ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ប្រកាស​បន្ត​បើក​សាច់ប្រាក់​ឧបត្ថម្ភ​ជាង​ ៣០ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដល់​គ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះ​ចំនួន​ជាង ២ ​លាន​ ៦ ​សែន​នាក់ ក្នុង​អំឡុង​ពេលដែល​រាជរដ្ឋាភិបាល​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​ការបើក​សាច់ប្រាក់​នេះ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​ ២៥ ខែសីហា ដោយមាន​រយៈពេល​ ៣០ ​ថ្ងៃ​។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច​ស្តីពី​ការបើក​សាច់ប្រាក់​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូវីដ​ ១៩ សម្រាប់​ជុំ​ទី​៦ លើក​ទី​២ បាន​ឱ្យដឹងថា​៖ «​កម្មវិធី​ផ្ដល់​សាច់ប្រាក់​ជុំ​នេះ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ២៥ ខែសីហា ដល់​ថ្ងៃទី​ ២៤ ខែ កញ្ញា ឆ្នាំ​ ២០២១ មាន​រយៈពេល​ ៣០ ​ថ្ងៃ​»​។

លោក ឈួរ សុបញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​ក្រសួង​សង្គមកិច្ច​ថ្លែង​ឱ្យដឹង នៅ​ថ្ងៃទី​ ២៤ ខែសីហា​នេះ​ថា ការបើក​ផ្តល់​សាច់ប្រាក់ ជុំ​ទី​៦ ​លើក​ទី​២ ​នឹង​គ្របដណ្តប់​លើ​គ្រួសារ​ក្រីក្រ ដែល​មក​ទទួលផល​សរុប ៦៧៨ ០១៩ ​គ្រួសារ ​ក្នុង​នោះ​មាន​សមាជិកគ្រួសារ​ចំនួន ​២ ៦៦៨ ៩៤៨ ​នាក់ ដោយ​ត្រូវ​ចំណាយ​ថវិកា​សរុប​ជាង​ ១២០0 ​លាន​រៀល ស្មើនឹង​ ៣០,២៣ ​លាន​ដុល្លារ​។

លោក​បាន​ថ្លែងថា​៖ «​ការផ្ដល់​សាច់ប្រាក់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នា​ជុំ​ទី​៦ លើក​ទី​១ គឺ​អនុវត្ដ​បានល្អ​ប្រសើរ​ជាង​មុន​ដោយសារ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​ច្រើន ហើយ​មន្ដ្រី​អនុវត្ដ​កម្មវិធី​ផ្ដល់​សាច់ប្រាក់​បាន​យល់ដឹង​ច្បាស់លាស់​លើ​ការងារ​របស់ខ្លួន​ជាង​មុន​»​។

ទោះយ៉ាងណា​ក៏ដោយ លោក សុបញ្ញា បាន​អះអាង​ថា ការបន្ត​ឧបត្ថម្ភ​ជុំ​ទី​៦ ​លើក​ទី​២ ​នេះ ក្រសួង​នៅ​បន្ត​ព្រួយបារម្ភ​ចំពោះ​ពលរដ្ឋ​ចំណាកស្រុក​ដែល​ទើប​ត្រឡប់​មកដល់​ស្រុកកំណើត​វិញ ដោយសារ​ពួកគាត់​មិនទាន់​យល់​ពី​កម្មវិធី​ផ្ដល់​សាច់ប្រាក់ ដែល​អាច​ធ្វើឱ្យ​ពួកគាត់​មាន​ការយល់ច្រឡំ​អំពី​កម្មវិធី​ផ្ដល់​សាច់ប្រាក់​នេះ តាម​ការបំផុសបំផុល​របស់​ជនអគតិ​មួយចំនួន​។

ក្រសួង​សង្គមកិច្ច​បានឱ្យដឹងថា ការផ្ដល់​សាច់ប្រាក់​ជុំ​នេះ​នឹង​ត្រូវ​អនុវត្តតាម​នីតិវិធី​មួយ​ចំនួន​ដូចជា ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដែល​បាន​ផ្ទៀងផ្ទាត់​ទាំង​ ៥ ​ជុំ​រួចហើយ ត្រូវ​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នៅតាម​បញ្ជរ​វីង​ណាមួយ​ដោយ​មិន​តម្រូវ​ឱ្យមក​សាលាឃុំ​សង្កាត់​សាជាថ្មី​ទៀត​ទេ​។

-​ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះ​ដែលមាន​បណ្ណសមធម៌​ជុំ​ទី​១១ ​ទាំងអស់​នឹងត្រូវ​ផុត​សុពលភាព​នៃ​ការប្រើប្រាស់​បណ្ណ​ចាស់​ហើយដោយ​ជំនួស​មកវិញ​ដោយ​បណ្ណ​ជុំ​ទី​១៤ ​វិញ​។

