បាត់ដំបងៈ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កំរៀង កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់​ម្នាក់ បន្ទាប់ពី​ឃាត់ខ្លួន​ពលរដ្ឋ​ ៣៨ ​នាក់ ខណៈ​ពួកគេ​ប៉ុនប៉ង​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​តាម​មេខ្យល់​កាលពី​យប់​ថ្ងៃទី​ ២១ សីហា នៅ​ចំណុច​ស្ពាន​អូរចម្លង ស្ថិតក្នុង​ភូមិ​អូរចម្លង ឃុំ​តាសែន ស្រុក​កំរៀង​។

លោក​ ង៉ែត វណ្ណា អធិការរង​នគរបាល​ស្រុក​កំរៀង​ថ្លែង​នៅ​ថ្ងៃទី​ ២៣ ខែសីហា​ថា សមត្ថកិច្ច​នគរបាល​ស្រុក​កំរៀង​កំពុង​ស្រាវជ្រាវ​តាម​នីតិវិធី ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ជា​មេខ្យល់​ម្នាក់​ដែល​ប្រមូល​ពលរដ្ឋ​បម្រុង​នាំ​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​។ ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​ ៨១៩ ​ឃាត់​ពលរដ្ឋ​បាន​ ៣៨ ​នាក់​នៅ​យប់​ថ្ងៃទី​ ២១ សីហា នៅ​ចំណុច​ស្ពាន​អូរចម្លង ស្ថិតក្នុង​ភូមិ​អូរចម្លង ឃុំ​តាសែន ស្រុក​កំរៀង ហើយ​នៅពេលនោះ មេខ្យល់​រត់គេចខ្លួន​បាត់​។

លោក​បន្តថា នៅ​ថ្ងៃទី​ ២២ ​សីហា នៅ​ម៉ោងជាង​ ១១ ​ព្រឹក​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំរៀង បាន​ទទួល​ពលរដ្ឋ​ចំនួន ៣៨ ​នាក់ ស្រី ចំនួន​ ១៥ ​នាក់ អនីតិជន​ចំនួន​ ១៣ នាក់ ស្រី​ចំនួន ៥ ​នាក់​ពី​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៩ យកមក​សួរចម្លើយ​។

បើតាម​លោក ង៉ែត វណ្ណា ពលរដ្ឋ​ទាំងអស់​នោះបាន​ឆ្លើយថា ពួកគេ​មកពី​ខេត្ត​ផ្សេងៗ​គ្នា​មាន​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ​ជាដើម ដោយ​មេខ្យល់​ប្រើ​ទូរស័ព្ទ​ទាក់ទង ដើម្បី​នាំ​លួច​ឆ្លងដែន​ចេញទៅ​ប្រទេស​ថៃ​យក​ថ្លៃឈ្នួល​ក្នុង​​ម្នាក់​ ៥ ៥០០ ​បាត ដោយ​ជូន​ដល់​កន្លែង​ធ្វើការ​ទើប​យកប្រាក់​។

លោក​ថ្លែងថា​៖ «​ពេល​ពួកគាត់​មកដល់​ស្រុក​កំរៀង មាន​ម៉ូតូឌុប​មក​ឌុប​ទៅ​ដាក់​នៅក្នុង​ចម្ការ​ដំឡូងមី ក្នុងភូមិ​អូរ​ចម្លង ឃុំ​តាសែន ស្រុក​កំរៀង មិនយក​ថ្លៃ​។ រហូតដល់​ម៉ោង​ ៨ ​យប់ មេខ្យល់​បាន​នាំ​ពួកគាត់​ដើរ​ឆ្លង​អូរ​ព្រំដែន​​កម្ពុជា​- ថៃ បាន​ប្រមាណ ៥០០ ​ម៉ែត្រ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ចំណែក​មេខ្យល់​ពាក់មួក​ពាក់​ម៉ាស់​ឃ្លុំ​មុខ​ជិត​ពលរដ្ឋ​អត់​ស្គាល់​ទេ​»​។

លោក វណ្ណា បញ្ជាក់ថា ប្រជាពលរដ្ឋ​ទាំងអស់​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ស្ថិតក្នុង​ចំណាត់ថ្នាក់​ជា​ជនរងគ្រោះ ហេតុនេះ​ក្រោយ​ធ្វើការ​សាកសួរ សមត្ថកិច្ច​បានធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឱ្យ​ត្រឡប់​ទៅ​លំនៅឋាន​រៀងៗ​ខ្លួន​វិញ​៕