ព្រះសីហនុៈ សមត្ថ​កិច្ច​ខេត្ដ​ព្រះ​សីហនុ​នៅ​ព្រឹកថ្ងៃទី​ ២៥ ​សីហា ​បាន​រក​ឃើញ​បុរស​ម្នាក់ ​ដែល​បាន​បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង​ក្នុង​ក្រុង​ព្រះ​សីហនុ​ កាល​ពី​យប់​មិញ ស្របពេលដែលសម្ទុះទឹក​ភ្លៀង​បាន​ស្រក​វិញនៅ​ម៉ោង​ប្រមាណ ១០​ យប់​ ដោយ​បាន​ហូរ​ចូលទៅ​​ក្នុង​អូរ​ប្រឡាយ​សំខាន់ៗ។

លោក ​តី​ វិសាល អធិកា​រក្រុ​ង​ព្រះសី​ហ​នុបា​ន​ប្រាប់ ភ្នំពេ​ញ ប៉ុស្ដិ៍ នៅ​ព្រឹកថ្ងៃទី​ ២៥​ សីហានេះ​ថា បុរស​ដែល​បានបា​ត់ខ្លួន​ដោយ​សារ​ធា្លក់​ចូល​ប្រឡាយ​អូរ​៥​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​នោះ ​បាន​រកឃើញ​ហើយ​ នៅ​ចំណុច​ស្ពាន​ដៃមឹ​ក ក្នុង​សង្កាត់​លេខ ៤ ​ក្រុង​ព្រះសី​ហុន​។

យ៉ាង​ណា​ក្ដី លោក​ថា ​បុរស​រូប​នោះស​មត្ថកិច្ច​នៅមិន​ទាន់ស្គាល់​ពីអត្ត​សញ្ញាណគា​ត់នៅឡើ​យទេ តែ​ជន​រង​គ្រោះ​រូបនេះ​បាន​ស្លាប់​ទៅហើយ​ ដែល​ពេល​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​កោស​ល្យ​វិច័យ​។

លោក ​ឃាង ​ភារ​ម្យ​ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះ​សីហនុ​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​ ២៥ ​ខែ​សីហា​នេះ​ថា​ កាល​ពី​ ​ថ្ងៃទី ​២៤​ ខែ​ សីហា ​ឆ្នាំ​ ២០២១​ ចាប់​ពី​ចន្លោះ​ម៉ោង ​៥ ល្ងាច ​ដល់​ម៉ោង​ ៨ ​យប់ ​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ​ មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរទៅ​ខ្លាំងដោយ​កម្រិត​ទឹក​ភ្លៀង​កើន​ឡើង​ពី​ចន្លោះ ​១២០​ មិល្លីម៉ែត្រ (ម.ម) ទៅ​ដល់​ ២៧៩ មិល្លីម៉ែត្រ។

លោកថា បើសរុប​បរិមាណ​ទឹក​ភ្លៀងមាន ២៨៥៨,១ ម.ម ​បណ្តាល​ឱ្យ​ទឹក​ជន់​លិច​នៅ​តំបន់​ទំនាប​មួយ​ចំនួន ​និង​មាន​មនុស្ស​ម្នាក់​បាន​បាត់​ខ្លួន​ ក៏ប៉ុន្តែ​រហូត​ដល់​ម៉ោង ១០ ​យប់ ទឹកក៏បាន​ស្រក​វិញ​ដោយហូរចូលទៅ​ក្នុង​​អូរ​ប្រឡាយ​សំខាន់ៗ​ក្នុង​ក្រុង​ព្រះសី​ហនុ​ ។

លោក​បាន​ថ្លែង​ថា៖ «បើ​យោងតាម​ការ​ព្យាករ​នឹងមាន​ករណី​ភ្លៀង​ធ្លាក់​ជា​បន្ត​បន្ទាប់​នៅ​ខេត្ត​ព្រះសីហនុ។ ដូច្នេះ​រដ្ឋ​បាល​ខេត្ត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ត្រូវ​បង្កើន​ការ​ប្រុងប្រ​យ័ត្ន​ឱ្យបាន​ខ្ពស់​បំផុត ដោយ​ស្វែង​រក​ទីតាំង​ដែល​មាន​សុវត្ថិភាព និង​កុំ​ចាក​ចេញ​ពីផ្ទះ​បើ​គ្មាន​ភាព​ចាំបាច់ ជា​ពិសេស​កុំ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ជម្រាល​ភ្នំ និង​ទីកន្លែង​ដែល​មាន​ទឹក​ហូរ​កាត់​ខ្លាំង ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់​ដែល​អាច​កើត​ឡើង​ជាយ​ថា​ហេតុ»៕

រាយ​ការ​ណ៍បន្ថែ​ម ឃុត សុភចរិ​យា

វីដេអូ៖