ក្រចេះ: មន្ត្រី​សុខាភិបាល​ខេត្តក្រចេះ​កំពុង​បន្ត​យក​សំណាក​អាជីវករ​ក្នុង​ផ្សារ​សាមគ្គី និង​ប្រជាពលរដ្ឋ ដែល​នៅ​ជុំវិញ​ទីនោះ បន្ទាប់ពី​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​ ១៩ ចំនួន​ ៤៩ ​នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​ ១ ​ពាន់​នាក់ ដែល​បាន​យក​សំណាក​កាល​ថ្ងៃទី​ ២៣ ខែសីហា ខណៈ​មនុស្ស​ ១៨ ​នាក់ ​ត្រូវបាន​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ប្រភេទ​ដែលតា​នៅ​ខេត្តស្ទឹងត្រែង​។

លោក​វេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ក្រចេះ​ថ្លែង​នៅ​ថ្ងៃទី​ ២៤ សីហា ថា មន្ត្រី​សុខាភិបាល​កំពុង​បន្ត​យក​សំណាក​អាជីវករ និង​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ផ្សារ​សាមគ្គី បន្ទាប់ពី​រកឃើញ​មាន​អ្នក​វិជ្ជមាន​កូវីដ​ ១៩ ចំនួន ៤៩ ​នាក់ ​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​ ១ ​ពាន់​នាក់ ​ដែល​បាន​យក​សំណាក​កាលពី​ថ្ងៃទី​ ២៣ ខែសីហា​។ ការរកឃើញ​អ្នក​វិជ្ជមាន​កូវីដ​ ១៩ ​ថ្មី​លើក​នេះ គឺមាន​ចំនួន​ច្រើន​ដែល​មិន​ធ្លាប់មាន​សម្រាប់​ខេត្តក្រចេះ​។

លោក​ប្រធាន​មន្ទីរ​ថ្លែងថា​៖ «​រាល់ដង​អត់​ដែល​ឡើងដល់​ខ្ទង់​ ៤០ ​ទេ​។ យើង​មានតែ​ជាង​ខ្ទង់​ ១០ ហើយ​ច្រើន​បំផុត​ខ្ទង់​ជាង​ ២០»​។

បើតាម​លោក​វេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា ខេត្តក្រចេះ​មិនសូវមាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ច្រើន ដោយសារ​តែ​ពលរដ្ឋ​សហការ​បានល្អ​ជាមួយ​អាជ្ញាធរ​ក្នុងការ​អនុវត្ត​វិធានការ និង​មិនសូវមាន​ការប្រមូលផ្តុំ​ជួបជុំ​គ្នាច្រើន​។ លោក​ថ្លែងថា​៖ «​ដោយសារ​កត្តា​ ២ ​ធំៗ ទី​ ១ គឺ​កត្តា​ខ្លួន​គាត់​ជា​ប្រជាពលរដ្ឋ​ផ្ទាល់ កត្តា​ទី​ ២ គឺ​កន្លែង​ដែល​ប្រមូលផ្តុំ​ធំៗ​ហ្នឹង​យើង​បាន​បិទ​អត់ឱ្យ​ដំណើរការ​។ អ៊ីចឹង​អត់​សូវ​មានការ​ផ្ទុះ​ធំ​ទេ​»​។

លោក ប៉ែន លីណាត អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ក្រចេះ​ថ្លែង នៅ​ថ្ងៃទី​ ២៤ សីហា ថា រដ្ឋបាលខេត្ត​មិនមាន​គម្រោង​បិទ​ទីតាំង​ផ្សារ​សាមគ្គី​នោះទេ ព្រោះ​កំពុង​ពិនិត្យ​ និង​តាមដាន​ស្ថានភាព​បន្តទៀត​។ ចំណែក​អាជីវករ ដែលមាន​តូប​លក់ដូរ​ក្នុង​ផ្សារ ដែល​ត្រូវយក​សំណាក បើ​ក្នុង​ករណី​អវិជ្ជមាន​កូវីដ​ ១៩ អាជ្ញាធរ​នឹង​ចេញ​បណ្ណ​បញ្ជាក់ ដើម្បី​ឱ្យ​បាន​ចេញចូល​ក្នុង​ផ្សារ​តាម​ធម្មតា​។

លោក​បញ្ជាក់ថា​៖ «​កន្លងមក​យើង​បាន​បិទ​មួយ​សា​ហើយ​ផ្សារ​ហ្នឹង​។ អ៊ីចឹង​បើ​បិទ​ទៀត វា​អាច​នាំឱ្យមាន​ការប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ បើសិនជា​យើង​បិទ​ញឹកញាប់​ពេក​។ អ៊ីចឹង យើង​មាន​វិធានការ​មួយ​គឺ អញ្ជើញ​គាត់​មក​យក​សំណាក ហើយ​ក្នុងករណី​ដែល​គាត់​អត់​មាន​ [​វិជ្ជមាន​កូវីដ​] យើង​មាន​បណ្ណ​ជូន​គាត់​ដើម្បីឱ្យ​គាត់​អាច​ចូលទៅក្នុង​តូប​គាត់​វិញ​»​។

បើតាម​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ក្រចេះ ទីតាំង​ដែល​ធ្លាប់​បិទ​នាពេល​កន្លងមក អាជ្ញាធរខេត្ត​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​អស់ហើយ ប៉ុន្តែ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ជាចាំបាច់​។ បើ​មាន​កូវីដ​ ១៩ ​កើតឡើង​នៅ​ទីតាំង​ណា​ត្រូវយក​សំណាក និង​ស្រាវជ្រាវ​ឱ្យបាន​លឿន​បំផុត​។

