ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​ ២៣ ខែសីហា បាន​ផ្សព្វផ្សាយ​បទពិសោធ​នៃ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​តាម​ប្រព័ន្ធ​អនឡាញ (Zoom) ទៅដល់​មន្ត្រី​បរិស្ថាន​នៅ​ថ្នាក់ក្រោម​ជាតិ​រាជធានី-ខេត្ត ទូទាំង​ប្រទេស ដើម្បី​​ចូលរួម​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ និង​ផលប៉ះពាល់ ដែល​នឹង​អាច​កើតមានឡើង​។

យោងតាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួងបរិស្ថាន​បាន​ឱ្យ​ដឹងថា មន្ត្រី​ជំនាញ​បាន​ធ្វើ​បទបង្ហាញ​អំពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​លើ​វិស័យ​ធំៗ ដូចជា ផលប៉ះពាល់​ទៅលើ​វិស័យ​កសិកម្ម ផលប៉ះពាល់​ទៅលើ​វិស័យ​ធនធានទឹក ផលប៉ះពាល់​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផលប៉ះពាល់​ចំពោះ​សុខភាព​មនុស្ស​។

លោក ជួប ប៉ារីស៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ការដុត​សំណល់​បាន​បញ្ចេញ​ឧស្ម័ន​ពុល (CO2) បណ្ដាលឱ្យ​ឧស្ម័ន​ពុល​ទាំងអស់​នឹង​ហើរ​ទៅក្នុង​បរិយាកាស បណ្តាល​ទៅជា​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ធ្វើឱ្យមាន​ការប្រែប្រួល​អាកាសធាតុ​។

លោក​ថ្លែងថា​៖ «​កាលណា​យើង​ដុត​សំណល់​ប្លាស្ទិក​វា​បញ្ចេញ​ឧស្ម័ន​គីមី​ពុល CO2 (​ឧស្ម័ន​ផ្ទះ​កញ្ចក់​) ដែល​ធ្វើឱ្យ​ភពផែនដី​ឡើង​កម្ដៅ​។ យើង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា មិនឱ្យ​កម្តៅ​លើ​ផែនដី​បន្ត​កើនឡើង ដោយ​កាត់បន្ថយ​ការផលិត​ឧស្ម័ន​កាបូនិច​ឱ្យ​បាន​តិចតួច​បំផុត ដោយ​ប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​មក​ប្រើ​ជំនួស​»​។

លោក ជួប ប៉ារីស៍ បាន​អះអាង​ថា គ្រប់គ្នា​ត្រូវតែ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការដាំ​ដើមឈើ​ឡើងវិញ​ឱ្យបាន​ច្រើន ព្រោះ​ដើមឈើ​អាច​ស្រូបយក​ឧស្ម័ន​កាបូនិច ហើយ​ដើមឈើ​ក៏​ជា​អ្នកបង្កើត​អុកស៊ីហ្ស៊ែន​បន្ថែម ដើម្បី​ទ្រទ្រង់​ជីវិត​សត្វ​នៅលើ​ផែនដី​ផងដែរ​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ២៤ សីហា​ថា ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ឱ្យ​មាន​ការយល់ដឹង​អំពី​ការប្រែប្រួល​អាកាសធាតុ ព្រោះ​មន្ត្រី​ទាំងនោះ​គឺជា​កម្លាំង​ជួរមុខ​ក្នុង​ការចុះ​អប់រំ​បន្ត​ដល់​ប្រជាពលរដ្ឋ និង​យុវជន​ជំនាន់​ក្រោយ​ឱ្យ​មាន​ការចូលរួម និង​មានការ​យល់ដឹង​អំពី​បញ្ហា​នៃ​ការប្រែប្រួល​អាកាសធាតុ​។

