ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ប្រកាស​បើកទូលាយ​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​ (Rapid Test) ​កូវីដ​ ១៩ ចំនួន ២ ​ប្រភេទ​ដល់​ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ និង​សាធារណជន ដែល​ឧបករណ៍​នេះ​នាំចូល​ពី​ប្រទេស​កូរ៉េ និង​ប្រទេស​ចិន ​ក្នុង​តម្លៃ​ដើម​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កាលពី​ថ្ងៃទី​ ២៣ សីហា ស្តីពី​ការចែក​ចាយ​ឧបករណ៍​តេស្ត​រហ័ស​កូវីដ​ ១៩ បញ្ជាក់ថា ដើម្បី​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ទាន់ពេលវេលា ក្រសួង​បើកទូលាយ​ចែកចាយ​ឧបករណ៍​តេស្ត​រហ័ស​ជូន​ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង ភ្នាក់ងារចែកចាយ​ និង​សាធារណជន​នូវ​ឧបករណ៍​តេស្ត​រហ័ស​ ២ ​ប្រភេទ​។

ឧបករណ៍​តេស្ត​រហ័ស​ទាំង​ ២ ​ប្រភេទ រួមមាន​ ១ ​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្ស៊ែន​កូវីដ​ ១៩ SD Biosensor (Standard Q) ផលិត​នៅ​ប្រទេស​កូរ៉េ​ ១ ​ប្រអប់​មាន​ ២៥ ​ឧបករណ៍​តេស្ត ហើយ​ ១ ​ឧបករណ៍​តេស្ត​តម្លៃ​ ៣,៧ ​ដុល្លារ​អាមេរិក (​ត្បារ​យក​សំណាក​ពី​ក្នុង​រន្ធ​ច្រមុះ​)​។ ២ ​ឧបករណ៍​តេស្ត​រហ័ស​អង់ទីហ្ស៊ែន​កូវីដ​ ១៩ Healgen Antigen Rapid Test ផលិត​នៅ​ប្រទេស​ចិន ១ ​ប្រអប់ មាន​ ២០ ​ឧបករណ៍​តេស្ត ហើយ​ ១ ​ឧបករណ៍​តេស្ត​តម្លៃ ២ ​ដុល្លារ​អាមេរិក (​ត្បារ​យក​សំណាក​ពី​ក្នុង​រន្ធ​ច្រមុះ​)​។

លោក​ សូ វិសុទ្ធី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ថ្លែងថា ក្នុង​រយៈពេល​ ២ ​ខែ​ខាងមុខ​ទៀត​នេះ ក្រសួង​ប្រៃសណីយ៍​ត្រៀម​នាំចូល​ឧបករណ៍​តេស្ត​រហ័ស​ក្នុង​បរិមាណ​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​ក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្លីនិក និង​ឱសថស្ថាន​។

លោក​ថ្លែងថា​៖ «​ក្រសួង​ប្រៃសណីយ៍​បាន​ទិញ​ឧបករណ៍​តេស្ត​រហ័ស​ពី​រោងចក្រ ប្រទេស ចំនួន​ ២ គឺ រោងចក្រ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ និង​ប្រទេស​ចិន​។ បច្ចុប្បន្ន​ក្រសួង​នៅ​បន្ត​ផ្គត់ផ្គង់​ឧបករណ៍​តេស្ត​នេះ​ជាធម្មតា ហើយ​បើក​លក់​ជូន​សម្រាប់​សាធារណជន​គ្រប់គ្នា​»​។

បើតាម​លោក​ វិសុទ្ធី ដោយសារ​មាន​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ជាច្រើន ដូច្នេះ​ក្រសួង​បាន​បើក​លក់​កាន់តែ​ទូលំទូលាយ​ទាំង​ឧបករណ៍​តេស្ដ​មកពី​ប្រទេស​កូរ៉េ និង​ចិន សម្រាប់​ការប្រើប្រាស់​តាម​ក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្លីនិក ឱសថស្ថាន និង​សម្រាប់​ការប្រើប្រាស់​តាម​គ្រួសារ​ដោយ​មិនមាន​កំណត់​លក្ខខណ្ឌ​ទេ​។ ប៉ុន្តែ​សម្រាប់​ការប្រើប្រាស់​តាម​គេហដ្ឋាន​សូម​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដូច​មាន​ក្នុង​តំណភ្ជាប់​វីដេអូ​ពី​របៀប​ប្រើប្រាស់​ https://fb.watch/v/2Sc5HvMbT/​។

សេចក្ដី​ជូនដំណឹង​បានឱ្យដឹងថា ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន​ឱសថស្ថាន​រង ភ្នាក់ងារចែកចាយ និង​សាធារណជន​អាច​បញ្ជា​ទិញ​ឧបករណ៍​តេស្ត​ចាប់ពី​ ១ ​ប្រអប់​ឡើងទៅ​ដោយ​ចូលទៅ​កាន់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ដែលមាន​តំណ​ភ្ជាប់ mptc.gov.kh/rt ឬ​អាច​ទៅ​ទិញ​ដោយផ្ទាល់​នៅ​ទីស្ដីការក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ ដែលមាន​អាសយដ្ឋាន អគារ​លេខ​ ១៣ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ចំពោះ​ការទូទាត់​អាច​ផ្ទេរ​មក​គណនី​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់​ (ABA Bank) របស់​ក្រសួង​ដែល​មាន​ឈ្មោះ​គណនី​ MPTC និង​លេខ​គណនី 567 789 123​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទូរស័ព្ទ​លេខ​ ១២៣/ ០៦៧ ៨១៨ ៧៨២ / ០១៧ ៨៤៨ ១០៨ / ០៧៧ ៨៦៧ ៩៥៧ ជា​រៀងរាល់ថ្ងៃ​៕

វីដេអូ៖