ភ្នំពេញៈ ក្រសួង​បរិស្ថាន​តាមរយៈ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ បានផ្តល់​ពូជ​ពពែ​ចំនួន​ ១០ ​ក្បាល ដល់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ កងមាស ស្ថិតក្នុង​ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ដើម្បី​ចូលរួម​លើកកម្ពស់​ជីវភាព​ប្រជាសហគមន៍​មូលដ្ឋាន​តាមរយៈ​ការបង្កើន​មុខរបរ ចិញ្ចឹមសត្វ​ថ្មី ដោយ​ចៀសវាង​ការចូលព្រៃ​កាប់​ឈើ និង​បរបាញ់​សត្វព្រៃ​។

ចាប់តាំងពី​ឆ្នាំ​ ២០២០ រហូតដល់​ពេលនេះ ក្រសួងបរិស្ថាន​បាន​ផ្តល់​ប្រភេទ​សត្វ​ចិញ្ចឹម​ជាង​ ១ ០០០ ​ក្បាល​​ ហើយ​ដល់​សហគមន៍​មូលដ្ឋាន​មួយចំនួន​នៅ​ទូទាំងប្រទេស សម្រាប់​ចិញ្ចឹម ដើម្បី​ពង្រឹង​ជីវភាព​ស្នូល និង​ចូលរួម​ការពារ​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​។

លោក​ តុប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ មិនអាច​សុំ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​ ២៣ ខែសីហា នេះ​។ ប៉ុន្តែ លោក​ ឡង គីសឹង អតីត​អភិបាលស្រុក​សណ្តាន់ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា គម្រោង​ផ្តល់​ពូជ​ពពែ​ដល់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កងមាស​នេះ​ជា​គម្រោង​ចាស់​របស់លោក ក្រោម​ការសម្របសម្រួល​ពី​មន្ទីរ​បរិស្ថាន​ខេត្ត សម្រាប់​ផ្តល់​ដល់​សហគមន៍​ក្នុងការ​បង្កាត់​ពូជ ផ្តល់​ដល់​ប្រជាសហគមន៍​ផ្សេងទៀត​។

លោក​ ឡង គីមសឹង ដែល​ទើបតែ​ផ្ទេរ​ពី​អភិបាលស្រុក​សណ្តាន់​ទៅកាន់​ស្រុក​សន្ទុក កាលពី​ថ្ងៃទី​ ១៨ សីហា បញ្ជាក់ថា នៅក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កងមាស​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាច្រើន​គ្រួសារ ហើយ​ការផ្តល់​ពូជពពែ​នេះ ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន​ ដើម្បី​បញ្ចៀស​ការចូលទៅ​កាប់​ឈើ និង​បរបាញ់​សត្វព្រៃ​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២៣ ខែសីហា ថា ការផ្តល់​ប្រភេទ​ពូជ​សត្វ ដែល​មាន​សត្វ​ពពែ​នេះ​ដល់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ គឺជា​ជម្រើស​ថ្មី​ទៅឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគន៍ និង​សហគមន៍​ការពារ​ធម្មជាតិ ដើម្បី​ផ្លាស់ប្តូរ​មុខរបរ​ពី​ការបរបាញ់​សត្វ និង​កាប់​ឈើ​ក្នុង​តំបន់​ការពារ​។

កិច្ចការ​ដែល​ក្រសួង​ផ្តល់​ពូជ​សត្វ​នេះ គឺ​នៅ​តំបន់​ការពារ​ធម្មជាតិ និង​នៅក្បែរ​តំបន់​ការពារ​ធម្មជាតិ​។ ព្រោះថា សហគមន៍​ការពារ​ធម្មជាតិ​ដើរតួនាទី​យ៉ាងសំខាន់ និង​ជា​របង​ការពារ​ធនធាន​ធម្មជាតិ និង​ជា​របង​ចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ដោយសារតែ​ពួកគាត់​មួយចំនួន​បាន​ប្រកាន់​មុខរបរ​ចូល​ព្រៃ​កាប់​ឈើ និង​បរបាញ់​សត្វ​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង ដើម្បីឱ្យ​ពួកគាត់​ងាក​ចេញពី​មុខរបរ​ចាស់ យើង​ត្រូវបង្កើត​មុខរបរ​ថ្មី ហើយ​ការផ្តល់​ប្រភេទ​ពូជ​សត្វ​នេះ គឺជា​ការបង្កើត​មុខរបរ​ថ្មី​ដល់​ពួកគាត់​។ បង្កើត​ចំណូល ក្រៅ​អំពី​ការផ្សារភ្ជាប់​ការអភិរក្ស និង​ការអភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ​ដើម្បី​បង្កើន​ចំណូល​»​។

បើតាម​លោក​ នេត្រ ភក្ត្រា សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​ ១៦៨ ​សហគមន៍ និង​មាន​សហគមន៍​ថ្មីៗ​ជាច្រើន​ផ្សេងទៀត ដែល​នឹងត្រូវ​បង្កើត​ថែមទៀត​អាច​នឹង​ឡើងដល់​ ១៧០ ​ជាង​សហគមន៍​នៅ​ទូទាំងប្រទេស​។ ប៉ុន្តែ ក្រសួង​ផ្តល់​ប្រភេទ​ពូជ​សត្វ​ចិញ្ចឹម​នេះ​ដល់​សហគមន៍​ណា​ដែល​បានផ្តល់​កិច្ចសហការ​ល្អ និង​ចូលរួម​សកម្ម​ជាមួយ​ក្រសួងបរិស្ថាន​។

ក្នុង​ឆ្នាំ​ ២០២០ រហូតដល់​ពេលនេះ ក្រសួង​បរិស្ថាន​បានផ្តល់​ប្រភេទ​សត្វចិញ្ចឹម​ចំនួន​ប្រមាណ​ ១ ០០០ ​ក្បាល រួម​មានពូជ​ក្របី​ ២១៦ ​ក្បាល សត្វ​គោខ្មែរ​ចំនួន ១៥៣ ​ក្បាល​។ គោ​ពូជ​កាត់​ចំនួន​ ៦១ ​ក្បាល គោបា​ចំនួន​ ៦ ​ក្បាល ចៀម ២៤៧ ​ក្បាល ពពែ ២៦៧ ​ក្បាល និង​ពូជ​ជ្រូក​ឦសាន ចំនួន​ ៥០ ​ក្បាល ជូន​ដល់​សហគមន៍​មូលដ្ឋាន ប្រជាពលរដ្ឋ និង​កងទ័ព សម្រាប់​ចិញ្ចឹម ដើម្បី​ពង្រឹង​ជីវភាព​ស្នូល​ក្នុង​រាជធានី-ខេត្ត​ចំនួន ៩ ​នៃ​ប្រទេស​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​របស់​លោក​ ភក្ត្រា​។

ក្រសួង​បរិស្ថាន​កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ​ ២០១៩ បានប្រកាស​ដាក់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​កងមាស​នេះ ជា​តំបន់​ការពារ និង​អភិរក្ស​ក្នុង​គោលបំណង បង្កើន​ការចូលរួម​គ្រប់គ្រង​ប្រើប្រាស់​ធនធាន​ធម្មជាតិ ប្រកបដោយ​ចីរភាព និង​រួមចំណែក​លើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​៕