ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាតឱ្យ​មន្ត្រីរាជការ​​និយោជិត កម្មករ បាន​ឈប់សម្រាក​ការងារ​សម្រាប់​ឆ្នាំ​ ២០២២ ​ដែល​មាន​រយៈពេល​ ២១ ​ថ្ងៃ ដូចដែល​កំពុង​អនុវត្ត​នៅ​ឆ្នាំនេះ​ផងដែរ​។ នេះ​បើ​យោងតាម​អនុក្រឹត្យ​លេខ​ ១៤៥ ​អនក្រ​/​បក​ដែល​ចុះ​ហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ​ ២០២១​។

បើតាម​អនុក្រឹត្យ​នេះ ចំពោះ​ក្រសួង​ស្ថាប័ន​ដែល​មាន​ភារកិច្ច​ទំនាក់ទំនង​អន្តរជាតិ​ត្រូវ​រក្សា​មន្ត្រី​ប្រចាំការ​ជា​អចិន្រៃ្តយ៍​​សម្រាប់​ដោះស្រាយ​ការងារ​។

យ៉ាងណាក្ដី បើ​គិតពី​ចំនួន​ថ្ងៃ​ឈប់សម្រាក​ប្រចាំ​សម្រាប់​ឆ្នាំ​ ២០២២ គឺ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ បើ​ធៀប​ជាមួយនឹង​ឆ្នាំ ២០២១ ​នេះ តែ​មន្ត្រី​ថា ប្រទេស​កម្ពុជា​មាន​ចំនួន​ថ្ងៃ​ឈប់សម្រាក​​ច្រើនជាង​ប្រទេស​ជិតខាង​។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៤ ខែ​​ សីហា ឆ្នាំ​ ២០២១ ថា​រាជរដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់​ច្រើន​ពាក់ព័ន្ធ​នឹង​ការឈប់​សម្រាក​ការងារ​ប្រចាំ​ឆ្នាំនេះ​ ដើម្បី​ឆ្លើយតប​ដល់​សភាពការណ៍​សេដ្ឋកិច្ច​របស់​កម្ពុជា​។

លោក​បានទទួល​ស្គាល់​ដែរ​ថា ការឈប់​សម្រាក​ប្រចាំឆ្នាំ​របស់​កម្ពុជា​មាន​ចំនួន​ថ្ងៃ​ច្រើន​ជាង​បណ្តា​ប្រទេសជិតខាង​ដែល​បញ្ហា​នេះ មិនអាច​ទាក់ទាញ​ការបណ្តាក់ទុន​វិនិយោគ​ពី​ក្រៅប្រទេស​បានល្អ​ទេ ពីព្រោះ​ថា​នៅពេល​ដែលមាន​ការឈប់​សម្រាក​ច្រើនពេក វា​នឹង​ធ្វើឱ្យ​ផលិតកម្ម​មិនអាច​ឆ្លើយតប​បាន​គ្រប់គ្រាន់​។ ប៉ុន្តែ​កម្ពុជា​នឹង​​ធ្វើ​កំណែទម្រង់​បន្តិច​ម្តងៗ​ ដើម្បី​ឆ្លើយតប​ទៅនឹង​ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​។

យ៉ាងណាក្ដី លោក​ថា ការឈប់​សម្រាក​ប្រចាំ​ឆ្នាំនេះ​ក៏​វា​បាន​ទទួល​ផលប្រយោជន៍​យ៉ាងច្រើន​ផងដែរ​ដល់​កម្មករ​​និយោជិត និង​មន្ត្រីរាជការ​ដើម្បី​បន្ធូរ​បរិយាកាស​ពី​ភាពតានតឹង​ខ្លះ​។ ការសម្រាក​ប្រចាំ​ឆ្នាំនេះ​​ទៀត​សោត​គឺមាន​ច្រើន​ប្រភេទ​របស់​កម្ពុជា​មាន​ទាំង​បុណ្យ​ប្រពៃណីជាតិ និង​ព្រឹតិ្តការណ៍​សំខាន់ៗ​របស់​ជាតិ​ជាច្រើន​ផ្សេងទៀត​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការដែល​ឈប់សម្រាក​នេះ​វា​បាន​ចូលរួម​ផ្តល់​ផលប្រយោជន៍​ដល់​កម្មករនិយោជិត​បាន​លម្ហែកាយ​នៅក្នុង​ព្រឹត្តិការណ៍ ជាពិសេស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដែល​ជា​វប្បធម៌​របស់​យើង ក្រៅពី​ថ្ងៃ​ឈប់សម្រាក​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ។ ប៉ុន្តែ បើ​កម្មករ​កម្មការិនី មិន​សម្រាក​នៅ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ​ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ដែរ​»​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​សុំ​ធ្វើ​អត្ថាធិប្បាយ​បានទេ​កាលពី​ថ្ងៃទី​ ២៤ ខែសីហា​។

