ក្រចេះ: នគរបាល​ស្រុក​ស្នួល​បញ្ជូន​បុរស​ម្នាក់​ទៅ​សាលាដំបូង​ខេត្តក្រចេះ​ នៅ​ថ្ងៃ​ ២៤ ​សីហា ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ភូមិ​ជើងឃ្លូ ឃុំ​២ធ្នូ បន្ទាប់ពី​បាន​ចាប់​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ២៣ ​សីហា​។

លោក​ ចាន់ សុគីម អធិការនគរបាល​ស្រុក​ស្នួល ប្រាប់​នៅ​ថ្ងៃទី​ ២៤ ​សីហា​ថា បុរស​សង្ស័យ​ឈ្មោះ​ ផៃ ផល្លា អាយុ​ ៣១ ​ឆ្នាំ រស់នៅ​ភូមិ​កាត់ដៃ ឃុំ​ស្នួល ស្រុក​ស្នួល ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តក្រចេះ​នៅ​ថ្ងៃទី​ ២៤ ​សីហា​។

ជនសង្ស័យ​ប្រើប្រាស់​អាវុធ​គ្មាន​លិខិត​អនុញ្ញត ហើយ​ជនសង្ស័យ​ក៏​គ្មាន​មុខងារ​ជា​យោធា​ ឬ​កងកម្លាំង​ប្រដាប់អាវុធ​អី​ដែរ​។

លោក​ប្រាប់ថា​៖ «​នៅក្នុង​របាយការណ៍​បឋម​របស់​យើង គឺពាក់ព័ន្ធ​កាន់កាប់​អាវុធ​ខុស​ច្បាប់​។ គាត់​នឹងត្រូវ​ប្រឈមមុខ​ផ្លូវច្បាប់​»​។ លោក​អធិការ​បាន​រំឭក​ប្រាប់ថា នៅ​មុនពេល​សមត្ថកិច្ច​របស់​លោក​ឃាត់ខ្លួន​គឺ​ជនសង្ស័យ​បាន​ទៅ​ដេក​នៅ​សណ្ឋាគារ​មួយកន្លែង​យីហោ ឈ្មោះ​ ផាច់ ខៀវ ស្ថិតនៅ​ក្នុង​ភូមិ​ជើងឃ្លូ ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។

ដោយ​ម្ចាស់​សណ្ឋាគារ​មាន​ការសង្ស័យ ក៏​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​២ធ្នូ ហើយ​នគរបាល​ឃុំ បាន​រាយការណ៍​បន្ត​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​។ ក្រោយពី​លោក​ទទួលបាន​សេចក្តី​រាយការណ៍​មក​គឺ​លោក​បាន​ស្នើសុំ​យោបល់​ពី​លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ និង​ផ្នែក​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត ដោយមាន​ការសម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ដើម្បី​អនុវត្ត​ការឃាត់ខ្លួន​ជនសង្ស័យ​។

លោក​បន្តទៀតថា ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​ស្នងការ​ខេត្ត និង​ពី​សំណាក់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តក្រចេះ​មក លោក​ក៏​ដឹកនាំ​កម្លាំង​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ផៃ ផល្លា ​ខណៈ​ជនសង្ស័យ​កំពុង​ស្នាក់នៅ​ក្នុង​បន្ទប់​មួយ​នៃ​សណ្ឋាគារ​ខាងលើ​។

បើតាម​លោក​ សុគីម ​ថា ចំពោះ​វត្ថុតាង ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ជនសង្ស័យ​មាន​អាវុធ ខ្លី​ ១ ​ដើម ពណ៌​ខ្មៅ ម៉ាក Gloc-k19 ផលិត​នៅ​សហរដ្ឋអាមេរិក​មាន​គ្រាប់ ចំនួន ១២ ​គ្រាប់ លុយ​ខ្មែរ​ចំនួន ១១ ​លាន​រៀល ទូរស័ព្ទ​ចំនួន​ ២ ​គ្រឿង កាបូបស្ពាយ​ចំហៀង​ ១ និង​ម៉ូតូ​ ១ ​គ្រឿង ម៉ាក​សូនិច ពណ៌​ក្រហម​។

លោក សុគីម បន្ថែមថា​ជនសង្ស័យ​ជា​មុខសញ្ញា​ធ្លាប់​ជាប់ពន្ធនាគារ​ ២ ​លើក​រួចមកហើយ ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន តែ​លោក​មិនដឹង​ថា ធ្លាប់​ជាប់ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ​នោះទេ​។ ​ការឃាត់ខ្លួន​ជនសង្ស័យ​លើក​នេះ​គឺ​មិន​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន​ទេ​។

ជុំវិញ​ដំណើរការ​នីតិវិធី​នៅ​តុលាការ​វិញ នៅ​ថ្ងៃទី​ ២៤ ​សីហា ភ្នំពេញ ​ប៉ុស្តិ៍​ បាន​ព្យាយាម​ទាក់ទង​ទៅ​លោក ជា សុភ័ក្ត្រ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​ដែរ តែ​ទូរស័ព្ទ​លោក​បិទ​មិនអាច​ទាក់ទង​បាន​៕