លោក​ថ្លែងថា​៖ «​កន្លងមក​យើង​មាន​បិទ​ដែរ ក្នុង​រយៈពេល​ ១ ​សប្តាហ៍​អីហ្នឹង ដើម្បី​ស្រាវជ្រាវ​អ៊ីចឹងទៅ ហើយ​ជាពិសេស​កន្លែង​ដែល​យើង​ធ្លាប់​បិទ​ហ្នឹង គឺ​ទីតាំង​ផ្សារ​សាមគ្គី​ហ្នឹង ផ្សារស្នួល ផ្សារ​ឆ្លូង និង​ផ្សារ​ក្រចេះ​»​។

គិត​ត្រឹម​ថ្ងៃទី​ ២៣ ខែសីហា ខេត្ត​ក្រចេះ​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ សរុប​ ៦១៩ ​នាក់ ព្យាបាល​ជាសះស្បើយ​ចំនួន ៤៣១ ​នាក់ ស្លាប់​ ៩ ​នាក់ និង​នៅសល់​ ១៧៩ ​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​បង្អែក និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ក្នុង​ខេត្តក្រចេះ​។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ក្រចេះ​នៅ​ថ្ងៃទី​​ ២៣ ខែសីហា​។

សេចក្តី​ជូនដំណឹង​រដ្ឋបាលខេត្ត​នេះ ប្រកាស​ឱ្យ​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ​អ្នកជំងឺ​កូវីដ​ ១៩ ​ទាំង ​៤៩ ​នាក់ រួសរាន់​ទៅ​ជួប​ក្រុមគ្រូពេទ្យ និង​ធ្វើ​ចត្តាឡីស័ក ដើម្បី​យក​សំណាក​ទៅពិនិត្យ​។ ចំពោះ​អ្នកពាក់ព័ន្ធ​ដោយ​ប្រយោល​ត្រូវធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។

ដោយឡែក​លោក​វេជ្ជបណ្ឌិត​ អ៊ុង សូវៀត ប្រធាន​មន្ទីរសុខាភិបាល​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង នា​ថ្ងៃទី​ ២៤ សីហា​ថា មន្ត្រី​សុខាភិបាល​បាន​រកឃើញ​អ្នកជំងឺ​កូវីដ​ ១៩ ​ប្រភេទ​ Delta ចំនួន​ ១៨ ​នាក់​បន្ថែមទៀត​ជា​កម្រិត​ឆ្លង​មួយ ដែល​រដ្ឋបាលខេត្ត​គួរ​បន្ត​បិទខ្ទប់​ក្នុង​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង​។

លោក​បន្ថែមថា ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​ប្រភេទ​ Delta ​ថ្មី​នេះ គឺ​ឆ្លង​ពី​បុរស​ ២ ​នាក់​ មកពី​ខេត្ត​បន្ទាយមានជ័យ និង​បាន​រាលដាល​ចូលដល់​ក្រុង​ស្ទឹងត្រែង ជាពិសេស​មាន​ការឆ្លង​ច្រើន​ស្ទើរតែ​គ្រប់​សង្កាត់​ទាំងអស់​ក្នុង​ក្រុង​ស្ទឹងត្រែង​។ បើតាម​លោក​ អ៊ុង សូវៀត គិត​ត្រឹម​វេលា​ម៉ោង​ ២ និង​ ៣០ ​នាទី ថ្ងៃទី​ ២៤ សីហា ខេត្តស្ទឹងត្រែង​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩ ប្រភេទ Delta កើនឡើង​ដល់​ចំនួន​ ៤៦ ​នាក់​ហើយ​។

ពាក់ព័ន្ធ​ករណីនេះ រដ្ឋបាលខេត្ត​ស្ទឹងត្រែង​ក៏បាន​សម្រេច​បិទខ្ទប់​ភូមិសាស្ត្រ ក្រុង​ស្ទឹងត្រែង​ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល​ ៧ ​ថ្ងៃ​បន្ថែមទៀត គិត​ចាប់ពី​ម៉ោង​ ២៣ និង ៥៩ ​នាទី ថ្ងៃទី​ ២៤ ដល់​ថ្ងៃទី ៣១ សីហា ដើម្បី​បន្ត​ពង្រឹង​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លិខិត​របស់លោក​ ម៉ុម សាវឿន អភិបាលខេត្ត​ស្ទឹងត្រែង​ចេញ​ថ្ងៃទី​ ២៤ សីហា បញ្ជាក់ថា រាល់​មូលដ្ឋាន ក្រៅពី​ភូមិសាស្ត្រ​ក្រុង​ស្ទឹងត្រែង ដែល​បាន​បញ្ញត្តិ​ឱ្យ​អនុវត្ត​វិធានការ​បិទខ្ទប់​ជា​បណ្តោះអាសន្ន​ដោយ​លិខិត​បទដ្ឋាន​គតិយុត្ត​របស់​រដ្ឋបាល​ខេត្ត ដែល​នៅមាន​ជា​ធរមាន ត្រូវ​បន្ត​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព រហូតដល់​មានការ​សម្រេច​ជាថ្មី​។

ក្នុង​លិខិត​សម្រេច​លោក​អភិបាល​ខេត្ត​បាន​បញ្ជាក់​ការអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​សុខាភិបាល ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្ទឹងត្រែង ដែល​បាន​បញ្ញតិ្ត​ក្នុង​សេចក្តីសម្រេច​លេខ​ ០៨៩/២១ ចុះ​ថ្ងៃទី​ ១២ សីហា​ផងដែរ​៕