ភ្នំពេញៈ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ស៊ីណូហ្វាម​សរុប​ចំនួន​ ៦០ ​ម៉ឺនដូស ត្រូវបាន​ប្រគល់ជូន​កាកបាទ​ក្រហម​កម្ពុជា​ និង​ក្រសួង​ការពារ​ជាតិ​នៅ​ថ្ងៃទី​ ២៣ សីហា ដែល​វ៉ាក់សាំង​ទាំងនេះ​ជា​ជំនួយ​ ២ ​ផ្សេងគ្នា ក្នុង​នោះ​វ៉ាក់សាំង​ ១០ ​ម៉ឺនដូស​របស់​សមាគម​ជាតិ​កាកបាទ​ក្រហម​ចិន និង​វ៉ាក់សាំង ៥០ ​ម៉ឺនដូស​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​តាមរយៈ​កងទ័ព​រំដោះប្រជាជន​ចិន​។

នៅក្នុង​ពិធី​ប្រគល់​ទទួល​វ៉ាក់សាំង​នាអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​ចុះទៅ​ទទួល​ដោយផ្ទាល់​បាន​ថ្លែងថា ក្នុង​បរិការណ៍​បច្ចុប្បន្ន​ជំនួយ​មនុស្សធម៌​នេះ គឺជា​ទង្វើ​ដ៏ថ្លៃថ្លា​ដែល​មិនអាច​កាត់ថ្លៃ​បាន និង​បង្ហាញ​អំពី​ទឹកចិត្ត​ឈឺឆ្អាល ប្រកប​ដោយ​មនសិការ​ក្នុង​ការជួយ​គ្នា​ក្នុង​គ្រា​លំបាក​នេះ​ ខណៈ​ដែល​វ៉ាក់សាំង​បាន​ក្លាយជា​ទំនិញ​យុទ្ធសាស្ត្រ​សំខាន់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​នៅ​ទូទាំង​ពិភពលោក​។

លោកស្រី​បាន​មានប្រសាសន៍​ថា​៖ «​កាយវិការ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាព​កាន់តែ​ស្អិតល្មួត និង​ឥត​ប្រួលប្រែ​ជា​យូរអង្វែង​រវាង​ប្រទេស​ទាំង​ ២ ជាពិសេស​កិច្ចសហប្រតិបត្តិការ​រវាង​កាកបាទ​ក្រហម​កម្ពុជា និង​សមាគម​ជាតិ កាកបាទក្រហម​ចិន​»​។

លោកស្រី ប៊ុន រ៉ានី បន្ត​ថា ក្នុងស្ថានភាព​បច្ចុប្បន្ន ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ទាមទារ​ឱ្យមាន​ការចូលរួម និង​សហការ​យ៉ាង​ស្អិតល្មួត​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ លោកស្រី​សង្កត់ធ្ងន់​ថា​៖ «​ក្នុងន័យនេះ កាកបាទ​ក្រហម​កម្ពុជា​ប្តេជ្ញា​បន្ត​ខិតខំ​ចូលរួម និង​សហការ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​ខ្លាំងក្លា​មួយកម្រិត​ទៀត​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ការចូលរួម​ចំណែក​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​តាម​សហគមន៍​ឱ្យ​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល ដើម្បី​សុខភាព​ល្អ​របស់​គ្រួសារ​មួយ សហគមន៍​មួយ និង​សង្គមជាតិ​ទាំងមូល​»​។

ជាមួយ​គ្នា​នេះដែរ វ៉ាក់សាំង​​កូវីដ​ ១៩ ​ស៊ីណូហ្វាម​ចំនួន​ ៥០ ​ម៉ឺនដូស​ ដែល​ជា​ជំនួយ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន​ជំហាន​ទី៣ ​ជូន​ដល់​កងទ័ព​កម្ពុជា ដែល​ត្រូវបាន​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក វ៉ាង វិនធាន ផ្តល់ជូន​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។

លោក វ៉ាង វិនធាន បាន​មានប្រសាសន៍​ថា៖ «​ដរាបណា​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា មិនទាន់​បានបញ្ចប់ នោះ​ការផ្តល់​ជំនួយ​របស់​ចិន​មក​ដល់​ប្រទេស​កម្ពុជា ក៏​មិនអាច​ទាន់​បញ្ឈប់​បានដែរ​។ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ និង​កងទ័ព​ចិន​ក៏​បាន​បង្កើន​នូវ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង និង​សម្ភារ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ដើម្បី​ជួយ​សម្រួល​ដល់​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ជាមួយនឹង​ជំងឺ​នេះ​ឱ្យ​អស់ពី​លទ្ធភាព​»​។

គិត​មកដល់ពេលនេះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្តល់​វ៉ាក់សាំង​កូវីដ​ ១៩ ​បាន​ចំនួន ២២,២ ​លានដូស​ដល់​កម្ពុជា ក្នុង​នោះ​វ៉ាក់សាំង​ជា​ជំនួយ​មាន​ចំនួន​ ៣,៧ ​លាន​ដូស ហើយ​ក្រៅពីនេះ​គឺ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​។

នាឱកាស​នោះដែរ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ថ្លែងថា បច្ចុប្បន្ននេះ កម្ពុជា​ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​បាននិង​កំពុង​ផ្តោត​ការយកចិត្ត​ទុកដាក់​ជាសំខាន់​លើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ដែលជា​ដំណោះស្រាយ​ដ៏សមស្រប​បំផុត​ក្នុង​ការប្រយុទ្ធ និង​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ រួមទាំង​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា (Delta)​។

លោក​ថា​៖ «​ជា​ការពិត​ការទទួល​វ៉ាក់សាំង​ដំណាក់កាល​ទី​ ៣ ចំនួន​ ៥០ ​ម៉ឺនដូស​ដែលជា​អំណោយ​របស់​រដ្ឋាភិបាល​ចិន តាមរយៈ​ក្រសួង​ការពារ​ប្រទេស​ចិន ផ្តល់ជូន​ក្រសួងការពារជាតិ​នា​ថ្ងៃនេះ ពិតជា​រួមចំណែក​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ការទប់ស្កាត់ និង​កាត់ផ្តាច់​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ប្រភេទ​ថ្មី ដែលតា ​នៅក្នុង​សហគមន៍​នៅ​កម្ពុជា​​យ៉ាង​ស័ក្តិសិទិ្ធ​»៕