អ្នកនាំពាក្យ​រូបនេះ​ថ្លែងថា​៖ «​ការប្រែប្រួល​អាកាសធាតុ គឺជា​បញ្ហា​ប្រឈម​របស់​កម្ពុជា និង​ពិភពលោក បើទោះ​ជា​កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​បង្កើត​ឱ្យ​មាន​ការប្រែប្រួល​អាកាសធាតុ​យ៉ាងណាក្តី ក៏​កម្ពុជា​បាន​ទទួល​រង​នូវ​ការប្រែប្រួល​អាកាសធាតុ​នេះ ដូច្នេះ​កម្ពុជា​ត្រូវតែ​ស្វែងរក​វិធានការ​នានា ដើម្បី​រួមគ្នា​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ និង​ផលប៉ះពាល់​ទាំងនេះ​»​។

លោក​បាន​ឱ្យដឹង​ទៀតថា​៖ «​យើង​ជឿជាក់ថា ចំណេះដឹង​ដែល​មន្ត្រី​បរិស្ថាន​យើង​មាន​ហ្នឹង នឹង​ធ្វើការ​ចែករំលែក​បន្ត​អំពី​ការយល់ដឹង និង​ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ប្រឈម​ចំពោះមុខ​របស់​កម្ពុជា និង​ពិភពលោក​ទៅកាន់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ផ្សេងទៀត​នៅ​ថ្នាក់​ខេត្ត​»​។

លោក ហែម ឧត្តម អ្នកជំនាញ​ផ្នែក​បរិស្ថាន​បាន​ថ្លែងថា ការកសាង​សមត្ថភាព​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ គឺជា​រឿង​ចាំបាច់ ហើយ​រយៈពេល​កន្លងមក ក្រសួង និង​​ដៃគូ​អភិវឌ្ឍន៍​បាន​បង្កើត​វគ្គបណ្តុះបណ្តាល​ដល់​មន្ត្រី​ជាច្រើន​ជុំវិញ​បញ្ហា​នេះ​។ ប៉ុន្តែ​ជាក់ស្តែង មន្ត្រី​ទាំងអស់​ដែល​មាន​សមត្ថកិច្ច មិនទាន់​មាន​ឆន្ទៈ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​នេះ​បាន​ពេញលេញ​នៅឡើយ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​ការផ្តល់​សិទ្ធិ និង​អំណាច​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ដែលជា​មន្ត្រី​រស់នៅ​ស្និទ្ធ​នឹង​មូលដ្ឋាន និង​បញ្ហា​ប្រឈម​ដែល​បណ្តាល​ឱ្យមាន​ការប្រែប្រួល​អាកាសធាតុ ក៏​មិនទាន់​បាន​ទូលំទូលាយ​នៅឡើយ​ដែរ ហើយ​ចំណុច​មួយ​ដែល​ពាក់ព័ន្ធ​ជិតស្និទ្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​នេះ គឺ​ការផ្តល់​នូវ​អំណាច និង​សិទ្ធិ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​នៅតាម​ខេត្ត​នីមួយៗ ព្រោះ​ពួកគាត់​ហ្នឹងហើយ ដែល​រស់នៅ​ក្បែរ​នឹង​បញ្ហា​ទាំងនោះ ហើយ​នៅពេល​មាន​បញ្ហា​អ្វី​កើតឡើង គឺ​ពួកគាត់​អាច​ចាត់វិធានការ​បាន​លឿន​»​។

ទោះយ៉ាងណា​ក៏ដោយ​លោក ហែម ឧត្តម បាន​អះអាង​ថា ការផ្ទេរអំណាច​វិនិច្ឆ័យ​ជាក់លាក់​ពី​ថ្នាក់ជាតិ​ទៅ​ថ្នាក់ក្រោម​ជាតិ​នៅ​មិនទាន់​សង្កេតឃើញ​មាន​ទូលំទូលាយ​នៅឡើយ​ទេ ដោយ​ការបង្គាប់បញ្ជា​អ្វី​ផ្សេងៗ គឺធ្វើឡើង​នៅ​ថ្នាក់ជាតិ​វិញ​៕