ភ្នំពេញៈ បុរស​ម្នាក់​ដែល​ក្លែង​ធ្វើ​សមត្ថកិច្ច​ស្ទាក់​យកប្រាក់​ពី​រថយន្ត​ដឹក​បន្លែ​តាមផ្លូវ នៅ​សង្កាត់​ក្រាំងពង្រ ខណ្ឌ​ដង្កោ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ​ «​គំរាមកំហែង​ដោយមាន​បញ្ជា​ឱ្យបំពេញ​លក្ខខណ្ឌ​អ្វីមួយ​» ​បន្ទាប់ពី​អាវុធហត្ថ​បញ្ជូនទៅ​តុលាការ​បាន​ ១ ​ថ្ងៃ​។

លោក​ ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៤ ​សីហា​ថា បុរស​ឈ្មោះ គោ ចិន អាយុ​ ៣៥ ​ឆ្នាំ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់ បន្ទាប់ពី​ដំណើរការ​សាកសួរ​តាម​នីតិវិធី​នៅ​ថ្ងៃទី​ ២៤ ​សីហា​។

លោក​ថ្លែងថា​៖ «​តំណាង​អយ្យការ​បាន​ចោទ​បទ​គំរាមកំហែង​ដោយមាន​បញ្ជា​ឱ្យ​បំពេញ​លក្ខខណ្ឌ​អ្វីមួយ​តាម​មាត្រា​ ២៣២ នៃ​ក្រម​ព្រហ្មទណ្ឌ​»​។ យោងតាម​មាត្រា​ ២៣២ នៃ​ក្រមព្រហ្មទណ្ឌ បើសិនជា​តុលាការ​រកឃើញ​ថា ជន​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ នឹងត្រូវ​ប្រឈម​ទោស​ជាប់​ពន្ធនាគារ​ពី​ ៦ ​ខែ​ទៅ​ ២ ​ឆ្នាំ និង​ពិន័យ​ប្រាក់​ចូល​ថវិការដ្ឋ​ពី​ ១ ​លាន​ទៅ​ ៤ ​លាន​រៀល​។

ទាក់ទង​ការឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ​ ភ្នំពេញ ​ប៉ុស្តិ៍​ មិនអាច​ស្វែងរក​មន្ត្រី​ជំនាញ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជាក់បន្ថែម​បានទេ​នៅ​រសៀល​ថ្ងៃទី​ ២៤ ​សីហា​។ ប៉ុន្តែ​បើ​យោងតាម​ហ្វេសប៊ុក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្ហោះ​សារ​កាលពី​ថ្ងៃទី​ ២៣ ​សីហា​ថា នៅ​រសៀល​ថ្ងៃទី​ ២៣ សីហា ឆ្នាំ​ ២០២១ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​។

ការបញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ជា​សមត្ថកិច្ច​ដាក់​កុងត្រូល​ជជុះ​ឃាត់​រថយន្ត​ដឹក​បន្លែ​របស់​ពលរដ្ឋ​តាម​ដងផ្លូវ ដើម្បី​សម្លុត​គំរាមកំហែង​ទារប្រាក់​។ ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ គឺ​បន្ទាប់ពី​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌដង្កោ ទទួល​បាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​។

ភ្លាមៗ​នោះ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​ភូមិសាស្ត្រ​របស់ខ្លួន​នៅវេលា​ម៉ោងជាង​ ១២ ​រំលងអធ្រាត្រ ថ្ងៃទី​ ២១ សីហា​ ក៏​ប្រទះឃើញ​មាន​ករណីនេះ​កើតមាន​ពិតប្រាកដ​មែន​។ ទីតាំង​បង្ក​បទល្មើស​ស្ថិត​នៅមុខ​ការដ្ឋាន​ផ្ទះល្វែង ផ្លូវជាតិ​លេខ​ ៣ ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

នៅពេល​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ចិន គោ ភេទ​ប្រុស អាយុ​ ៣៥ ​ឆ្នាំ​មាន​មុខរបរ​មិន​ពិតប្រាកដ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ចំណត​ត្រាច ឃុំ​ថ្នាធ្នង់ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ ចំពោះ​វត្ថុតាង​ដកហូត​បាន​មាន​រថយន្ត​ម៉ាក​ហ្វ៉ត​ចង្កូត​ស្តាំ ១ ​គ្រឿង ពណ៌​ទឹកសមុទ្រ រួម​នឹង​កោន​ចរាចរណ៍​ចំនួន​ ៦ ​ដើម​ផង​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន និង​បក្ខពួក​ម្នាក់ទៀត ពិតជា​បាន​ឃាត់​រថយន្ត​ដឹក​បន្លែ ១ ​គ្រឿង ដោយ​ពួកគេ​អះអាង​ប្រាប់​អ្នកបើករថយន្ត​ដឹក​បន្លែ​នោះ​ថា ពួកគេ​ជា​សមត្ថកិច្ច និង​បាន​គំរាម​ទារប្រាក់​ពី​តៃកុង​ឡាន​ពិតប្រាកដ​មែន​៕