​មិន​មែន​​ជា​អ្នកបើកបរ​ឲ្យ​គេក៏ត្រូវ​ចេញដំ​ណើរ​ ដើម្បី​ទៅ​ប្រកបមុ​ខរបរ​ចិញ្ចឹម​ជីវិតនិង​ប្រើ​យាន​យន្ត​ដែរ។ ហេតុ​នេះពួ​កគា​ត់​ត្រូវការ​ប្រើ​ប្រាស់​ផ្លូវថ្នល់​ជា​ចាំបាច់​ពិសេ​ស​គឺ​មិនអាច​គ្មាន​បណ្ណ​បើកបរ​ឡើយព្រោះ​សមត្ថកិច្ច​ត្រូវការ​ត្រួ​តពិនិត្យ អ្ន​កធ្វើដំ​ណើរ​លើផ្លូវ​សា​ធារ​ណៈ ឲ្យ​ចេះ​គោរព​ច្បាប់​ចរាច​រណ៍ និង​ឲ្យ​មាន​បណ្ណ​បើក​បរ​។

បើតា​ម​អ្នក​ស្រី កៀន សោ​ភ័ណ ក្រោយ​ក្រសួង​សា​ធារ​ណៈ​ការបាន​បើក​ដំណើរ​ការ​ប្រឡង​វិញ លោក​ស្រី​បាន​ណែនាំ​ឲ្យ​សិស្ស​ដែល​បាន​រៀនរួច ​​ហើយ​មិន​ទាន់​ទទួល​បាន​បណ្ណ​បើកបរ​ត្រូវ​ទៅ​ប្រឡង​ ប៉ុន្តែ​ក្នុង​ពេល​នេះចំ​នួន​មាន​កំណត់​។

អ្នកស្រី​ថ្លែង​ថា៖«ស​ម័យនេះ​ការដែល​ប្រឡង​ហ្នឹង​គឺមាន​ចំនួន​កំណត់យើ​ង​ចូល​បាន​តិច​មិន​មែន​ចូល​បាន​រាប់រយ​នាក់​ដូច​លើ​ក​មុន​ទេ។​ អីចឹង​អ្នក​ដែល​កកស្ទះ​ក្នុង​ការរៀន​ហើយ​រង់ចាំ​ការប្រឡង​ហ្នឹងយើង​ឲ្យ​គាត់​ចេញទៅ​ប្រឡង​ជា​បន្ត​បន្ទា​ប់ម្តង ៤០​ នាក់ ម្តង ៤​០ នាក់​ អ៊ីចឹ​ង​ទៅ»​ ។

អ្នកស្រី​ កៀន សោ​ភ័ណ ​ប្រាប់ថា ក្នុងនាម​សា​លា​បង្រៀន​​បើក​បរ​រថ​យន្ត​ឯក​ជន​មួយ អ្ន​កស្រី​គ្រា​ន់តែ​ជា​អាជ្ញាកណ្តាល​ក្នុង​ការ​ជួយ​សម្រប​សម្រួល​រវាង​ពលរ​ដ្ឋនិង​មន្ត្រី​ជំនាញ​មាន​សមត្ថ​កិច្ច​ប៉ុណ្ណោះ។ក្នុង​មួយរយៈ​​កាលដែ​ល​កូ​វីដ ​១៩ ​ផ្ទុះ សាលា​​របស់​អ្នក​ស្រី​ក៏​មិនសូវ​ទទួល​សិស្ស​ដែរ ដើម្បី​ចូលរួ​ម​ការពារ​ការរីក​រាលដា​ល​ជំងឺ​កូ​វីដ ១៩​។

អ្នក​ស្រី​ថ្លែងថា​៖ «ឥឡូវ​ហ្នឹង​ខ្ញុំ​ធ្វើ​សេវា​រៀន​តាម​អន​ឡាញបា​នន័​យថា បើ​មាន​អ្នក​ចង់​រៀន​អ៊ី​ចឹ​ង​ទៅយើង​ឲ្យ​គ្រូបង្រៀន​ដល់ផ្ទះ​មានន័យថា​ គ្រូ ​១ សិស្ស ១​ ដោយ​អនុវត្ត​ការការពារ​ឲ្យ​បានល្អ ហើយ​រៀន​ច្បាប់​ចរាចរណ៍​នៅលើ​​អន​ឡាញ​អត់​មាន​ការ​ជួបជុំគ្នា​ទេ»៕