បន្ទាយមានជ័យៈ តុលាការខេត្ត​បន្ទាយមានជ័យ​បង្គាប់​ឱ្យ​សមត្ថកិច្ច​ឃុំខ្លួន​បុរស​ម្នាក់​ក្នុង​ពន្ធនាគារ​នា​ថ្ងៃទី​ ២២ សីហា ពាក់ព័ន្ធ​នឹង​ការរំលោភ​សេពសន្ថវៈ​កូនស្រី​បង្កើត ដែល​ប្រព្រឹត្ត​នៅ​នឹង​ផ្ទះ​របស់ខ្លួន​ស្ថិត​នៅ​សង្កាត់-ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ខែកក្កដា ឆ្នាំ​ ២០២១​។

លោកស្រី​ ឌី សុជាតិ ស្នងការរង​ទទួល​ផែន​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តបន្ទាយមានជ័យ​ឱ្យដឹង នៅ​ថ្ងៃទី​ ២៣ សីហា ថា បុរស​ឈ្មោះ​ ឈុន រី អាយុ​ ៣៨ ​ឆ្នាំ​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច​លោកស្រី​នាំទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ហើយ​នៅ​ថ្ងៃទី​ ២២ សីហា​។

លោកស្រី​ថ្លែងថា​៖ «​លោក​ចៅក្រម​ស៊ើបសួរ ស៊ឺម ពិចិត្រ គឺ​លោក​ជា​អ្នកសម្រេច​ចេញ​ដីកា​ឃុំ​។ ជន​ម្នាក់នេះ​ត្រូវ​ចោទ​បទរំលោភ​សេពសន្ថវៈ​តាម​មាត្រា​ ២៣៩ ​នៃ​ក្រមព្រហ្មទណ្ឌ​»​។

បើតាម​មាត្រា​ ២៣៩ ​នៃ​ក្រមព្រហ្មទណ្ឌ​នេះ ជន​ត្រូវ​ចោទ​ត្រូវ​ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ៥ ទៅ ១០ ​ឆ្នាំ​។ លោក ​ព្រំ វិចិត្រ អធិការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​ប៉ោយប៉ែត​ប្រាប់​នៅ​ថ្ងៃទី​ ២៣ សីហា ថា ក្មេងស្រី​រងគ្រោះ​ជា​កូនបង្កើត ឈ្មោះ រ.ថ. អាយុ​ ១៤ ​ឆ្នាំ​រស់នៅ​សង្កាត់-ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

លោក​អធិការរង​ប្រាប់​តាម​សម្តី​ក្មេងស្រី​រងគ្រោះ​ថា ឪពុក​របស់​នាង​បាន​ប្រព្រឹត្ត​លើ​រូបកាយ​នាង​តាំងពី​យប់​ថ្ងៃទី​ ២៣ កក្កដា​ឆ្នាំ​ ២០២១ ​មកម្ល៉េះ​។ នៅ​ព្រឹក​ថ្ងៃទី​ ២៣ កក្កដា ម្តាយ និង​យាយ​របស់​នាង​បាន​ទៅលេង​ផ្ទះ​សាច់ញាតិ​នៅ​ភូមិ​ផ្សេង ហើយ​ពួកគាត់​បាន​សម្រាក​នៅផ្ទះ​សាច់ញាតិ​នោះ​ ១ ​យប់​។ លុះ​នៅ​យប់​ថ្ងៃ​ដដែល​ក្មេងស្រី​រងគ្រោះ និង​ឪពុក​របស់​នាង​នៅផ្ទះ​តែ​ ២ ​នាក់​ទេ ហើយ​នៅវេលា​ម៉ោងជាង​ ៩ ​យប់​ស្រាប់តែ​ជនល្មើស​ជា​ឪពុក​បង្កើត​ចាប់​នាង​រំលោភ​បាន​សម្រេច ខណៈ​នាង​កំពុងតែ​ដេក​នៅលើ​គ្រែ​ខាងមុខផ្ទះ​តែម្នាក់ឯង​។

បើតាម​លោក​អធិការរង មុន​នឹង​ជនសង្ស័យ​ចាប់​ក្មេងស្រី​រងគ្រោះ​រំលោភ គឺ​ជនសង្ស័យ​បាន​យកដៃ​ខ្ទប់មាត់​ក្មេងស្រី ហើយ​ប្រាប់​មិនឱ្យ​ស្រែក បើ​ហ៊ាន​តែ​ស្រែកឮ​ដល់​អ្នកជិតខាង គឺ​ជនសង្ស័យ​សម្លាប់ចោល​។ លោក​បន្តថា ជនសង្ស័យ​តែងតែ​ធ្វើ​សកម្មភាព​ចាប់​ក្មេងរងគ្រោះ​រំលោភ​ជា​ហូរហែ​បន្តបន្ទាប់ តាំងពី​ខែកក្កដា ឆ្នាំ​ ២០២១ រហូតមកដល់​ដើមខែ​សីហា ឆ្នាំ​ ២០២១​។ ចំពោះ​សកម្មភាព​រំលោភ​ម្តងៗ​គឺ​ជនសង្ស័យ​តែង​ធ្វើ​នៅ​ពេលយប់​ស្ងាត់​ ឬ​នៅពេល​ថ្ងៃ​គ្មាន​នរណា​នៅផ្ទះ​។

លោក​ វិចិត្រ បញ្ជាក់ថា​៖ «​ក្មេងរងគ្រោះ​ប្រាប់​ខ្ញុំ​ថា នាង​ត្រូវបាន​ឪពុក​ចាប់រំលោភ​បាន​ចំនួន​ ៧ ​ដង​។ យើង​ដឹង និង​ចាប់​ជនសង្ស័យ គឺ​តាម​អ្វីដែល​ក្មេង​បំភ្លឺ​ប្រាប់​»​។

លោក​ឱ្យដឹង​តាម​សម្តី​ម្តាយ​ក្មេងស្រី​បន្តថា នៅ​ថ្ងៃទី​ ២០ សីហា ស្ត្រី​ជា​ម្តាយ​បាន​សង្កេតឃើញ​កូនស្រី​ខ្លួន​មាន​អាកប្បកិរិយា​ខុស​ប្រក្រតី ក៏​ហៅ​កូន​សួរ ហើយ​ក្មេងរងគ្រោះ​បាន​ប្រាប់ថា ឪពុក​បាន​ចាប់​នាង​រំលោភ​។ បន្ទាប់ពី​ឮ​កូន​ស្ត្រី​និយាយ​រៀបរាប់​ប្រាប់​ពី​ដំណើររឿង​អស់ហើយ​ទើប​ស្ត្រី​ជា​ម្តាយ​បាន​ទៅប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ប៉ោយប៉ែត​នៅ​ថ្ងៃទី​ ២០ សីហា ហើយ​សមត្ថកិច្ច​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។

លោក​អធិការរង​បន្តថា ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ​រយៈពេល​ ១៥ ​ឆ្នាំ​ម្តងមកហើយ ពី​បទរំលោភ​លើ​ក្មេងស្រី​ជា​អនីតិជន​ក្រោម​អាយុ​ ១៥ ​ឆ្នាំ​ជា​កូន​អ្នកភូមិ និង​ទើប​ចេញពី​ពន្ធនាគារ​បាន​ប្រហែល​ ១ ​ឆ្នាំ​ប៉ុណ្ណោះ​៕