ត្បូងឃ្មុំៈ មន្ត្រីនគរបាល​ ២ ​នាក់​ ត្រូវ​បាន​ផ្ទេរ​ការងារ​ពី​អធិការដ្ឋាន​ស្រុក​អូររាំងឪ កាលពី​ថ្ងៃទី​ ២១ ខែសីហា ក្រោយពី​មាន​វិវាទ​សូកប៉ាន់​លុយកាក់​ជា​ថ្នូរ ជាមួយ​ការមិន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ​តាម​ពេលវេលា​នៃ​ម៉ោង​ការងារ​របស់​កងកម្លាំង​នគរបាលជាតិ​។

លោក ម៉ុន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​ក្រោយពី​មាន​ផ្ទុះ​បាតុភាព​នោះ​កើតឡើង យើង​បានសម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី និង​ថ្នាក់ដឹកនាំ​មន្ត្រី​អង្គភាព​អធិការ​ស្រុក​អូររាំងឪ​នោះ​មក​បម្រើ​ការងារ​ជា​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើការ​ពិចារណា​លើ​កំហុស​របស់ខ្លួន​។ ករណីនេះ​យើង​បាន​ដោះស្រាយ​ហើយដោយ​ផ្ទេរ​ភារកិច្ច​មន្ត្រី​ទាំង​ ២ ​មក​បម្រើ​ការងារ​ជា​បណ្ដោះអាសន្ន​នៅ​ស្នងការដ្ឋាន ដើម្បី​រង់ចាំ​ការស្រាវជ្រាវ​បន្ថែម​»​។

លោក រ៉ុង ម៉ារឌី មន្ត្រី​ផ្នែក​សេនាធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូររាំងឪ បាន​ថ្លែងឱ្យដឹងថា ជា​ថ្នូរ​ជាមួយ​ការមិន​ទៅ​បំពេញ​ការងារ​ពេញ​ម៉ោង លោក​ត្រូវ​ចំណាយ​ថវិកា​ ៧០ ​ម៉ឺន​រៀល​ក្នុង​ ១ ​ខែ បង់​ទៅឱ្យ​ថ្នាក់ដឹកនាំ​នៃ​អធិការដ្ឋាន ស្រុក​អូររាំងឪ​។

លោក ម៉ារឌី បាន​បញ្ជាក់ថា​៖ «​ជា​ថ្នូរ​ក្នុង​ការទទួល​បាន​ការអនុញ្ញាត​តាម​ការស្នើ​របស់ខ្ញុំ ថ្នាក់ដឹកនាំ​អង្គភាព​បាន​តម្រូវឱ្យ​ខ្ញុំ​បង់លុយ​ចូល​ជួយ​អង្គភាព​ក្នុង​ ១ ​ខែ​ ៧០ ​ម៉ឺន​រៀល​ជា​ថ្នូរ​ជាមួយ​ពេលវេលា​ពាក់កណ្ដាល​ថ្ងៃ​ដើម្បី​រត់​តាក់ស៊ី​ដើម្បី​ដោះបំណុល​»​។

លោក​បាន​ឱ្យដឹង​ទៀត​ថា​៖ «​នៅពេល​ខ្ញុំ​រកលុយ​បង់​ចូល​ជួយ​អង្គភាព​មិន​គ្រប់​តាម​ចំនួន ៧០ ​ម៉ឺនរៀល ស្រាប់តែ​ថ្នាក់ដឹកនាំ​អង្គភាព គឺ​លោក លឿង រដ្ឋា អធិការនគរបាល​ស្រុក​អូររាំងឪ​ធ្វើ​របាយការណ៍​ទៅ​ស្នងការ​ចោទ​ខ្ញុំ​ថា​លួច​ម៉ោង​ការងារ​ទៅ​រត់​តាក់ស៊ី ល្មើសបទបញ្ជា​របស់​កងកម្លាំង​នគរបាលជាតិ​»​។

លោក លឿង រដ្ឋា អធិការនគរបាល​ស្រុក​អូររាំងឪ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មន្ត្រី​នគរបាល​ឈ្មោះ រ៉ុង ម៉ារឌី គឺជា​មន្ត្រី​អសកម្ម​ការងារ និង​បាន​លួច​ម៉ោង​ការងាររដ្ឋបាល​របស់​អង្គភាព​ទៅ​រត់​តាក់ស៊ី ល្មើ​សនឹង​បទបញ្ជា​ផ្ទៃក្នុង​របស់​កងកម្លាំង​នគរបាលជាតិ​ពិតមែន​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនដឹងថា គាត់​មាន​កិច្ចព្រមព្រៀង​ ឬ​ការយោគយល់​ពី​ថ្នាក់ដឹកនាំ​អង្គភាព កាលពី​ពេលណា​នោះទេ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​មក​គ្រប់គ្រង នៅទីនេះ​ប្រមាណ​ជា​ ៥ ​ខែ​មកនេះ ខ្ញុំ​ឃើញ​គាត់​មិន​មក​ធ្វើ​ការងារ​នៅពេល​ព្រឹក​នោះទេ​។ ខ្ញុំ​បាន​ណែនាំ​គាត់​ជាច្រើន​លើក​មកហើយ មុនពេល​ខ្ញុំ​សម្រេចចិត្ត ធ្វើ​របាយការណ៍​អំពី​ករណី​របស់គាត់​ទៅ​ស្នងការ ដើម្បី​មាន​ចំណាត់ការ​ដាក់ពិន័យ​តាមច្បាប់​រដ្ឋបាល​»​។

លោកថា​៖ «​ខ្ញុំ​មិនដែល​ទទួល​លុយ​ពី​គាត់ ឬ​ពី​មន្ត្រី​ណា​ផ្សេងទៀត សូម្បីតែ​ ១០០ ​រៀល​នោះទេ​។ ប៉ុន្តែ​គាត់​ប្រគល់​លុយ​នោះ​ឱ្យ​មន្ត្រី​ណា​យក​មក​ដោះស្រាយ​ភាពខ្វះខាត​នៅក្នុង​អង្គភាព​នោះ គឺ​ខ្ញុំ​មិនដឹង​ទេ​»៕

វីដេអូ៖