ភ្នំពេញៈ ក្រោយពី​ទទួលបាន​របាយការណ៍​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទីប្រឹក្សា​ពាណិជ្ជកម្ម​នៃ​ស្ថាន​ឯកគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក កំពុង​ចាត់វិធានការ​ជាក់ស្តែង​ស្វែងរក​ជួប​ម្ចាស់​ទំនិញ ដែល​ប្រើប្រាស់​រូប​ប្រាសាទ​អង្គរវត្ត​នៅលើ​កញ្ចប់មី​ដែលមាន​ឈ្មោះថា «Nam Vang Noodle» ដែល​មិនមាន​ការអនុញ្ញាត​ដាក់លក់​នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកកម្ម​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ​សីហា​ថា ការ​មាន​វិធានការ និង​ស្វែងរក​ម្ចាស់​ទំនិញ​នេះ គឺ​ដើម្បីឱ្យ​ដកចេញ​ឈប់​លក់ និង​ឈប់​ប្រើប្រាស់​រូប​សញ្ញា​ប្រាសាទអង្គរវត្ត​នេះ​លើ​កញ្ចប់មី​របស់ខ្លួន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា​។

លោក ប៉ែន សុវិជាតិ បន្តថា​៖ «​ក្រសួង​នឹង​បន្ត​សហការ​ជាមួយ​ស្ថាន​រាជទូត​កម្ពុជា​នៅ​បរទេស ដើម្បី​ពិនិត្យ​តាមដាន​បន្តទៅទៀត កុំឱ្យ​មាន​ករណី​បំពាន​របៀបនេះ​កើតឡើង​ជាថ្មី​»​។

បើតាម​លោក សុវិជាតិ ​ក្រសួង​ពាណិជ្ជកម្ម​ក៏បាន​ស្នើសុំ​កិច្ចសហការ​ផងដែរ ពី​វិស័យ​ឯកជន និង​អ្នកប្រើប្រាស់​ឱ្យជួយ​ពិនិត្យ​តាមដាន និង​ផ្តល់ព័ត៌មាន​ទាន់​ពេលវេលា​អំពី​ករណី​រំលោភបំពាន​របៀបនេះ ដើម្បី​ចូលរួម​ការពារ​រូប​សញ្ញា​ដែលជា​និមិត្តរូប​របស់​ជាតិ និង​ការរំលោភបំពាន​ផ្សេងទៀត​ទៅលើ​អត្តសញ្ញាណ​ជាតិ និង​កម្មសិទ្ធិបញ្ញា​របស់​កម្ពុជា​។

លោក​ ឡុង ប៉ុណ្ណាសេរីវត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២២ សីហា ថា ពាក់ព័ន្ធ​នឹង​ផលិតផល​មី Nam Vang Noodle មាន​ឈ្មោះ​ទីក្រុង​ភ្នំពេញ និង​រូប​ប្រាសាទ​អង្គរវត្ត​នៅលើ​សម្បក​កញ្ចប់ នេះ​ត្រូវបាន​អាជ្ញាធរ​ជាតិ​អប្សរា និង អ្នកពាក់ព័ន្ធ​ធ្វើការ​សិក្សា​រកឃើញ​ថា មិន​ធ្លាប់មាន​ពីមុនមក​នោះទេ​។

លោក​បាន​បន្តថា ប្រសិនបើ​ក្រសួង​ពាណិជ្ជកម្ម​ស្រាវជ្រាវ​រកឃើញ​ច្បាស់​ថា មា​ការក្លែងបន្លំ​ពិតប្រាកដ​មែន ក្រសួង​នឹងដាក់​លិខិត​ប្តឹងទៅ​ស្ថាប័ន​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម និង​ការក្លែង​ផលិតផល និង​អត្តសញ្ញាណ​ប្រទេសមួយ​យកទៅ​ដាក់​លើ​ស្លាក​សញ្ញា​ផលិតផល​របស់​ខ្លួនឯង ដែល​ត្រូវ​ហាមឃាត់ តាម​អនុសញ្ញា​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រកួតប្រជែង​ពាណិជ្ជកម្ម មិន​ស្មោះត្រង់​។

លោក ឌឹម ថេង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប ការក្លែងបន្លំ (​កបប​) ​ឱ្យដឹង​ដែរ​ថា ពាក់ព័ន្ធ​ទៅនឹង​ការប្រើប្រាស់​រូបសញ្ញា ឬ​និមិត្តសញ្ញា​ជាតិ ដូចជា​ប្រាសាទ អង្គរវត្ត ឬ ក៏​ដាក់​រូប​សញ្ញា​អ្វីដែល​ធ្វើឱ្យ​មាន​ការភាន់ច្រឡំ​គឺ​វា​ខុស​ទៅនឹង​ច្បាប់​ស្តី​អ្នក​ប្រើប្រាស់​។

លោក​បន្តថា បើ​ផលិតផល​នោះ​ផលិត ឬ​ដាក់លក់​នៅក្នុង​ប្រទេស​កម្ពុជា វា​ខុស​ទៅនឹង​ច្បាប់​របស់​កម្ពុជា ដែល​តម្រូវ​ឱ្យ​ប្រមូល​ផលិតផល​ទាំងអស់ និង​កែតម្រូវ​កែសម្រួល​ឱ្យបាន​ត្រឹមត្រូវ​។ ប៉ុន្តែ បើ​ផលិតផល​នោះ​ដាក់​នៅក្នុង​ប្រទេស​ណាមួយ​ដូចជា​នៅ​សហរដ្ឋ​អាមេរិក ស្ថានទូត​តំណាង​ប្រទេស​កម្ពុជា​ត្រូវធ្វើ​កំណត់​ទូត​ទៅ​ក្រសួង​ការបរទេស​របស់​ប្រទេស​នោះ​ឱ្យ​ប្តូរ​ស្លាក​សញ្ញា​និង កែតម្រូវ​ឱ្យបាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​។

រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ស្ថាន​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​ ១២ កក្កដា បាន​ចាត់​វិធានការ​ទៅលើ​ក្រុមហ៊ុន​អង្ករ​ឥណ្ឌា​ឈ្មោះ Voyage India ឱ្យ​បញ្ឈប់​ការប្រើប្រាស់​ឈ្មោះ និង​រូប​ប្រាសាទអង្គរវត្ត​នៅលើ​សម្បក​វេចខ្ចប់​ទំនិញ​របស់ខ្លួន ដែល​បាន​ប្រើ​ឈ្មោះ Angkor Wat Thai Hom Mali Jasmin Rice ចរាចរ​លក់​អង្ករ​តាម​អនឡាញ​ដោយ​ពុំមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​។

កម្ពុជា​ចាត់ទុក​ទង្វើ​របស់​ក្រុមហ៊ុន​ឥណ្ឌា​នេះ​ថា បាន​ប្រាសចាក​នឹង​ច្បាប់​ស្តីពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ​នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ព្រមទាំង​រំលោភ​លើ​អនុសញ្ញា​ទីក្រុង​ប៉ារីស​ស្តីពី​កិច្ចការពារ​កម្មសិទ្ធិ​ឧស្សាហកម្ម​៕

វីដេអូ៖