ភ្នំពេញៈ អង្គការ​សុខភាព​ពិភពលោក​ (WHO) ​ប្រចាំ​កម្ពុជា​បានប្រគល់​នូវ​ជំនួយ​ជា​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងសុខាភិបាល ដើម្បី​ប្រើប្រាស់​ក្នុង​ការឆ្លើយតប​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ដែល​គិត​ជា​ទឹកប្រាក់​​ជាង​ ៣២ ​ម៉ឺន​ដុល្លារ​អាមេរិក​។

ការប្រគល់ និង​ទទួល​នូវ​សម្ភារ​​បរិក្ខារ​វេជ្ជសាស្ត្រ​ទាំងនេះ​ត្រូវបាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​ ២៤ ខែ​​សីហា នៅ​ឃ្លាំង​ឱសថ​កណ្តាល​​នៃ​ក្រសួង​សុខាភិបាល ក្រោម​អធិបតី​របស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ទៀត​។

នាឱកាស​នោះ​លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​បាន​កោត​សរសើរ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​សុខាភិបាល ស្ថាប័ន​ពាក់​ពាក់ព័ន្ធ និង​ប្រជាជន​កម្ពុជា​​ដែល​បាន​ចូលរួម​ទប់ស្កាត់​ការរីករាលដាល​នៃ​វីរុស​កូវីដ​ ១៩ ​ដែល​មកទល់​ពេលនេះ​ការរាលដាល​អាច​គ្រប់គ្រង​បាន​។

លោកស្រី​បាន​ថ្លែងថា៖ «​អង្គការ​សុខភាព​ពិភពលោក​នឹង​នៅតែ​បន្ត​កិច្ចសហការ និង​គាំទ្រ​វិស័យ​សុខាភិបាល​កម្ពុជា មិន​ត្រឹមតែ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​នេះ​ប៉ុណ្ណោះ​ទេ​»​។

ជាមួយ​គ្នា​នោះដែរ លោក ម៉ម ប៊ុនហេង ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​អង្គការ​សុខភាព​ពិភពលោក ទាំង​ការិយាល័យ​នៅ​កម្ពុជា និង​ការិយាល័យ​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ដែល​តែង​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​​ថវិកា និង​បច្ចេកទេស ដល់​វិស័យ​សុខាភិបាល​កម្ពុជា​។

លោក​មាន​ប្រសាសន៍ថា​៖ «​ការជួយឧបត្ថម្ភ​គាំទ្រ​នេះ សរបញ្ជាក់​ពី​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ជាពិសេស​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ ដែល​យើង​បាននិង​កំពុង​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ ដើម្បី​ជំរុញ​វិធានការ​ការពារ ទប់ស្កាត់ និង​ឆ្លើយតប​ការរាតត្បាត​នៃ​កូវីដ​ ១៩ ឱ្យបាន​កាន់តែ​ឆាប់រហ័ស​»​។

ជំនួយ​ជា​ឧបករណ៍​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ​ដែល​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​​ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​​មានដូចជា សម្ភារ ប្រព័ន្ធ​ត្រជាក់ រួមមាន​៖ រថយន្ត​បំពាក់​ប្រព័ន្ធ​ត្រជាក់​ធុន​ធ្ងន់ សម្រាប់​ដឹក​វ៉ាក់សាំង​ចំនួន​ ៣ ​គ្រឿង និង​បរិក្ខារ​បន្ទាប់បន្សំ​,​សម្ភារ​បរិក្ខារ​វេជ្ជសាស្ត្រ រួមមាន​៖ ម៉ាស់​ចំនួន​ ១៦ ​ម៉ឺន​ម៉ាស់ ស្រោមដៃ​ចំនួន ១៦ ​ម៉ឺន និង​ជែល​លាងដៃ​ចំនួន​ ៨ ៧៥០ ​ដប និង​សម្ភារ​អប់រំ​សុខភាព​ចំនួន​ ៣០ ​ម៉ឺន​ប្រដាប់​ផងដែរ​។ ​សម្ភារ​ទាំងនេះ​បើ​គិត​សរុប​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង​ ៣២ ​ម៉ឺន​ដុល្លារ​អាមេរិក​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​​លើកឡើង​កាលពី​សប្តាហ៍​មុន​ថា តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី លី អៃឡែន តែងតែ​ចូលរួម​ដោយ​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំងក្លា និង​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​របស់​ក្រសួងសុខាភិបាល និង​ជួយ​ជំរុញ​កៀរគរ​នូវ​ធនធាន​មួយចំនួន​ផងដែរ ថ្វី​ដ្បិត​មិនបាន​ច្រើន​ដល់​ទូទាំងប្រទេស​នៅឡើយ​ក៏ដោយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការគាំទ្រ​បង្ហាញ​យ៉ាងច្បាស់​ថា កិច្ចសហការ និង​សហប្រតិបត្តិការ​ដ៏ជិតស្និទ្ធ​រវាង​អង្គការ​សុខភាព​ពិភពលោក​ជាមួយនឹង​ក្រសួង​​សុខាភិបាល​គឺ​តែងតែ​ជំរុញឱ្យមាន​ការអនុវត្ត ក៏ដូចជា​សមិទ្ធផល​​នានា​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​​ការចម្លង​ជំងឺ​កូវីដ​ ១៩»៕