-​ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះ​ដែលមាន​បណ្ណសមធម៌​មាន​ជុំ​ទី​១១ ​ដែល​បាន​ជាប់​បន្តទៅ​ជុំ​ទី​១៤ ​ត្រូវយក​បណ្ណ​ថ្មី​ដែល​ផ្តល់​ដោយ​រដ្ឋបាល​ឃុំ-សង្កាត់​ដើម្បី​យកទៅ​បើក​សាច់ប្រាក់​ឧបត្ថម្ភ​នៅតាម​បញ្ជរវីង​ដូច​ធម្មតា​ដោយ​មិន​តម្រូវឱ្យ​ទៅ​ធ្វើការ​ផ្ទៀងផ្ទាត់​ឡើងវិញ​នៅតាម​ឃុំ-សង្កាត់​នោះទេ​លើកលែងតែ​គ្រួសារ​ដែល​ជាប់​ថ្មី​នៅ​ជុំ​ទី​១៤ ​ត្រូវ​ទៅ​ផ្ទៀងផ្ទាត់ នៅតាម​ឃុំ សង្កាត់​ជាមុនសិន​មុន​ទៅ​បើកប្រាក់​នៅតាម​បញ្ជរ​វីង​។

-​ករណី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែលមាន​បណ្ណសមធម៌​មាន​ជុំ​ទី​១១ ​មិនបាន​ជាប់​នៅក្នុង​ជុំ​ទី​ ១៤ ​បន្តទៀត​តែ​បាន​ផ្ទៀងផ្ទាត់​រួចហើយ​នៅតាម​ឃុំ​សង្កាត់ និង​មាន​លុយ​នៅសល់​ក្នុង​គណនី​របស់ខ្លួន​នោះ​អ្នកទទួល​ផល​នៅ​អាច​ប្រើប្រាស់​បណ្ណ​ជុំ​ទី​១១ ​ដើម្បី​ដក​ប្រាក់​ដែល​នៅសល់​នោះ​នៅ​គ្រប់​បញ្ជរ​វីង​បាន តែ​អ្នកទទួលផល​នោះ​មិន​បានទទួល​ការឧបត្ថម្ភ​បន្តទៀត​នោះទេ​។

-​ចំពោះ​គ្រួសារ​ក្រីក្រ និង​ងាយរងគ្រោះ​ដែលមាន​បណ្ណសមធម៌​មាន​សុពលភាព ហើយ​មិនទាន់បាន​ផ្ទៀងផ្ទាត់​ទាំង​ ៥ ​ជុំ និង​គ្រួសារ​ក្រីក្រ​ដែល​ទើប​ទទួល​បាន​បណ្ណ​សមធម៌​ថ្មី ត្រូវ​ទៅ​ផ្ទៀងផ្ទាត់​នៅ​សាលាឃុំ-សង្កាត់​ណាមួយ​ ដើម្បី​ទទួល​បាន​ការឧបត្ថម្ភ​សាច់ប្រាក់​ក្នុង​ជុំ​ទី​៦ ​លើក​ទី​២ ​នេះ​។

យោងតាម​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ពេល​ទៅ​បើកប្រាក់​ឧបត្ថម្ភ​ជុំ​ទី​៦ ​លើក​ទី​២ ​នៅតាម​បញ្ជរ​វីង​តម្រូវឱ្យ​អ្នកទទួលផល​ត្រូវ​ភ្ជាប់​ទៅជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ដូចគ្នា​នឹង​ការបើកប្រាក់​ឧបត្ថម្ភ​លើក​មុនៗ​ផងដែរ​ ពិសេស​បណ្ណ​សមធម៌​ដែល​នៅមាន​សុពលភាព និង​ត្រូវ​ចងចាំ​លេខ​កូដ​សម្ងាត់​។

-​ករណី​ភ្លេច​លេខ​សម្ងាត់ ប្រជាពលរដ្ឋ​ត្រូវ​ទំនាក់ទំនង​អ្នកទទួល​បន្ទុក​កម្មវិធី​នៅតាម​ឃុំ​សង្កាត់​ ឬ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​-​ខេត្ត​។ ក្នុង​ករណី​ប្រជាពលរដ្ឋ​ ឬ​សាធារណជន​ពិនិត្យឃើញ​ភាពមិនប្រក្រតី​ណាមួយ​ក្នុង​ការអនុវត្ត​កម្មវិធី​ ឬ​ដក​សាច់ប្រាក់​មិនបាន​នៅតាម​បញ្ជរ​វីង​ណាមួយ​នោះ ក្រសួង​ឱ្យ​សាធារណជន និង​អ្នកទទួលផល​ទាំងអស់​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អ្នក​កាន់​កម្មវិធី​នៅតាម​ឃុំ-សង្កាត់​ ឬ​នៅ​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​ ឬ​មន្ទីរ​ផែនការ​រាជធានី-ខេត្ត​នីមួយៗ​ ឬ​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ព័ត៌មាន​ទាន់​ហេតុការណ៍​របស់​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​លេខ (០៩២ /០១៥) ២១៩ ៨៨៨​។

កាលពី​ថ្ងៃទី​ ២៤ ខែ មិថុនា ​ឆ្នាំ​ ២០២០ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ហើយ​ក្រសួង​សង្គមកិច្ច​ក៏បាន​ចាប់ផ្តើម​ដំណើរការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​នៅ​ថ្ងៃទី​ ២៥ ខែ មិថុនា ឆ្នាំ ២០២០ រហូតមក​ដល់ពេល​​បច្ចុប្បន្ន​៕

វីដេអូ៖