ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាលបាន​ជំរុញ​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ចូលរួម​ធ្វើការ​ផ្សព្វផ្សាយ អប់រំ និង​អនុវត្ត​នូវ​រាល់​វិធានការ​នានា ដែល​បាន​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល ក្នុង​គោលបំណង​ធ្វើឱ្យ​សង្គម​កម្ពុជា​ចៀស​ផុតពី​ការចម្លង​ទ្រង់ទ្រាយ​ធំ​ចូលទៅក្នុង​សហគមន៍​នៃ​វីរុស​កូវីដ​ ១៩ ​ឬ​ជំងឺឆ្លង​ផ្សេងៗ​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បាន​បាន​ថ្លែងថា អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​នៅ​មូលដ្ឋាន គ្រប់​ជាន់ថ្នាក់ ត្រូវតែ​ខិតខំ​ធ្វើយ៉ាងណា អប់រំ​ប្រជាពលរដ្ឋ​ពី​ការការពារ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩​។

លោកស្រី​បាន​មាន​ប្រសាសន៍​ថា​៖ «​តួនាទី​របស់​សហគមន៍​នៅក្នុង​ការទប់ស្កាត់​ការចម្លង​វីរុស​កូវីដ​ ១៩ វា​ជា​យុទ្ធសាស្ត្រ​គន្លឹះ​សំខាន់​មួយ​ក្នុងចំណោម​យុទ្ធសាស្ត្រ​ផ្សេងៗ​ទៀត ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ហើយ​សហគមន៍​របស់​យើង ក៏មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការចូលរួម​ធ្វើការ​ផ្សព្វផ្សាយ អប់រំ ការអនុវត្ត នូវ​រាល់​វិធានការ​នានា​ដែល​បានដាក់​ចេញ​»​។

លោកស្រី​ ឱ វណ្ណឌីន បាន​បន្តថា ការចូលរួម​ទទួលខុសត្រូវ​របស់​សហគមន៍ គឺជា​ចំណុច​សំខាន់​មែនទែន ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​កាលៈទេសៈ​នៃ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។ ការទទួល​ខុសត្រូវ​រួមគ្នា​គឺជា​កិច្ចការ​សំខាន់​ចាំបាច់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​នៅក្នុង​ការទប់ស្កាត់ ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ជាពិសេស​នៅក្នុង​បរិបទ​ដែល​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី ប្រភេទ​ដែលតា កំពុងតែ​ចរាចរ​នៅ​សឹងតែ​គ្រប់​បណ្តា​រាជធានី​-​ខេត្ត​រួចហើយ​។

លោកស្រី​បាន​បញ្ជាក់ថា៖ «​យើង​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​ប្រព័ន្ធ​សហគមន៍​មួយ​រឹងមាំ សំដៅ​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​សហគមន៍ និង​ជំរុញ​ការចូលរួម​របស់​បុគ្គល​ឱ្យ​ពួកគាត់​ចូលរួម​បាន​យ៉ាង​សស្រោកសស្រាំ ប៉ុន្តែ​មិនមែន​ត្រឹមតែ​បុគ្គល​ទេ គឺ​គ្រួសារ និង​សហគមន៍​ត្រូវតែ​រួមគ្នា​ទទួលខុសត្រូវ​ក្នុង​ការទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ​ ១៩ ​ទៅក្នុង​សហគមន៍​របស់ខ្លួន​»​។

លោកស្រី​បន្ថែមថា អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ប្រើប្រាស់​នូវ​យន្តការ​ដែល​មាន​ស្រាប់ ដូចជា​ក្រុម​ទ្រទ្រង់​សុខភាព​ភូមិ គណៈកម្មការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ ក្រុមប្រឹក្សាឃុំ​សង្កាត់ អាជ្ញាធរ​ភូមិ និង​ជន​បង្គោល​សហគមន៍​ផ្សេងៗ​ទៀត​ដើម្បី​ធ្វើយ៉ាងណា ឱ្យ​យន្តការ​នៃ​ការអនុវត្ត​កិច្ចការ​នេះ​មាន​ភាពរលូន ស៊ីចង្វាក់​គ្នា ហើយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​។

