ភ្នំពេញៈ រាជរដ្ឋាភិ​បាល​កម្ពុជា​បាន​សម្រេច​ប្រកាស​ដាក់​ចេញ​នូវ «គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ដូ​ស​ជំរុញ»​ ដល់​ប្រជាជន​ទូទៅ​ដែលមាន​អាយុ​ចាប់ពី ១២ ឆ្នាំ​ឡើ​ងទៅចាប់​ពី​ខែសីហា​នេះ ដល់​ពាក់កណ្តាល​ឆ្នាំ ២០២២​ អាស្រ័យ​លើ​លទ្ធភាព​នៃ​ការ​ស្វែង​រក ​និង​ទទួល​បាន​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​។

យោង​តាម​សេចក្តី​ប្រកាស​ដែល​ចុះហត្ថ​លេខា​ដោយ​ឱ្យ​អនុវត្ត​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃទី ២៥ ខែសីហា​នេះ បាន​លើក​ឡើង​ថា ដើម្បី​ត្រៀម​លក្ខណៈ​ឈាន​ឆ្ពោះ​ទៅ​កាន់​ផែនការ​នៃ​ការបើក​ដំណើរ​ការ​ប្រទេស​ពេញ​លេញ​ឡើង​វិញ​លើ​គ្រប់​វិស័យ និង​ការ​រស់នៅ​ជាមួយ​នឹង​វត្តមាន​ជំងឺ​កូ​វីដ ១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី រាជរដ្ឋា​ភិបាល​សម្រេច​ប្រកាស​ដាក់​ចេញ​នូវ​គោល​នយោបា​យ​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ដូ​ស​ជំរុញ​នេះ​។

លោក​ថា ទ​ឡ្ហីករ​ណ៍​បែប​វិទ្យាសាស្ត្រ​ដែល​បានលើកឡើង​នៅក្នុង​ឯកសារសិក្សា​ស្រាវជ្រាវ​ពី​ប្រទេស​ជាច្រើនបាន​បង្ហាញ​ថា ក្រោយ​ពេល​ចាក់​វ៉ាក់​សាំង​មូល​ដ្ឋាន​គ្រប់​ដូ​ស​រួច​ហើយ​ កម្រិត​ភាព​ស៊ាំ​ប្រឆាំង​នឹង​មេរោគ​កូ​វីដ ១៩ អាច​ស្ថិតនៅ​រយៈពេល​ប្រមាណ​ពី ៦​ ទៅ ៨ ​ខែ សម្រាប់​ករណី​ទូទៅ​និង​អាច​ខ្លី​ជាង​នេះ​សម្រាប់​ក្រុម​មនុស្ស​វ័យ​ចាស់ ​និង​អ្នក​មាន​ប្រព័ន្ធ​ការ​ពារ​ខ្សោយ»​។

លោក ​ហ៊ុន ​សែន បាន​លើកឡើ​ង​​ថា៖​ «ការចាក់​វ៉ាក់​សាំង​កូ​វីដ ១៩ ដូ​ស​ជំរុញ អាច​បង្កើន​ភាព​ឆ្លើយ​តប​នៃ​អង្គ​បដិបក្ខ​នៃ​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ដើម្បី​ប្រឆាំង​នឹង​មេរោគ​កូ​វីដ ១៩​ ប្រភេទ​ដែល​តា (Delta) និង​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​ផ្សេង​ទៀត»​។

លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ការអ​នុវត្ត​នូវ​គោល​នយោបា​យ​ចាក់​វ៉ាក់​សាំង​កូ​វីដ ១​៩ ដូ​ស​ជំរុញ​នេះគឺ​រាជរដ្ឋាភិ​បាល​នៅតែ​បន្ត​អនុវត្ត​គោល​ការណ៍​ស្ម័គ្រ​ចិត្ត, គោល​ការណ៍​ឥត​គិត​ថ្លៃ, ការធ្វើ​អាទិ​ភាវូបនីយ​កម្ម​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ ១៩ ​ដូស​ជំរុញ​ ទៅលើ​ក្រុម​មនុស្ស​ និង​តាម​ទីតាំង​ភូមិ​សាស្ត្រ, ការ​ធានា​ប្រសិទ្ធភាព​ និង​សុវត្ថិ​ភាព​នៃ​ការ​ចាក់​វ៉ាក់​សាំង​ដូ​ស​ជំរុញ និង​យន្តការ​អនុវត្ត​គោល​នយោ​បាយ​៕