ពោធិ៍សាត់ៈ កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាព​ខេត្តពោធិ៍សាត់​កំពុង​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ និង​ដកហូត​ឧបករណ៍​នេសាទ​ល្មើសច្បាប់​នៅក្នុង​ស្រុក​ក្រគរ ស្រុក​កណ្តៀង និង​ស្រុក​បាកាន ដើម្បី​ថែរក្សា​ត្រី​ពូជ​ឱ្យ​បង្ក​បង្កើត​កូនត្រី​បាន​គ្រប់គ្រាន់​សម្រាប់​ពេល​បើក​រដូវ​នេសាទ​វិញ​។

លោក ខូយ រីដា អភិបាលរង និង​ជា​អនុប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្តពោធិ៍សាត់​ថ្លែង​នៅ​ថ្ងៃទី​ ២៤ ខែសីហា​ថា លោក​កំពុងមាន​វិធានការ​ក្នុងការ​ចុះ​បង្ក្រាប និង​ដកហូត​ឧបករណ៍​នេសាទ​ល្មើសច្បាប់​តាម​បណ្តា​ស្រុក​ជាប់​ផ្ទៃ​ទឹក​បឹង​ទន្លេសាប នៅ​គោលដៅ​ទាំង​ ៣ ​ស្រុក ដែលមាន​ស្រុក​ក្រគរ ស្រុក​កណ្តៀង និង​ស្រុក​បាកាន ដើម្បី​រក្សា​ការពារ​កុំឱ្យ​បាត់បង់​ពូជ​ត្រី​នៅក្នុង​អំឡុងពេល​រដូវ​បិទ​នេសាទ​។

លោក ខូយ រីដា ប្រាប់​ថា​នៅ​ថ្ងៃទី​ ២៣ ខែសីហា លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ចុះទៅ​ដោយផ្ទាល់​ ដើម្បី​ពិនិត្យ និង​ដកហូត​ឧបករណ៍​ល្មើស ដែល​មាន​មង​ក្រឡា​ញឹក និង​លូ​ស្បៃមុង​បាន​ចំនួន ១៣ ០០០ ​ម៉ែត្រ ក្នុង​ឃុំ​កំពង់លួង និង​ឃុំ​កំពង់ប្រាក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

លោក​ថ្លែងថា​៖ «​ឧបករណ៍​ដែល​យើង​បង្ក្រាបបាន​នេះ គឺជា​របាំង​មិនឱ្យ​ត្រី​ចេញរួច មិន​ថា​ត្រី​ប៉ុនណា​ទេ​កាលណា​ប៉ះ​ជាមួយ​ឧបករណ៍​ហ្នឹងហើយ​គឺ​ទៅណា​អត់​រួច​ទេ ហើយ​យើង​ពិនិត្យ​ជារួម​ទៅក្នុង​កាលៈទេសៈ​នេះ ប្រសិនបើ​យើង​បណ្តោយ​គឺ​អត់​បានទេ ថ្ងៃមុខ​យើង​នឹង​បាត់​មច្ឆាជាតិ​ទាំងអស់​»​។

លោក រីដា បញ្ជាក់ថា ឧបករណ៍​នេសាទ​ល្មើស​ដែល​បង្ក្រាប​នឹង​ដកហូត​បាន មិន​ធ្វើការ​ដុត​បំផ្លាញចោល​ឡើយ​។ គឺ​ទុក​ដើម្បីឱ្យ​ខាង​មន្ត្រី​កសិកម្ម​យកទៅឱ្យ​សហគមន៍​ ឬ​ប្រជាពលរដ្ឋ​ដែល​ចិញ្ចឹមសត្វ ឬ​ដាំ​បន្លែ​ផ្សេងៗ​យក​ប្រើការ​បានជា​ប្រយោជន៍​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បើ​ដុត ខ្ញុំ​ដុត​តែ​ខ្មោច​មង​ដែល​ប្រើ​លែងកើត​នៅ​កប់​នឹង​បាតទន្លេ​។ អ៊ីចឹង​ខែប្រាំង​ឡើង​ខ្ញុំ​ឱ្យ​មន្ត្រី​បើកកាណូត​ដើរ​ប្រមូល​មង​ចាស់ៗ​អត់ឱ្យ​កប់​ក្នុង​ផុក​ក្នុង​អី​ទេវា​នាំឱ្យ​រាក់​ទន្លេ​។ សំរាម​ក៏​យើង​ប្រមូល​ដែរ ហើយ​យើង​ដុត​ម្តង​ ២ ​ទៅ​ ៣ ​តោន​អ៊ីចឹងទៅ​» ។

