ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ដាក់ចេញ​នូវ​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ ដល់​ប្រជាជន​ទូទៅ​ដែលមាន​អាយុ​ពី ១២ ឆ្នាំ​ឡើងទៅ ដែល​ការចាក់​នេះ​នឹង​ចាប់ផ្តើម​ពី​ខែសីហា ឆ្នាំនេះ​រហូត​ដល់​អំឡុង​ពាក់កណ្តាល​ឆ្នាំ​ ២០២២​។

ជាមួយ​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី​ក៏​បានឱ្យ​គណៈកម្មការ​ចំពោះ​កិច្ច​ទទួល​បន្ទុក​លទ្ធកម្ម​វ៉ាក់សាំង​កូវីដ​ ១៩ ត្រូវ​បន្ត​យក​មិត្ត​ចិន ធ្វើជា​បង្អែក​ផ្នែក​យុទ្ធសាស្ត្រ​ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​កម្ពុជា ហើយ​ប្រភព​ផ្សេងទៀត​នៅ​បន្ត​ជា​ប្រភព​គាំទ្រ​។

រាជរដ្ឋាភិបាល​បាន​ចាត់ទុក​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ គឺជា​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏សំខាន់​មួយ និង​ជា​ខ្សែក្រវាត់​ការពារ​ទី​ ១ ​សំខាន់​ជាងគេ ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​ក៏ដូចជា​ដើម្បី​បង្កើត​ឱ្យបាន​នូវ​ភាពស៊ាំ​ក្នុង​សហគមន៍​ ដើម្បី​ទប់ទល់​នឹង​មេរោគ​នេះ​សំដៅ​ឈាន​ឆ្ពោះទៅ​បើក​ដំណើរការ​ប្រទេសជាតិ​ពេញលេញ​ឡើងវិញ​លើ​គ្រប់​វិស័យ និង​ការរស់នៅ​ជាមួយ​នឹង​ជំងឺ​នេះ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​។

លោក​ ហ៊ុន សែន ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ដាក់ឱ្យ​អនុវត្ត​នូវ​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ នា​ថ្ងៃទី​ ២៥ ​សីហា​ថា រាជរដ្ឋាភិបាល​សម្រេច​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ដូស​ជំរុញ​ដល់​ប្រជាជន​ទូទៅ​ចាប់ពី​អាយុ​ ១២ ​ឆ្នាំ​ឡើងទៅ ក្នុង​គោលបំណង​បង្កើត​ឱ្យបាន​ឆាប់រហ័ស​នូវ​ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ​ដែលជា​មូលដ្ឋាន​ដ៏សំខាន់​សម្រាប់​ការពារ​អាយុជីវិត​ប្រជាជន​ពី​មេរោគ​កូវីដ​ ១៩ ពិសេស ប្រភេទ​ដែលតា (Delta) និង​ប្រភេទ​បំប្លែង​ថ្មី​ផ្សេងទៀត​។

លោក​ថា ដោយសារ​ប្រជាជន​កម្ពុជា​ភាគច្រើន​លើសលប់​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ប្រភេទ​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​ជា​វ៉ាក់សាំង​មូលដ្ឋាន ហើយ​ក្រុមការងារ​ជំនាញ​ថា វ៉ាក់សាំង​នេះ​អាច​ជា​ជម្រើស​មាន​ប្រសិទ្ធភាព​មួយ​ក្នុងការ​ប្រើប្រាស់​សម្រាប់​ជា​ដូស​ជំរុញ ទាំង​ចំពោះ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ​ទាំង​ ២ ​នេះ និង​ទាំង​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រភេទ Astra-Zeneca ឬ Johnson & Johnson​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ឱ្យដឹងថា​៖ «​ដូច្នេះ​ក្នុង​ការចាក់​​ដូស​ជំរុញ​នេះ ត្រូវ​បន្ត​យក​មិត្ត​ចិន​ធ្វើជា​បង្អែក​ផ្នែក​យុទ្ធសាស្ត្រ ក្នុង​ការផ្គត់ផ្គង់​វ៉ាក់សាំង​ដល់​កម្ពុជា ហើយ​ប្រភព​ផ្សេងទៀត​នៅ​បន្ត​ជា​ប្រភព​គាំទ្រ ដែល​បម្រើឱ្យ​តម្រូវការ​ចាំបាច់​នៃ​ផែនការ​វ៉ាក់សាំង​របស់​កម្ពុជា​ទាំង​ជា​វ៉ាក់សាំង​ដូស​ជំរុញ ទាំង​ជា​វ៉ាក់សាំង​សម្រាប់​ជុំ​ទី​២ ផ្អែក​តាម​លទ្ធភាព​របស់​កម្ពុជា​ក្នុង​ការស្វែងរក និង​ទទួលបាន​វ៉ាក់សាំង​កូវីដ​ ១៩»​។

