ភ្នំពេញៈ លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា ការសម្រេចចិត្ត​របស់​កម្ពុជា​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដូស​ទី​ ៣ នៅពេលនេះ​គឺជា​ការបោះ​ជំហាន​ទៅមុខ​ ១ ​ជំហាន​ទៀត ក្នុង​ការការពារ​មុនពេល​អ្វីៗ​កើតឡើង ខណៈ​ដែល​ប្រទេស​នេះ​បាន​បង្កើត​នូវ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ក្នុង​ការឆ្លើយតប​បាន​យ៉ាង​ល្អ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​។

នៅក្នុង​ដំណើរ​ចុះ​បេសកកម្ម​ផ្តល់​ថវិកា និង​សម្ភារ​មួយចំនួន​ទៅដល់​មនុស្ស​វ័យ​ ១០០ ​ឆ្នាំ​ឡើង ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជាមួយនឹង​មន្ត្រី​នៃ​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី​ ២២ សីហា ក្នុង​ខេត្តព្រៃវែង លោកស្រី លី អៃឡែន បាន​ថ្លែងថា កម្ពុជា​បាន​បង្កើត​នូវ​យុទ្ធសាស្ត្រ និង​គោលនយោបាយ ក្នុង​ការឆ្លើយតប​បាន​យ៉ាង​ល្អ ដែល​ក្នុងនោះ​បាន​ផ្តោតលើ​គោលនយោបាយ​សំខាន់ៗ ដូចជា​ការដាក់​ចេញ​នូវ​ការអនុវត្ត​វិធានការ​អន្តរាគមន៍​ដ៏មាន​ប្រសិទ្ធភាព​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​មានប្រសាសន៍​​ថា​៖ «​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ ក្នុងប្រទេស​កម្ពុជា មាន​ដំណើរការ​យ៉ាង​ល្អ និង​មាន​ល្បឿន​លឿន ហើយ​ចំណុច​មួយ​ទៀត គឺ​ការថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ជាពិសេស​គឺ​ការជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​មាន​កម្រិត​ធ្ងន់ធ្ងរ គឺធ្វើឡើង​ទាន់ពេល​។ ទាំងនេះ​គឺជា​គោលនយោបាយ​មួយ​ដែល​ល្អ​»​។

លោកស្រី លី អៃឡែន បន្តថា រាល់​ជោគជ័យ​នៃ​យុទ្ធនាការ ឬ​យុទ្ធសាស្ត្រ​ដែល​ដាក់ចេញ អ្វីដែល​សំខាន់​ជាងគេ​គឺ​ការអនុវត្ត​ក្នុង​មូលដ្ឋាន​តែម្តង ដែល​ហៅថា ជា​គន្លឹះ​នៃ​ការឈាន​ទៅ​រក​ភាពជោគជ័យ​នៃ​យុទ្ធសាស្ត្រ​ដែល​បានដាក់​ចេញ​។

លោកស្រី​បាន​ប្រាប់ថា​៖ «​តាមរយៈ​បេសកកម្ម​របស់ខ្ញុំ ខ្ញុំ​បានឃើញ​ដោយផ្ទាល់​នូវ​ការអនុវត្ត​បាន​យ៉ាង​ល្អ​នូវ​យុទ្ធនាការ ដែល​បាន​ដាក់ចេញ ហើយ​ការសម្រេចចិត្ត​របស់​ប្រទេស​កម្ពុជា​នៅពេលនេះ គឺជា​ការដើរ​ទៅមុន ១ ​ជំហាន​នៃ​ការការពារ​មុនពេល​អ្វីៗ​ដែល​កើតឡើង​»​។

តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​រូបនេះ​បាន​បន្ថែមថា ជា​ការពិត​ណាស់​អ្វីៗ​ដែល​ដំណើរការ​ទាំងឡាយ គឺ​កើតឡើង​ចេញពី​ការរៀនសូត្រ ចេញពី​បទពិសោធ​ជាក់ស្តែង​។ ដូចនេះហើយ​សម្រាប់​នៅ​ទូទាំង​ពិភពលោក ក្រុមការងារ​នៅតែ​ប្រមូល​នូវ​ភ័ស្តុតាង​ជាក់ស្តែង​ថា​តើ​នៅពេលណា​ដែល​ត្រូវធ្វើ និង​ត្រូវធ្វើ​ដោយ​របៀប​ម៉េច​នូវ​ការចាក់​វ៉ាក់សាំង​បន្ថែមទៀត​នេះ​។