បើតាម​លោក រីដា ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ​ធ្វើឡើង​ ដើម្បីឱ្យ​កូន​ត្រី​ដែល​ធ្លាក់​មកពី​ទន្លេមេគង្គ​ដែល​ហូរ​ចូលមក​ទន្លេសាប​បាន​ចូលទៅ​តំបន់​ព្រៃ​លិចទឹក​ដែល​ទីនោះ​សម្បូរ​ចំណី​ធ្វើឱ្យ​ត្រី​ឆាប់​ធំធាត់​។ ហេតុនេះ​ពេល​បើក​រដូវ​នេសាទ​គឺ ពលរដ្ឋ​អាច​ត្រង​យក​បាន​ត្រី​បាន​ច្រើន ដែលមាន​ទាំង​ត្រីរៀល និង​ត្រី​ប្រភេទ​ផ្សេងទៀត​។

លោក​ថ្លែងថា​៖ «​ផែនការ​ខ្ញុំ​ខ្ញុំ​វាយ​បញ្ចប់​ក្នុង​អាទិត្យ​ហ្នឹង​ [​ចាប់ពី​ថ្ងៃទី​ ២៣ ខែសីហា​] ​ហើយ​យើង​នៅតែ​ធ្វើ​បន្តបន្ទាប់​ទៀត​ឱ្យ​ដូច​ភ្លៀងរលឹម​។ បើ​យើង​អត់​ធ្វើ​បន្តបន្ទាប់​ទៀត​ទេ ពួកគាត់​មក​ដាក់​ដដែលៗ​ហ្នឹង ព្រោះ​ពួកគាត់​ធ្វើ​លឿន​ណាស់ យើង​បង្ក្រាប​បានតែ​ ១ ​អាទិត្យ​អីហ្នឹង​គាត់​ដាក់​ថែម​បាន​អស់​ទៀត​បាត់​»​។

លោក សំ ចាន់គា អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​ពោធិ៍សាត់ ថ្លែង​នៅ​ថ្ងៃទី ២៤ ខែមេសា​ថា អាជ្ញាធរ​គួរតែ​ស្រាវជ្រាវ​ដើម្បី​ដាក់ទណ្ឌកម្ម​ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ ព្រោះ​កន្លងមក​បាន​ធ្វើការ​អប់រំ​ណែនាំ​ច្រើនដង ដូច្នេះ​សមត្ថកិច្ច​គួរតែ​ពិនិត្យ​រកមើល​អ្នក​នៅ​ពីក្រោយ​ខ្នង ដែល​គាំទ្រ​ឱ្យ​ពលរដ្ឋ​ប្រព្រឹត្តល្មើស នៅក្នុង​រដូវ​បិទ​នេសាទ​។

លោក​ថា​៖ «​យើង​ក៏បាន​ទទួល​ព័ត៌មាន​ខ្លះ​ដែរ​ថា មាន​អ្នកផ្តល់​មធ្យោបាយ​ដល់​ប្រជានេសាទ​ហ្នឹង​ដើម្បីឱ្យ​ប្រព្រឹត្ត​បទល្មើស​ហើយ​ខ្លួន​ចាំ​ទិញ​ផលនេសាទ​។ យើង​គួរតែ​ហៅ​អ្នក​ហ្នឹង​ទៅធ្វើ​ការណែនាំ ឬ​មាន​វិធាន​ណាមួយ​ផង ព្រោះ​នៅតែ​បណ្តោយ​ទៀត​ធនធាន​មច្ឆជាតិ​នឹង​បាត់បង់​អស់​»៕