រាជរដ្ឋាភិបាល​ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​ការអនុវត្ត​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​នេះ គឺ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​អនុវត្ត​គោលការណ៍​ស្ម័គ្រចិត្ត គោលការណ៍​ឥតគិតថ្លៃ ការធ្វើ​អាទិភាវូបនីយកម្ម​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​ទៅលើ​ក្រុមមនុស្ស និង​តាម​ទីតាំង ភូមិសាស្ត្រ ការធានា​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ និង​យន្តការ​អនុវត្ត​គោលនយោបាយ​។

លោក ហ៊ុន សែន បាន​លើកឡើង​ថា​៖ «​រាជរដ្ឋាភិបាល​នៅតែ​បន្ត​អនុវត្ត​គោលការណ៍​ស្ម័គ្រចិត្ត​ដដែល​ចំពោះ​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ ជូន​ដល់​ប្រជាជន​។ ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ជុំ​ទី​១ រួចមក​ទទួលយក​វ៉ាក់សាំង​ដូស​ជំរុញ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជួយ​បង្កើន​ភាពឆ្លើយតប​នៃ​អង្គបដិបក្ខ​នៃ​ប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង ប្រឆាំង​នឹង​មេរោគ​កូវីដ​ ១៩ ជាពិសេស​ប្រភេទ​ដែលតា​»​។

ជាមួយ​គ្នា​នេះដែរ រាជរដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ដល់​ប្រជាជន ដែល​មាន​លទ្ធភាព​គ្រប់គ្រាន់​ឱ្យទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ​នៅ​តាម​គ្រឹះស្ថាន​សុខាភិបាល​ឯកជន ដែល​ទទួល​បាន​ការអនុញ្ញាត​ឱ្យ​ផ្តល់​សេវា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នេះ​។

ដោយឡែក បណ្តា​រោងចក្រ​សហគ្រាស និង​ម្ចាស់​អាជីវកម្ម​ទាំងអស់​ក៏ត្រូវ​បាន​លើក​ទឹកចិត្ត​ឱ្យចូល​រួមចំណែក ចែករំលែក​បន្ទុក​ចំណាយ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការផ្តល់​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ​ដល់​បុគ្គលិក និង​កម្មករ-និយោជិត​របស់ខ្លួន​ឱ្យបាន​គ្រប់គ្នា​ផងដែរ​។

លោក​ ហ៊ុន សែន ថា​៖ «​រាជរដ្ឋាភិបាល​នឹង​រៀបចំ​ឱ្យមាន​យន្តការ ដើម្បី​សម្របសម្រួល​ជាមួយ​វិស័យ​ឯកជន និង​តួអង្គ​ពាក់ព័ន្ធ​ទាំង​លើ​ការរួមចំណែក​របស់​រោងចក្រ​សហគ្រាស និង​ម្ចាស់​អាជីវកម្ម​ធំៗ​ក្នុង​ការជួយ​រ៉ាប់រង​ចំណាយ​ដើម្បី​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​បុគ្គលិក និង​កម្មករ-និយោជិត​របស់ខ្លួន​ទាំង​លើ​ការជួយ​គាំទ្រ​ដល់​វិស័យ​ឯកជន​ក្នុង​ការនាំចូល និង​ចែកចាយ​វ៉ាក់សាំង​កូវីដ និង​ផ្តល់​សេវា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ជូន​ពលរដ្ឋ​កម្ពុជា​ក្នុងតម្លៃ​សមស្រប​»​។

