ភ្នំពេញៈ មហាសន្និបាត​ប្រចាំឆ្នាំ​នៃ​អន្តរសភា​អាស៊ាន ហៅ​កាត់​ថា (AIPA) ​លើក​ទី​៤២ នៅ​ថ្ងៃទី​ ២៥ ខែសីហា បានសម្រេច​ឱ្យ​សភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សភា​កម្ពុជា​ធ្វើជា​ប្រធាន ដឹកនាំ​កិច្ចប្រជុំ អាយប៉ា លើក​ទី​៤៣ នៅ​ឆ្នាំ​ក្រោយនេះ បន្ត​ពី​សភា​ប្រទេស​ប្រ៊ុយណេដារូស្សាឡឹម​។

ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំនេះ លោក ប៉េហីន ដាតូ អាប់ឌុល រ៉ាម៉ាន ទីប ប្រធាន​មហាសន្និបាត AIPA លើក​ទី​៤២ ប្រធាន​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ប្រ៊ុយណេដារូស្សាឡឹម ធ្វើជា​ម្ចាស់ផ្ទះ​បាន​ប្រគល់​ញញួរ​ឱ្យ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេដារូស្សាឡឹម​ធ្វើជា​តំណាង​សភា​កម្ពុជា​ក្នុង​ការទទួល​ជា​និមិត្តរូប​។

លោក​ ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​បាន​ថ្លែងថា លោក​នឹង​ទទួលយក​ការទទួល​ខុសត្រូវ​ក្នុង​នាម​ជា​ប្រធាន​អាយប៉ា​ប្តូរវេន​ពី​លោក​ ប៉េហីន ដាតូ អាប់ឌុលរ៉ាម៉ាន ទីប ប្រធាន​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​ប្រុយណេដារូស្សាឡឹម​។ មហាសន្និបាត​អាយប៉ា​លើក​ទី​៤៣ ដែល​សភា​នៃ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​គ្រោង​រៀបចំ​ឡើង​ក្នុង​ខែកញ្ញា ឆ្នាំ​ ២០២២​។

ទោះជា​យ៉ាងណា​លោក​បញ្ជាក់​ថា ដោយសារ​ភាពមិន​ច្បាស់លាស់​ជុំវិញ​នៃ​ការរីករាលដាល​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ អាយប៉ា​នឹង​ជួបគ្នា​តាមរយៈ​វិធី​ណាមួយ​ដែល​អាចធ្វើ​ទៅបាន​។ ប៉ុន្តែ​លោក​មាន​ជំនឿថា មហាសន្និបាត​លើក​ទី​៤៣ គ្រួសារ អាយប៉ា អាច​នឹង​ជួបគ្នា​ដោយផ្ទាល់​នៅលើ​ទឹកដី​នៃ​កម្ពុជា​ ដោយសារ​ពេលនោះ​ជំងឺ​កូវីដ​ ១៩ ​នេះ​អាច​នឹង​ត្រូវបាន​គ្រប់គ្រង និង​សាបរលាប​ពី​ពិភពលោក​នេះ​។

លោក​ ហេង សំរិន ថ្លែងថា​៖ «​សភា​កម្ពុជា​រង់ចាំ​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​លេខាធិការដ្ឋាន អាយប៉ា ក៏ដូចជា​សភាសមាជិក​អាយប៉ា ព្រមទាំង​បណ្តា​ប្រទេស​ជា​ដៃគូ​នានា ដើម្បី​បន្ត​ពង្រឹង​ការងារ​ល្អ​របស់​យើង និង​ធានា​ឱ្យសម្រេចបាន​នូវ​ចក្ខុវិស័យ និង​សេចក្តីប្រាថ្នា​រួម​របស់​អាស៊ាន​។ ជាពិសេស​ការសម្រេច​ឱ្យបាន​នូវ​សហគមន៍​អាស៊ាន​ដែល​ផ្តោតលើ​ប្រជាជន និង​មាន​ប្រជាជន​ជា​ស្នូល​»​។

លោក​ ឈាង វុន ប្រធាន​គណៈកម្មការ កិច្ចការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន រដ្ឋសភា​កម្ពុជា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​បិទបញ្ចប់​មហាសន្និបាត​លើក​ទី​៤២ ដែល​សភា​ប្រទេស​ប្រ៊ុយណេដារូស្សាឡឹម តាម​វីដេអូ​ខុនហ្វើរ៉ិន​នៅ​ថ្ងៃទី​ ២៥ សីហាថា នេះ​គឺជា​មោទនភាព​មួយ​របស់​កម្ពុជា​ដែល​ធ្វើជា​ម្ចាស់ផ្ទះ​។ លោក​ ហេង សំរិន នឹង​ដឹកនាំ​កិច្ចប្រជុំ អាយប៉ា លើក​ទី​៤៣ នា​ឆ្នាំ​ក្រោយនេះ​។

លោក​បន្តថា បើសិនជា​ពិភពលោក​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ ​បាន​នៅ​ឆ្នាំ​ក្រោយនេះ​កម្ពុជា​នឹង​អាច​រៀបចំ​មហាសន្និបាត​នេះ​ដោយផ្ទាល់​បាន ព្រោះ​កម្ពុជា​ត្រូវ​បានគេ​វាយតម្លៃថា ចាប់ពី​ខែ​កញ្ញា​តទៅ​នឹង​អាច​ស្តារឡើងវិញ​នូវ​ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​អាយប៉ា​នេះ​មាន​សារៈសំខាន់​ណាស់ និង​ជា​មោទនៈ​របស់​កម្ពុជា ហើយ​បើ​យើង​មិន​ចូលរួម​ជាមួយ​គេ​ទេ យើង​នៅឯកោ​ដូច​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ឆ្នាំនេះ​។ អ៊ីចឹង អត់​បាន​ចូលរួម ដោយសារ​សភា​របស់​គាត់​ត្រូវបាន​រំលាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កម្ពុជា​នឹង​ត្រូវ​បាន​គេ​ចាត់ទុកជា​អ្នកដឹកនាំ​កិច្ចប្រជុំ​ដ៏សំខាន់​មួយ​នៅក្នុង​តំបន់​អាស៊ាន​នេះ​»​។

ទោះជា​យ៉ាងណា លោក​ថា​សភា​កម្ពុជា មិនទាន់​បាន​សម្រេច​ជ្រើសរើស​ប្រធានបទ​សម្រាប់​ត្រៀម​រៀបចំ​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៤៣ ​នេះ​នៅឡើយ​ទេ ព្រោះ​នៅមាន​រយៈពេល​ ១ ​ឆ្នាំ​​ជាង​ទៀត ហើយ​បន្ទាប់ពី​កម្ពុជា​បញ្ចប់​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​ ២០២២ នឹងត្រូវ​ប្តូរ​ឱ្យ​សភា​ប្រទេស​ឥណ្ឌូនេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ​ម្តង​នៅ​ឆ្នាំ​បន្ទាប់​៕