អាជ្ញាធរ​ស្រុក​កោះសូទិន ចុះ​ផ្សព្វផ្សាយ​ពី​ការការពារ​ខ្លួន​កុំឱ្យ​ឆ្លង​ជំងឺ​កូវីដ​។ រូបថត ហ្វេសប៊ុក

លោក ឡុង សុធា យុវជន​ស្ម័គ្រចិត្ត ចូលរួម​ប្រយុទ្ធ​នឹង​វីរុស​កូវីដ​ ១៩ ​ក្នុង​ខេត្តតាកែវ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែសីហា​ថា លោក​ពេញចិត្ត​ក្នុង​ការធ្វើការងារ​នេះ ដោយសារ​វា​មិនមែន​តែ​សម្រាប់​រូបលោក ក្រុម​គ្រួសារ​លោក​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​សំខាន់​គឺ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​សុខភាព​ល្អ និង​ឆាប់​បាន​វិល​មករក​ការរស់នៅ​ដូច​មុន​វិញ​។

លោក​បាន​ប្រាប់ថា៖ «​វា​ជា​ការងារ​ថ្មី​សម្រាប់​ខ្ញុំ តែ​មិនមាន​ការលំបាក​ទេ ហើយ​ខ្ញុំ​សប្បាយចិត្ត​ចូលរួម​ជាមួយ​នឹង​អាជ្ញាធរ​ក្នុង​ការចុះ​ផ្សព្វផ្សាយ និង​អប់រំ​ទៅដល់​ប្រជាពលរដ្ឋ​តាម​ជនបទ និង​កន្លែង​ផ្សេងៗ​ពី​ការការពារ និង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​នេះ​»​។

លោក ឡុង សុធា បញ្ជាក់ថា ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​ស្ទើរ​គ្រប់គ្នា​ពី​ការការពារ​វីរុស​នេះ ដោយសារ​ពេល​លោក​ ឬ​មេភូមិ មេឃុំ​សួរ​ពី​របៀប​ការពារ គឺ​ពួកគាត់​ឆ្លើយ​មក​បាន​យ៉ាង​ត្រឹមត្រូវ ដែល​នេះ​គឺជា​ចំណុច​ល្អ​មួយ​សម្រាប់​ការកាត់បន្ថយ​ការចម្លង​ជំងឺ​នេះ​ឱ្យបាន​លឿន​។

គួរបញ្ជាក់​ផងដែរ​ថា នៅ​ព្រឹក​ថ្ងៃទី​ ១៦ សីហា​កន្លងមក ក្រសួង​សុខាភិបាល​បានប្រកាស​បើក​ដំណើរការ​យុទ្ធនាការ​ជាតិ​ក្រោម​ប្រធានបទ​ «​រួមគ្នា​ទទួល​ខុសត្រូវ​ទប់ស្កាត់​ការចម្លង​វីរុស​កូវីដ ​១៩» ដែលជា​វិធាន​ការបន្ថែម​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​នៅ​ទូទាំងប្រទេស​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​នៅក្នុង​ពិធី​បើក​យុទ្ធនាការ​នោះ​ថា៖ «​ការអប់រំ​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​​កូវីដ​ ១៩ និង​ចេះ​ទទួល​ខុសត្រូវ​ក្នុង​ការការពារ​ខ្លួនឯង គ្រួសារ និង​សហគមន៍​ពិតជា​មាន​សារៈសំខាន់​ណាស់ ហើយ​យើង​បាន​ធ្វើ​ការងារ​នេះ​កន្លងមកហើយ ដែល​ធ្វើឱ្យ​យើង​អាច​ទប់ស្កាត់​បាន​នូវ​ការចម្លង​ចូលក្នុង​សហគមន៍​នាពេល​កន្លងមក​»៕