ភ្នំពេញៈ ស្ថានទូត​អូស្ត្រាលី និង​ក្រសួង​អប់រំ យុវជន និង​កីឡា រួមគ្នា​បរិច្ចាគ​សៀវភៅ​ជាង ១ ០០០ ​ក្បាល​ ដល់​សាលារៀន​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បន្ត​លើកកម្ពស់​សារៈសំខាន់​នៃ​ការអាន និង​ការអប់រំ ខណៈ​ដែល​សាលារៀន​ត្រូវបាន​បិទ ឬប្តូរ​មក​រៀន​បង្រៀន​តាម​អ៊ីនធឺណិត​ ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩​។

ពិធី​ប្រគល់​សៀវភៅ​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី ២៤ សីហា ដោយ​មាន​ការចូលរួម​ពី​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ និង​លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​តាម​ប្រព័ន្ធ​អនឡាញ​ដោយ​ក្នុងនោះ​ក៏​មាន​សិស្សសាលា​បឋមសិក្សា​ ២ ​នាក់​បាន​បំពេញការងារ​យ៉ាង​អស្ចារ្យ​ក្នុង​ការអាន​រឿងនិទាន​ដែល​ពួកគេ​ចូលចិត្ត​ផងដែរ​។

លោក Pablo Kang បានលើកឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​ ២៤ សីហា ថា កម្មវិធី​បរិច្ចាគ​សៀវភៅ​ដល់​សាលាបឋមសិក្សា​ព្រះនរោត្តម និង​សាលារៀន​នានា​ក្នុងប្រទេស គឺ​ដើម្បី​អបអរ​សប្តាហ៍ សៀវភៅ​របស់​អូស្ត្រាលី ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២១ ដល់​ ២៧ សីហា​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​អូស្ត្រាលី​ជា​អ្នកគាំទ្រ​ប្រកប​ដោយ​មោទនភាព​ទៅលើ​សិទ្ធិ​ទទួលបាន​ការអប់រំ​សម្រាប់​កុមារ​កម្ពុជា​ទាំងអស់ និង​បានប្រគល់​សៀវភៅ​ចំនួន​ ១ ៣០៨ ក្បាល ​ដល់​សាលាបឋមសិក្សា​ព្រះនរោត្តម និង​សាលារៀន​នានា​ក្នុងប្រទេស ដែលជា​អំណោយ​របស់​បុគ្គលិក​ស្ថានទូត​អូស្ត្រាលី​ និង​ក្រុម​គ្រួសារ សមាជិក​សហគមន៍ និង​លោក ម៉េង ហៀង អគ្គនាយក​ក្រុមហ៊ុន ម៉ូនូមែនប៊ុក​»​។

លោក​ឯកអគ្គរាជទូត Kang បាន​ថ្លែង​បន្ថែមថា ការផ្តោត​លើ​អក្ខរកម្ម និង​ភាពរីករាយ​នៃ​ការអាន​ជា​ការសំខាន់​ជាង​ពេលណាៗ​ទាំងអស់ ខណៈពេល​ដែល​សាលារៀន​ត្រូវបាន​បិទ ឬ​ប្ដូរ​មក​បង្រៀន​តាម​អ៊ីនធឺណិត​ដោយសារ​តែ​ជំងឺ​កូវីដ​ ១៩​។ លោក​សង្ឃឹមថា សាលា​នឹង​អាច​បើក​ដំណើរការ​ឡើងវិញ ក្នុងពេល​ឆាប់ៗ​នេះ​ក្នុង​បរិបទ​ដែលមាន​សុវត្ថិភាព​ពី​ជំងឺ​កូវីដ​។

លោក​បាន​រៀបរាប់​ទៀតថា​៖ «​ខណៈពេល​ដែល​វា​មានការ​ពិបាក​ក្នុង​ការស្វែងរក​វិធី​បង្រៀន​កុមារ​នៅតាម​ផ្ទះ​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​នេះ សប្ដាហ៍​សៀវភៅ​រំឭក​យើង​ថា ការអាន​អាច​ជំរុញ​បំផុសគំនិត​យើង ហើយ​យើង​ទាំងអស់​គ្នា​អាច​ចំណាយពេល​ដ៏រីករាយ អាន​សៀវភៅ​ល្អៗ​ជាមួយ​កូនៗ​របស់​យើង​»​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​លើកឡើង​ថា នៅ​ថ្ងៃ​ ២៤ សីហា ក្រសួង​អប់រំ និង​ស្ថានទូត​អូស្ត្រាលី​បាន​រៀបចំ​កម្មវិធី​ប្រគល់​សៀវភៅអាន​ចំនួន​ ១ ០០០ ​ក្បាល​ជូន​ដល់​សាលា​បឋមសិក្សា​មួយចំនួន រួមទាំង​សាលាបឋមសិក្សា​ព្រះនរោត្តម​។

លោក​បាន​បន្តថា តំណាង​ឱ្យ​ក្រសួង​អប់រំ​លោក​សូម​ថ្លែងអំណរគុណ​ដល់​ស្ថានទូត​អូស្ត្រាលី សមាជិក​សហគមន៍​សភា​ពាណិជ្ជកម្ម​អូស្ត្រាលី និង សាលា​អូស្ត្រាលី​អន្តរជាតិ​ភ្នំពេញ និង​ក្រុមហ៊ុន​ម៉ូនូមែនប៊ុក​ដែល​បានផ្តល់​សៀវភៅ​ទាំងនេះ​ដល់​កុមារ​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា​៖ «​ដៃគូ​អភិវឌ្ឍន៍ រួមមាន​ស្ថានទូត​អូស្ត្រាលី បាននិងកំពុង​ដើរតួនាទី​សំខាន់​មួយ​ក្នុង​ការចូលរួម​លើកកម្ពស់​គុណភាព​មូលធន​មនុស្ស​កម្ពុជា តាមរយ:​គ្រប់​រូបភាព​ដូចជា​ការផ្តល់​សៀវភៅអាន​ដែលជា​មូលដ្ឋានគ្រឹះ​មួយ​ក្នុង​ការលើកកម្ពស់​គុណភាព​អប់រំ​»​។

លោក​បាន​បញ្ជាក់ថា ក្រសួង​អប់រំ ស្វាគមន៍​ជានិច្ច ចំពោះ​កិច្ចសហការ​វិជ្ជមាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុង​ការលើកកម្ពស់​អំណាន ដើម្បី​ចូលរួម​ចំណែក​ការងារ​កំណែទម្រង់​អប់រំ យុវជន និង​កីឡា​៕