សម្រាប់​អ្នក​អាទិភាព​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​នេះ​ត្រូវ​ផ្តើមចេញ​ពី​ក្រុមមន្ត្រី​សុខាភិបាល និង​មន្ត្រី​បម្រើការ​ជួរមុខ​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ និង​ចាប់ផ្តើម​ពី​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ៦០ ​ឆ្នាំ​ឡើងទៅ និង​ប្រជាពលរដ្ឋ​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​មុននឹង​បន្ត​ទៅ​ចាក់​ជូន​ពលរដ្ឋ​ទូទៅ​។

លោក​ថា​៖ «​ការចាក់​ដូស​ជំរុញ​នេះ សម្រាប់​ប្រជាជន​ទូទៅ​គឺ​ត្រូវអនុវត្ត​ស្របតាម​អភិក្រម ផ្ការីក​ដូចដែល​បាន​អនុវត្ត​សម្រាប់​យុទ្ធនាការ​ជាតិ ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅ​ជុំ​ទី​១ ​ដោយ​ផ្តើមចេញ​ពី​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​បន្ត​ទៅកាន់​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​»​។

គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ត្រូវ​រៀបចំ​ផែនការ សកម្មភាព​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ និង​ត្រូវខិតខំ​ដឹកនាំ​សម្របសម្រួល ការអនុវត្ត​ផែនការ​នេះ​ឱ្យបាន​ចប់សព្វគ្រប់​តាម​ការគ្រោងទុក​នៅក្នុង​អំឡុង​ពាក់កណ្តាល​ឆ្នាំ​ ២០២២ ​ខាងមុខ​។

ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​ដូស​ទី​៣ ​ឬ​ដូស​ជំរុញ​នេះ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​លោកស្រី លី អៃឡែន​ បានលើកឡើង​កាលពី​ថ្ងៃទី​ ២២ ​សីហា​ថា ការសម្រេចចិត្ត​របស់​ប្រទេស​កម្ពុជា​ក្នុង​ការចាក់ដូស​បន្ថែម​នៅពេលនេះ​គឺជា​ការដើរ​ទៅមុខ ១ ​ជំហាន​ទៀត​នៃ​ការការពារ​មុនពេល​អ្វីៗ​កើតឡើង​ពី​មេរោគ​កូវីដ​ ១៩ ​នេះ ខណៈដែល​ប្រទេស​កម្ពុជា​បាន​បង្កើត​នូវ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ក្នុង​ការឆ្លើយតប​បាន​យ៉ាង​ល្អ​ផងដែរ​។

លោកស្រី​ថា​៖ «​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុងប្រទេស​កម្ពុជា មានដំណើរការ​យ៉ាង​ល្អ និង​មាន​ល្បឿន​លឿន ហើយ​ចំណុច​មួយទៀត គឺ​ការថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​ជាពិសេស​គឺ​ការជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​មាន​កម្រិត​ធ្ងន់ធ្ងរ គឺ​ទាន់ពេល​តែម្តង​។ ទាំងនេះ​គឺជា​គោលនយោបាយ​មួយ​ដែល​ល្អ​»​។

គិត​ត្រឹម​ថ្ងៃទី​ ២៤ សីហា ពលរដ្ឋ​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​ជាង​ ៨,៨ ​លាន​នាក់​ឬ​ជាង​ ៨៨% ​បាន​ចាក់​វ៉ាក់សាំង ហើយ​ជាមួយ​គ្នា​នោះ ប្រជាពលរដ្ឋ​ជិត​ ៥៣ ​ម៉ឺន​នាក់​បាន​ទទួល​ការចាក់​វ៉ាក់សាំង​ដូស​ទី៣ ​ឬ​ដូស​ជំរុញ​ផងដែរ​៕

វីដេអូ៖