ភ្នំពេញៈ ក្រសួងមហាផ្ទៃ​ចេញ​ផ្សាយ​សៀវភៅ​កម្រង​ទិន្នន័យ​ឈ្មោះ និង​ចំនួន​រាជធានី​ខេត្ត-ក្រុង-ស្រុក-ខណ្ឌ-ឃុំ-សង្កាត់​ និង​ភូមិ​ទូទាំងប្រទេស​សម្រាប់​ឆ្នាំ​ ២០២១ ដើម្បី​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី ដែល​មាន​ការប្រែប្រួល​ជាប្រចាំ ស្រប​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​។

សៀវភៅ​កម្រង​ទិន្នន័យ​ឈ្មោះ និង​ចំនួន​រាជធានី​ខេត្ត-ក្រុង-ស្រុក-ខណ្ឌ-ឃុំ-សង្កាត់ និង​ភូមិ ដែលមាន​កម្រាស់​ជាង ៣០០ ​ទំព័រ ​ត្រូវ​បាន​ចេញផ្សាយ​ពី​ពេល​ថ្មីៗ​នេះ​ឱ្យ​ដឹងថា បច្ចុប្បន្ន កម្ពុជា​មាន​រាជធានី​ចំនួន​ ១ ខេត្ត​ ២៤ ក្រុង​ ២៧ ស្រុក​ ១៦២ ខណ្ឌ​ ១៤ ឃុំ​ ១ ៤០៥ សង្កាត់​ ២៤១ និង​ភូមិ​ចំនួន ​១ ៤៤០៥​។

សៀវភៅ​នេះ​ក៏​បាន​រៀបរាប់​ឈ្មោះ​របស់​ភូមិ​ឃុំ សង្កាត់ ស្រុក​នីមួយៗ​ទាំង​ ២៤ រាជធានី-ខេត្ត​ ដោយ​ផ្អែកលើ​មូលដ្ឋាន​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត ការបំបែក ការលុបចោល និង​ការកែសម្រួល​ព្រំប្រទល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នីមួយៗ ចាប់តាំងពី​មុន​រហូត​មកដល់​បច្ចុប្បន្ន​។

សៀវភៅ​នេះ​បន្ថែមថា​៖ «​ទន្ទឹមនេះ ការគ្រប់គ្រង​រដ្ឋបាល​ដែនដី​តែងតែ​មាន​ការប្រែប្រួល​ជាប្រចាំ ស្រប​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ការអភិវឌ្ឍ​រីកចម្រើន​សេដ្ឋកិច្ចសង្គម​របស់​ប្រទេសជាតិ​»​។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​លើកឡើង​ក្នុង​សៀវភៅ​នេះ​ថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ១៩៩៣ ដើម្បី​រៀបចំ​ឡើងវិញ​នូវ​រដ្ឋបាល​ដែនដី​មាន​គោលដៅ​រៀបចំ​នូវ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​ឱ្យបាន​ជាក់លាក់​រវាង​តំបន់​ទីក្រុង ទីប្រជុំជន និង​តំបន់​ជនបទ ដែល​បាន​អនុវត្ត​រហូតមកដល់​បច្ចុប្បន្ន​។

លោក​បន្តថា ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​ ២០០២ និង​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ឆ្នាំ​ ២០០៩ ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បាន​រៀបចំ​ឡើងវិញ​ជា​ជំហានៗ​តាម​ប្រព័ន្ធគ្រប់គ្រង​បែប​វិមជ្ឈការ និង​វិសហមជ្ឈការ​។

បន្ថែម​ពីនេះ​លោក​ថា ការរៀបចំ​ឡើងវិញ​ជា​ជំហានៗ​នេះ​ក៏​ស្របតាម​ការរីកចម្រើន និង​ការអភិវឌ្ឍ​របស់​សង្គមជាតិ​ដោយ​ផ្អែកលើ​កត្តា​ភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពល និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផងដែរ​។

លោក បញ្ជាក់ថា​៖ «​សៀវភៅ​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី និង​ជា​ឯកសារ​ផ្លូវការ​ដ៏មាន​សារៈសំខាន់​សម្រាប់​មន្ត្រីរាជការ វិនិយោគិន សិស្ស និស្សិត ដៃគូ​អភិវឌ្ឍន៍ និង​អ្នក​ពាក់ព័ន្ធ​នានា ដើម្បី​យកទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការសិក្សា​ឈ្វេងយល់ ស្រាវជ្រាវ និង​វិភាគ​ផ្នែក​សេដ្ឋកិច្ចសង្គម ជាពិសេស​រួមចំណែក លើកកម្ពស់​ចំណេះដឹង​ដល់​សាធារណជន និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​»​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លើកឡើង​ថា ព័ត៌មាន​ដែលមាន​បច្ចុប្បន្នភាព​គឺ​មាន​សារៈសំខាន់​ណាស់ សម្រាប់​បម្រើឱ្យ​វិស័យ​នានា ជាពិសេស​គឺ​ផ្នែក​រដ្ឋបាល​សាធារណៈ​។

ប៉ុន្តែ​លោក​ថា វា​នឹងមាន​ផលប៉ះពាល់​ ឬ​គុណវិបត្តិ​វិញ​បើ​ការធ្វើ​បច្ចុប្បន្នភាព​នូវ​ឯកសារ​ទាំងនេះ មិនមាន​ផែនការ​ច្បាស់លាស់​។ «​ការបង្កើត​ភូមិ ឃុំ ថ្មី គួរតែ​ពិនិត្យ​យោងទៅលើ​លក្ខណៈ​បច្ចេកទេស​រដ្ឋបាល និង​តម្រូវការ​ប្រជាពលរដ្ឋ​ជាក់ស្តែង​ជា​ជាង​ការបង្កើត​ថ្មី ដោយ​ផ្អែកលើ​និន្នាការ​នយោបាយ ព្រោះ​នៅ​ស្រុក​ខ្មែរ បើកាលណា​បង្កើត​ច្រើន​សម្បូរ​តែ​អ្នកគ្រប់គ្រង មិនសូវ​សម្បូរ​អ្នកផ្តល់​សេវា​ពិតប្រាកដ​ឱ្យ​ពលរដ្ឋ​។ កាលណា​យើង​បង្កើត​តំបន់​ថ្មីៗ​ច្រើន ប៉ុន្តែ​សកម្មភាព​នៃ​ការផ្តល់​សេវា​នៅ​ដដែល​នឹងធ្វើ​ឱ្យ​ខ្ជះខ្ចាយ​ថវិការដ្ឋ​»៕