លោកស្រី​បានលើក​ឡើង​ថា ៖ «​ខ្ញុំ​ក៏​សូម​លើកទឹកចិត្ត​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល ឬ​ប្រទេស​កម្ពុជា​ចូលរួម​ប្រមូល​ភ័ស្តុតាង​ទាំងឡាយ ដែល​យើង​កំពុងតែ​រៀនសូត្រ​មកដល់​ពេលនេះ ដើម្បី​ឈាន​ទៅ​ដល់​ជួយ​ជំរុញ​ឱ្យ​មាន​ភ័ស្តុតាង​លក្ខណៈ​វិទ្យាសាស្ត្រ​បន្ថែមទៀត ដើម្បី​ចាក់​ដូស​ទី​៣ ​នៃ​វ៉ាក់សាំង​នេះ​»​។ យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​គិត​ត្រឹម​យប់​ថ្ងៃទី​ ២២ ខែសីហា អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ឬ​ដូស​ជំរុញ​មាន​ចំនួន​ជាង​ ៤៨ ​ម៉ឺន​នាក់​ហើយ​។

ចំណែក​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស លោកស្រី ឱ វណ្ណឌីន បាន​ប្រាប់​ទៅដល់​អភិបាល​រាជធានី-ខេត្ត​សូមឱ្យ​បង្កើត​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ១ និង​ដូស​ទី​ ២ ជូន​ដល់​ប្រជាពលរដ្ឋ និង​ពលករ​ដែល​នៅ​សេសសល់​មិនទាន់បាន​ចាក់​វ៉ាក់សាំង​នេះ​។

លោកស្រី​បានឱ្យដឹង​នៅ​ថ្ងៃទី​ ២៣ ខែសីហា​ថា រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ ចំនួន​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង ហើយ​បានទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ មិនទាន់​បាន​គ្រប់​តាម​ផែនការ​ដែល​បានគ្រោង​ទុក​ចំនួន​ ១០ ​លាន​នាក់​នៅឡើយ​។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា៖ «​មូលហេតុ​នេះ​តម្រូវ​ឱ្យ​អាជ្ញាធរ​គ្រប់​ថ្នាក់​ត្រូវធ្វើ​ការអំពាវនាវ និង​កៀរគរ​ប្រជាពលរដ្ឋ​ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​១ នៅតាម​មូលដ្ឋាន​ភូមិ ឃុំ-សង្កាត់​របស់ខ្លួន ព្រមទាំង​រៀបចំ​ផែនការ និង​ចលនា​លើកទឹកចិត្ត​ពួកគាត់​ឱ្យ​មក​ទទួល​ការចាក់​វ៉ាក់សាំង ដោយ​ស្ម័គ្រចិត្ត​ឱ្យ​បាន​ទាន់​ពេលវេលា​នៅតាម​ទីតាំង​ដែល​កំពុង​ដំណើរការ​ចាក់​វ៉ាក់សាំង​ក្នុងពេល​បច្ចុប្បន្ននេះ​ឱ្យបាន​គ្រប់ៗ​គ្នា​»​។

នៅមាន​ប្រជាពលរដ្ឋ​មាន​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​មួយចំនួន មិនទាន់​បាន​មកចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ ដោយសារ​មូលហេតុ​ផ្សេងៗ ដូចជា​ពលករ ឬ​ប្រជាពលរដ្ឋ ឬ​និស្សិត​ដែល​បាន​វិលត្រឡប់​មកពី​បរទេស ហើយ​ទើបបាន​បញ្ចប់​ការធ្វើ​ចត្តាឡីស័ក ស្ត្រី​ទើប​សម្រាលកូន​រួច និង​មូលហេតុ​ផ្សេងៗ​ទៀត​។ នេះ​បើតាម​លោកស្រី ឱ វណ្ណឌីន​។

លោកស្រី​លើកឡើង​ថា​៖ «​ដូចនេះ​សូម​អភិបាល​រាជធានី-ខេត្ត​ចាត់ចែង​រៀបចំ​ជាប់​ជាប្រចាំ​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ដែល​ប្រជាពលរដ្ឋ​ងាយស្រួល​ទៅ​ទទួលយក​សេវា​ចាក់​វ៉ាក់សាំង ដូចជា​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​ស្រុក មន្ទីរពេទ្យបង្អែក​រាជធានី-ខេត្ត ឬ​ទីតាំង​មួយចំនួនទៀត​ដែល​អាច​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​អាចមក​ទទួល​ការចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់ៗ​គ្នា​»​។

គិត​ត្រឹម​យប់​ថ្ងៃទី​ ២២ សីហា ប្រជាពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​មាន​ជាង​ ៨,៧ ​លាន​នាក់ ឬ​ស្មើ​ ៨៧,២៦% ​ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់​​ ហើយ​សម្រាប់​ក្រុម​អាយុ​ពី ១២ ​ឆ្នាំ ទៅ​ក្រោម ១៨ ​ឆ្នាំ ចាក់​បាន​ចំនួន​ ៥០,៣៩% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជិត​ ២ ​លាន​នាក់​៕

វីដេអូ៖