មណ្ឌលគិរីៈ ក្រុមអ្នកស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWF កាលពីពេលថ្មីៗនេះបានបញ្ចប់ការប្រមូលសំណាកលាមកដំរីអាស៊ី ដោយប្រមូលបានប្រមាណ ៨៥ សំណាក មកវិភាគនៅមន្ទីរពិសោធន៍ដើម្បីស្វែងយល់អំពីវត្ដមាន និងការបំផ្លាស់ទីរបស់វា ខណៈដែលដំរីប្រភេទនេះមានវត្ដមានប្រមាណ ៣០០ ក្បាលក្នុងតំបន់ការពារធម្មជាតិខេត្ដមណ្ឌលគិរី។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២៣ សីហាថា កាលពី ៤ ឆ្នាំមុន ក្រុមអ្នកជំនាញបានធ្វើការសិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យសត្វដំរីអាស៊ីក្នុងខេត្ដមណ្ឌលគិរី ២ ដងរួចហើយ។ ប៉ុន្ដែកាលពីឆ្នាំ ២០២០ បានសិក្សាប្រមូលទិន្នន័យម្ដងទៀតទើបតែបញ្ចប់ក្នុងពេលថ្មីៗ។ ក្នុងនោះក្រុមអ្នកជំនាញប្រមូលបានសំណាកលាមកសត្វដំរីអាស៊ីជាង ៨៥ សំណាកដើម្បីយកទៅវិភាគ។
លោកថ្លែងថា៖ «យើងកំពុងតែធ្វើការវិភាគ DNA ជាមួយក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីឱ្យដឹងថា ចំនួនដំរីអាស៊ីនៅក្នុងតំបន់ការពាររបស់យើងមានដំរីចំនួនប៉ុន្មានក្បាល។ ការវិភាគលាមកសត្វដំរីនេះ យើងអាចដឹងពីវត្ដមាន និងរបាយការណ៍បំផ្លាស់ទីរបស់ពួកវាផងដែរ»។
ដំរីអាស៊ី ភាគច្រើនមានវត្ដមាននៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រិច នៃខេត្ដមណ្ឌលគិរី។ លោកបញ្ជាក់ថា តាមការសង្កេតរបស់ក្រុមអ្នកជំនាញ ដំរីអាស៊ីក្នុងខេត្ដមណ្ឌលគិរីអាចមានវត្ដមានប្រមាណ ៣០០ ក្បាល ឬអាចកើនឡើងបន្តិចពីចំនួននេះ។
លោកបញ្ជាក់ថា៖ «តាមរយៈការជួយពីអង្គការដៃគូ ដូចជា អង្គការ WWF ជាដើម យើងតែងតែមានថវិកាប្រចាំឆ្នាំ ឬគម្រោងថវិការយៈពេល ២ ឆ្នាំ ៤ ឆ្នាំ ឬ ១០ ឆ្នាំដើម្បីធ្វើការសិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យ ប្រភេទសត្វកម្រ និងសត្វជិតផុតពូជក្នុងនោះមានដូចជាសត្វដំរីអាស៊ី សត្វខ្លារខិន និងសត្វទន្សោងជាដើម»។
លោកឱ្យដឹងថា វិធីសាស្ដ្រក្នុងការសិក្សាស្រាវជ្រាវលើរបាយសត្វដំរីរួមមានការជ្រើសរើសយកលាមកដើម្បីមកវិភាគ DNA ការដាក់កាមេរ៉ាចាំថតសកម្មភាពរួមនឹងវិធីសាស្ដ្រជាច្រើនទៀតសម្រាប់សិក្សាពីរបាយចំនួនសត្វដែលនៅសេសសល់។ លទ្ធផលនៃការស្រាវជ្រាវ DNA ក្នុងឆ្នាំ ២០០៩ និងឆ្នាំ ២០១៥ ក៏បានប៉ាន់ប្រមាណថា មានវត្ដមានដំរីអាស៊ីជាង ៣០០ ក្បាល រស់នៅក្នុងតំបន់ព្រៃការពារនៃខេត្តមណ្ឌលគិរីផងដែរ។
បើតាមក្រសួងបរិស្ថាន ដំរីអាស៊ី ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទសត្វដែលជិតផុតពូជ នៅលើពិភពលោក។ ប៉ុន្ដែពួកវាកំពុងមានវត្ដមាននៅក្នុងប្រទេសកម្ពុជា។ យោងតាមទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលបានដាក់នៅក្នុងតំបន់ការពារធម្មជាតិនានាបានរកឃើញថា ដំរីអាស៊ីបានរស់នៅជាហ្វូង នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ហើយមានឃើញកូនតូចៗជាច្រើនថែមទៀត។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានឱ្យដឹងថា វត្តមានកូនដំរីតូចៗ ដែលទើបនឹងកើតនៅក្នុងហ្វូងដំរីធំៗគឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្ស និងក្រុមអ្នកបរិស្ថាន ដែលនេះគឺជាប្រសិទ្ធភាពនៃការការពារ និងអភិរក្សព្រៃឈើ ទីជម្រកសត្វដំរីនិងការថែរក្សាបាននូវប្រភេទពូជដំរីអាស៊ី ដែលជិតផុតពូជនៅលើពិភពលោក។
លោកបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត (ខេត្ដមណ្ឌលគិរី) ដែលជាតំបន់ជីវចម្រុះដ៏សម្បូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួនប្រមាណជាង ៧០ ក្បាល។
លោកថ្លែងថា៖ «ដំរីអាស៊ីត្រូវបានចាត់ទុកថា ជាប្រភេទសត្វបង្គោលដ៏សំខាន់ដោយសារសារៈសំខាន់ផ្នែកវប្បធម៌តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពលដែលអាចការពារប្រភេទសត្វផ្សេងទៀត នៅក្នុងដែនជម្រករបស់វា»។
ប៉ុន្តែ ដំរីអាស៊ី កំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វា នៅលើសកលលោកហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហម IUCN។ ការរេចរឹលទីជម្រក បានធ្វើឱ្យដំរីអាស៊ីរស់នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពលអវិជ្ជមាន ដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទសត្វដ៏សំខាន់នេះ។
បើតាមលោក ភក្ត្រា ផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន ១ ការកាត់បន្ថយការបាត់បង់ទីជម្រក។ ២ អភិរក្ស និងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ។ ៣ ពង្រឹងការអនុវត្តច្បាប់។ ៤ បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម។ ៥ បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស ៦ អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ គឺត្រូវការថវិកាចំនួន ៤០,៥ លានដុល្លារ ដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពផ្សេងៗរួមបញ្ចូលគ្នាបូករួមទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។
យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះចំនួនដំរីអាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០ ភាគរយ ខណៈទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០ ភាគរយ។
ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃក្នុងនោះប្រហែល ៧៥ ភាគរយរស់នៅក្នុងប្រទេសឥណ្ឌា និងស្រីលង្កា៕