សៀមរាបៈ អាជ្ញាធរជាតិអប្សរាប្រាប់ឱ្យសាធារណជន និងប្រជាពលរដ្ឋដាក់ពាក្យស្នើសុំ ប្រសិនបើមានបំណង និងមានផ្ទៃដីសម្រាប់ដាំកូនឈើ ខណៈក្នុង ១ ឆ្នាំៗស្ថាប័ននេះបានផ្ដល់កូនឈើជាង ១០ ម៉ឺនដើម ដោយឥតគិតថ្លៃសម្រាប់ដាំ ដើម្បីពង្រីកវិសាលភាពនៃគម្របព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់អង្គរ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ នៅថ្ងៃទី ២៣ ខែសីហាថា ជារៀងរាល់ឆ្នាំអាជ្ញាធរជាតិអប្សរា តែងតែចែកកូនឈើរាប់ម៉ឺនដើម ទៅតាមបណ្ដាសាលារៀន វត្ដអារាម ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋ ដើម្បីយកទៅដាំបន្តនៅតាមតំបន់របស់ពួកគាត់។ កាលពីឆ្នាំ ២០២០ បានចែកកូនឈើជាង ១០ ម៉ឺនដើម ហើយឆ្នាំ ២០២១ នេះតាមផែនការក៏បន្តចែកកូនឈើជាង ១០ ម៉ឺនដើមបន្ថែមទៀតដែរ។
លោកបញ្ជាក់ថា៖ «បន្ថែមពីការចែកកូនឈើ ដល់សាធារណជនក្នុងការដាំអាជ្ញាធរអប្សរាក៏បានដាំកូនឈើដោយខ្លួនឯងរាប់ម៉ឺនដើមដែរ ក្នុងតំបន់អង្គរ។ រាល់ថ្ងៃនេះ ក្រុមការងាររបស់អាជ្ញាធរអប្សរាកំពុងបន្តដាំកូនឈើនៅក្នុងតំបន់អង្គរ និងនៅមុខប្រាសាទអង្គរវត្ដ»។
លោកបន្តថា៖ «គោលបំណងសំខាន់របស់យើងក្នុងការបន្តចែកកូនឈើ ទាំងក្នុងតំបន់អង្គរ និងតំបន់ផ្សេងទៀត គឺដើម្បីពង្រីកវិសាលភាពនៃគម្របព្រៃឈើ នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់អង្គរ។ យើងក៏មានបំណងចង់ឱ្យបងប្អូនប្រជាពលដ្ឋរបស់យើង ងាកមកគិតអំពីការចូលរួមចំណែកក្នុងការដាំកូនឈើដែរ»។
លោក កុសល បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលបានខិតខំណាស់ រួមទាំងស្ថាប័នជំនាញផ្សេងៗចំពោះការដាំកូនឈើឡើងវិញនេះ។ ប៉ុន្ដែអ្វីដែលសំខាន់នោះ គឺចង់ឱ្យមានការចូលរួមដោយផ្ទាល់ពីប្រជាពលរដ្ឋ។ លោកបានថ្លែងថា៖ «ពលរដ្ឋដែលមានដីហើយចង់ដាំកូនឈើ គាត់អាចប្រាប់មកយើង។ យើងសូមឱ្យគាត់ដាក់ពាក្យស្នើសុំមកយើង ដើម្បីយើងអាចដឹងប្រាកដថា គាត់ពិតជាបានយកយកកូនឈើដែលយើងផ្ដល់ឱ្យទៅដាំមែន»។
បើតាមលោក កុសល កន្លងមក អាជ្ញាធរជាតិអប្សរាធ្លាប់ផ្ដល់កូនឈើទៅដល់វត្ដអារាម សាលារៀន ក្រុមហ៊ុនឯកជន បិងប្រជាពលរដ្ឋ ចំនួនរាប់ម៉ឺនដើមរួចហើយ។ ប៉ុន្ដែការផ្ដល់ជូននេះ គឺអាស្រ័យទៅលើទំហំនៃផ្ទៃដី ដែលពលរដ្ឋមានសម្រាប់ការដាំ។
បើតាមអាជ្ញាធរអប្សរា កូនឈើចម្រុះសរុប ៣ ៣៨១ ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយដល់សាធារណជនចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២១ សីហា ឆ្នាំ ២០២១។ កូនឈើដែលបានចែកចាយទាំងនោះរួមមានគគីរ ឈើទាល កកោះ រំដួល ថ្កុល អង្គារបុស្សស្តៅគ្រញូង ធ្នង់ បេង និងក្ងោក និងសំរោង ជាដើម។
សាធារណជន និងប្រជាពលរដ្ឋដែលអាជ្ញាធរអប្សរាផ្ដល់កូនឈើជូននោះរួមមាន ប្រគេនទៅវត្តវេឡុវ័នចំនួន ១ ០០០ ដើម ដើម្បីយកទៅដាំលម្អក្នុងបរិវេណវត្ត ស្ថិតក្នុងភូមិឫស្សីសាញ់ ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ។
ផ្តល់ជូនលោក ជា វិបុត្រ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន ១៣០ ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតក្នុងភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ផ្តល់កូនឈើជូនលោក ស៊ិន សុវណ្ណវិច្ឆិកា ចំនួន ១៥០ ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន សិ្ថតក្នុងភូមិធ្វាស ឃុំត្រីញ័រ ស្រុកពួក។
ក្រៅពីនេះមានការផ្តល់ជូនលោក អ៊ឹមផាន មលីវណ្ណ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន ២០០ ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន សិ្ថតក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ។ ផ្តល់ជូនតំណាងនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាចំនួន ១ ៣១១ ដើម ដើម្បីយកទៅដាំនៅបរិវេណប្រាសាទបាយក្អែកប្រាសាទតាព្រហ្ម ប្រាសាទបេងមាលា និងភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប៕