លោក សន ជ័យ នាយកប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ (ANSA) ​ថ្លែងថា លោក​មិនសូវ​ជា​ចាប់​អារម្មណ៍​ខ្លាំង​ប៉ុន្មាន​ទេ ពាក់ព័ន្ធ​នឹង​រឿង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដែល​បានចេញ​ឱ្យ​កម្មករ និយោជិត និង​មន្ត្រីរាជការ​បាន​ឈប់សម្រាក​ឆ្នាំ​ ២០២២ ​នេះ​ ព្រោះ​វា​គ្មានអ្វី​ប្រែប្រួល​នោះទេ​។

ទោះជា​យ៉ាងណា កាលពី​ឆ្នាំ​ ២០១៩ រាជរដ្ឋាភិបាល​ធ្លាប់បាន​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​ពី​ ២៨ ​ថ្ងៃ​មក​នៅ​ ២២ ​ថ្ងៃ​វិញ​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​ ២០២០​។ ​លុះ​នៅ​ឆ្នាំ​ ២០២០ ​រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​បន្ថយ​ចំនួន​ ១ ​ថ្ងៃ​បន្ថែមទៀត​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​ ២០២១ ដោយ​នៅសល់​ថ្ងៃ​ឈប់​ត្រឹមតែ​ ២១ ​ថ្ងៃ​ប៉ុណ្ណោះ ដែល​ដូចគ្នា​​នឹង​ឆ្នាំ​ ២០២២ ​ផងដែរ​។

កញ្ញា យ៉ុង លាភ អគ្គលេខាធិការរង​នៃ​សហជីព​សេរី​កម្មករ​កម្ពុជា​បាន​បង្ហាញ​ការយល់ឃើញ​ថា សម្រាប់​ការឈប់​សម្រាក​ការងារ​ឆ្នាំ​ ២០២២ កម្មករ កម្មការិនី នៅតែ​ទទួល​បាន​ផលប្រយោជន៍​ និង​ទទួលបាន​ប្រាក់​ឈ្នួល​ស្របតាម​ច្បាប់​ស្តីពី​ការងារ​។ មួយវិញទៀត​​ការឈប់​សម្រាក​ការងារ​ក្នុង​ឆ្នាំ​ ២០២២ ​គឺ​មាន​លក្ខណៈ​ខុសប្លែក​គ្នា​ពី​ការឈប់​ប្រចាំឆ្នាំ​តាម​ច្បាប់​ការងារ​ដោយ​ក្នុង​ ១ ​ឆ្នាំ​កម្មករ កម្មការិនី​មាន​ ១៨ ​ថ្ងៃ ហើយ​ក្នុង​ ១ ​ខែ​មាន​ ១ ​ថ្ងៃ​កន្លះ សម្រាប់​ឈប់សម្រាក ដែល​នៅតែ​ទទួលបាន​ប្រាក់​ឈ្នួល​ដដែល​ស្របទៅតាម​ច្បាប់​ស្តីពី​ការងារ​។

កញ្ញា​បាន​ថ្លែងថា​៖ «​ចំពោះ​ការឈប់​សម្រាប់​បុណ្យជាតិ តាម​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លេខ ០១០ គឺ​ឱ្យ​កម្មករ កម្មការិនី ឈប់សម្រាក​ដោយ​​មាន​ប្រាក់​ឈ្នួល ដូចជា ឈប់សម្រាក​នៅពេល​បុណ្យភ្ជុំ បុណ្យ​ចូលឆ្នាំ​ខ្មែរ និង​បុណ្យចម្រើនព្រះជន្ម​របស់​ព្រះមហាក្សត្រ​ជាដើម​»​។

ចំពោះ​ការដែល​ថា ប្រទេស​កម្ពុជា​មាន​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​ច្រើន​ និង​ប៉ះពាល់​ដល់​ផលិតកម្ម​នោះ កញ្ញា យ៉ុង លាភ បាន​បដិសេធថា វា​ដូចជា​មិន​ប៉ះពាល់​នោះ​ទេ ព្រោះ​នៅក្នុង​ ១ ​ឆ្នាំៗ​មាន​បុណ្យ​ជាតិ​ត្រឹមតែ​ជាង​ ២០ ​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​ក្នុង​ ១ ​ឆ្នាំ​មាន​រហូតដល់ ៣៦៥ ​ថ្ងៃនោះ​៕

វីដេអូ៖