ភ្នំពេញៈ លោក ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ទៅកាន់​សន្និបាត​ប្រចាំឆ្នាំ​នៃ​អន្តរសភា-អាស៊ាន (AIPA) ​ដោយ បាន​ជំរុញ​ឱ្យ​អង្គការ​នីតិប្បញ្ញត្តិ​ក្នុង​តំបន់​មួយ​នេះ កសាង​សមត្ថភាព ឌីជីថល និង​ការលើក​កម្ពស់​នៃ​ការយល់ដឹង​អំពី​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ការពង្រឹង ការគ្រប់គ្រង​សន្តិសុខ​ក្នុង​តំបន់​។

នៅក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៤២ អន្តរសភា-អាស៊ាន តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​ ២៣ ខែសីហា ដែល​សភា​ប្រទេស​ប្រ៊ុយណេ​ដារូស្សាឡឹម​ធ្វើជា​ម្ចាស់ផ្ទះ​នោះ លោក ហេង សំរិន ថ្លែងថា នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ បច្ចេកវិទ្យា​ឌីជីថល​ត្រូវបាន​គេ​មើលឃើញ​ថា កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​សម្ទុះ​នៃ​កំណើនសេដ្ឋកិច្ច​ឡើងវិញ​នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ក៏ដូចជា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ថ្មី ប្រកប​ដោយ​ចីរភាព និង​ភាពធន់​ជាង​មុន​ទៅនឹង​វិបត្តិ​ផ្សេងៗ​។

លោក ហេង សំរិន ថ្លែង​ទៀតថា ក្នុង​ការឈានឆ្ពោះ​ទៅរក​ឌីជីថល​តូបនីយកម្ម រមែង​ត្រូវ​ប្រឈម​ទៅនឹង​បច្ច័យ​អវិជ្ជមាន​មួយចំនួន​ដូចជា គម្លាត​នៃ​ការអភិវឌ្ឍ​ឌីជីថល អក្ខរកម្ម​ឌីជីថល និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ជា​បញ្ហា​ប្រឈម​ដ៏ធំ​មួយ​របស់​សកលលោក​ទាំង​មូល ជាពិសេស​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​មាន​ធនធាន និង​សមត្ថភាព​នៅ​មាន​កម្រិត​។

លោក ហេង សំរិន ​ថ្លែងថា​៖ «​យើង​ត្រូវមាន​កាតព្វកិច្ច​ក្នុង​ការវិនិយោគ និង​បែក​ចែក​ធនធាន ដើម្បី​លើកកម្ពស់​អក្ខរកម្ម​ឌីជីថល​របស់​ប្រជាជន​យើង​។ ក្នុងន័យនេះ ខ្ញុំ​សូម​ជំរុញ​ធ្វើ​កិច្ចសហប្រតិបត្តិការ សភា​អាស៊ាន ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ឌីជីថល ប្រកបដោយ​បរិយាប័ន្ន និង​សុវត្ថិភាព​ខ្ពស់​តាមរយៈ ប្រតិបត្តិការ​ចែករំលែក​ព័ត៌មាន ​អំពី​សន្តិសុខ​អ៊ីនធឺណិត និង​កសាង​ច្បាប់ ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​វិស័យ​ឯកជន និង​សាធារណៈ​»​។

លោក ហេង សំរិន បាន​ឱ្យដឹង​ទៀតថា ការជំរុញ​ការកសាង​សមត្ថភាព ឌីជីថល និង​ការលើក​កម្ពស់​នៃ​ការយល់ដឹង​អំពី​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ព្រមទាំង​ការពង្រឹង​ការគ្រប់គ្រង​សន្តិសុខ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើម នេះ​ដើម្បី​ទប់ទល់​ទៅនឹង​ពិភពលោក​កំពុង​ប្រឈម​អស្ថិរភាព ខណៈដែល​ការគំរាមកំហែង​ដល់​សន្តិភាព​កំពុង​កើតមានឡើង​ក្នុង​ទម្រង់​ជាច្រើន​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ​។

លោក​ថ្លែងថា​៖ «​ពិភពលោក​ក៏ដូចជា​នៅក្នុង​តំបន់​ត្រូវការ​សន្តិភាព ដែលជា​មូលដ្ឋានគ្រឹះ​ដ៏សំខាន់​ឈានទៅរក​ការអភិវឌ្ឍ​ជឿនលឿន​។ ជាមួយ​គ្នា​នេះ សន្តិភាព និង​ការអភិវឌ្ឍ​ត្រូវតែដើរ​ទន្ទឹមគ្នា ដែល​​ចាំបាច់​ត្រូវតែ​ថែរក្សា សន្តិភាព និង​ត្រូវខិតខំ​ប្រឹងប្រែង​លើកកម្ពស់ ការអភិវឌ្ឍ ឱ្យមាន​ការវិវឌ្ឍ​ជឿនលឿន ជា​លំដាប់​ដើម្បីឱ្យ​ប្រជាជន​រស់ក្នុង​វិបុលភាព និង​វឌ្ឍនភាព​។ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ២៣ ខែសីហា​នេះ​បញ្ជាក់ថា មហាសន្និបាត​អន្តរសភា​អាស៊ាន​ឆ្នាំនេះ ប្រារព្ធ​ធ្វើឡើង​ក្រោម​មូលបទ «​ជំរុញ​កិច្ចសហប្រតិបត្តិការ សភា​លើ​បរិយាប័ន្ន​ឌីជីថល​ឆ្ពោះ​ទៅ​សហគមន៍​អាស៊ាន​ឆ្នាំ​ ២០២៥»​។

អន្តរសភា​អាស៊ាន​ជា​អង្គការ​អន្តរ​សភា តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) ដែលមាន ប្រទេស​ប្រ៊ុយណេ​ដារូស្សាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម ជា​សមាជិក​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បានឱ្យដឹងថា អង្គការ​សភា​មួយ​នេះ ជា​ការប្រមូល​ផ្ដុំ​សំឡេង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាស៊ាន ជា​ដៃគូ​របស់​អាស៊ាន ក្នុង​ការជំរុញ​ឱ្យសម្រេចបាន​នូវ​គោលដៅ​សហគមន៍​អាស៊ាន​តែមួយ​។

មហាសន្និបាត​អន្តរសភា-អាស៊ាន​លើក​ទី​ ៤២ ដែល​ប្រទេស​ប្រ៊ុយណេ​ដារូស្សាឡឹម ធ្វើជា​ម្ចាស់ផ្ទះ​ពេលនេះ​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃទី​ ២៣ ដល់​ថ្ងៃទី​ ២៥ ខែសីហា​នេះ​។

មហាសន្និបាត​អន្តរសភា-អាស៊ាន​ បាន​ប្រារព្ធធ្វើជា​រៀងរាល់​ឆ្នាំ ដោយ​មាន​ប្រទេស​ជា​សមាជិក​តាម​វេន​នៃ​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​ប្រទេស​តាម​អក្សរ​ឡាតាំង​។ សភា​កម្ពុជា​នឹង​ក្លាយជា​ប្រធាន AIPA ​នេះ​លើក​ទី​ ៤៣ នៅ​ឆ្នាំ​ ២០២២ ខាងមុខនេះ​៕