ភ្នំពេញៈ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ (CHRC) ​ប្រតិកម្ម​ទៅនឹង​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៦០ ដែល​បង្ហាញ​ក្តីបារម្ភ​អំពី​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​កម្ពុជា​។ គណៈកម្មាធិការ​ចាត់ទុក​សកម្មភាព​អង្គការ​ទាំងនេះ ជា​ការបង្ហាញ​ពី​ចរិត​នយោបាយ និង​ភាព​គ្មាន​ការទទួល​ខុសត្រូវ​ក្នុងនាម​ជា​អង្គការ​សង្គម​ស៊ីវិល​។

លោក ជិន ម៉ាលីន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ សីហា​ថា សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៦០ ​នេះ​គួរឱ្យ​អស់សំណើច ដែល​មាន​លក្ខណៈ​នយោបាយ​បែប​ចរិត​កូនក្មេង និង​មិនមាន​ការទទួលខុសត្រូវ​។ ព្រោះ​សេចក្តីព្រាង​ច្បាប់​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​កម្ពុជា​នេះ​បាននិង​កំពុង​តែ​ចាប់ផ្តើម​នៅឡើយ​។ ប៉ុន្តែ​ពួកគាត់​បែរជា​ព្រួយបារម្ភ និង​រិះគន់​ក្នុងពេលដែល​មិនទាន់​បាន​បង្កើត និង​ទើបតែ​ចាប់ផ្តើម​ចេញដំណើរ​។

លោក​ថ្លែងថា ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​កម្ពុជា មិនមែន​រដ្ឋាភិបាល​បង្កើត​តែម្នាក់ឯង​នោះទេ គឺជា​ការបង្កើត​រួមគ្នា​ជាមួយ​ឧត្តមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ មានការ​ចូលរួម​ផ្តល់​ធាតុ​ចូល​ពី​ស្ថាប័ន​ជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី​ Asia Pacific Forum (APF ) រួមគ្នា​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​តាក់តែង​ជា​សេចក្តីព្រាង​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​កម្ពុជា​នេះ​ឡើង​។

លោក​ថ្លែងថា​៖ «​ដើម្បី​ឱ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ យើង​បានដាក់​សេចក្តី​ព្រាង​ (zero draft ) ​នេះ​ឱ្យ​មាន​ការពិគ្រោះ​យោបល់​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ មាន​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ ដើម្បីឱ្យ​មានការ​ផ្តល់យោបល់​»​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ អ្វី​ជា​ការសោកស្តាយ អង្គការ​សង្គម​ស៊ីវិល​នោះ គឺ​មិន​ពិនិត្យមើល ហើយ​ក៏​មិន​ចូលរួម​ក្នុង​ការពិគ្រោះ​យោបល់​ទេ​។ តែ​បែរជា​ចេញ​សេចក្តី​ថ្លែងការណ៍​សាធារណៈ បដិសេធ និង​រិះគន់​ទៅលើ​ស្ថាប័ន​នេះ​ទៅវិញ ដែល​នេះ ជា​ចរិត​កូនក្មេង និង​គ្មាន​ការទទួល​ខុសត្រូវ​នោះ​»​។

បើតាម​លោក ជិន ម៉ាលីន អ្វីដែល​អង្គការ​សង្គម​ស៊ីវិល សម្តែង​ការព្រួយបារម្ភ​នេះ​ពាក់ព័ន្ធ​នឹង​អាណត្តិ​ការងារ ឯករាជភាព និង​សមាសភាព​របស់​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​កម្ពុជា ដែល​ទាំងអស់​នេះ​មាន​នៅក្នុង​សេចក្តី​ព្រាងច្បាប់​នេះ​។ ការធ្វើ​សេចក្តីព្រាង​នេះ​ទៀតសោត គឺ​ផ្អែកលើ​គោលការណ៍​អន្តរជាតិ ដែល​ហៅថា គោលការណ៍​ទីក្រុង​ប៉ារីស ដែល​បានកំណត់​ពី​ឯករាជភាព​ពី​ស្វ័យភាព ពី​សមាសភាព ពី​ការចូលរួម និង​អាណត្តិ​ការងារ​ជាដើម​។

ដោយឡែក ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ​ជាមួយ​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិមនុស្ស OHCHR នៅ​កម្ពុជា អំពី​ដំណើរការ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល​ក្នុង​ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​ ២៥ សីហា លោក ជិន ម៉ាលីន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​ថា​៖ «​គិត​ទៅ​យ៉ាប់​មែន​សង្គម​ស៊ីវិល​នៅ​កម្ពុជា​។ យើង​បើក និង​អញ្ជើញ​ឱ្យ​ចូលរួម​ពិគ្រោះ និង​ផ្តល់យោបល់ មិន​ព្រម​ចូល​ទេ តែ​បែរជា​មក​រិះគន់ និង​បន្តុះបង្អាប់​ជា​សាធារណៈ​ទៅវិញ​។ បើ​យើង​អញ្ជើញ​ខ្លួនឯង​ផ្ទាល់​ទៅ មិន​ថា​ទេ តែ​នេះ​ឧត្តមស្នងការ​សិទ្ធិមនុស្ស OHCHR ចេញមុខ​អញ្ជើញ​ផ្ទាល់​ហើយក៏​នៅតែ​មិន​មកទៀត​»​។

លោក​ ម៉ាលីន ​បន្តថា​៖ «​មិនដឹងថា​ពួកនេះ ចង់បាន​អី​ឱ្យ​ពិតប្រាកដ​ទេ ប្រហែលជា​ចង់​ចិញ្ចឹម​រឿង​ទុក​ធ្វើជា​របរ​នយោបាយ​ និង​ចិញ្ចឹម​ឆ្នាំងបាយ​របស់ខ្លួន​ហើយ​មើល៍ទៅ បានជា​បង្ហាញ​ចរិត​បែប​កូនក្មេង និង​គ្មាន​ការទទួលខុសត្រូវ​បែបនេះ​»​។

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស (​អាដហុក​) ដែល​អង្គការ​មួយ​នេះ​ចូលរួម​ចេញ​សេចក្តី​ថ្លែងការណ៍​ដែរនោះ ឆ្លើយតប​ថា ការចេញ​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សមាគម​នេះ គ្មាន​ការពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​ទេ​។ សេចក្តីថ្លែងការណ៍​នេះ​គ្រាន់តែ​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​ដែល​បាននិង​កំពុង​កើតមាន​នៅក្នុង​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​រឹតត្បិត​ការបញ្ចេញមតិ ស្រប​ពេលដែល​រដ្ឋាភិបាល​កំពុងតែ​ព្យាយាម​ក្នុង​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​កម្ពុជា​។

លោក​បន្ថែមថា សេចក្តី​ថ្លែងការណ៍​នេះ​គ្រាន់តែ​ជា​ការបង្ហាញ​ពី​ជំហរ​របស់​អង្គការ​សង្គម​ស៊ីវិល ចំពោះ​ការចូលរួម​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​កម្ពុជា​តែប៉ុណ្ណោះ​។ ក្នុង​សេចក្តី​ថ្លែងការណ៍​ក៏បាន​បញ្ជាក់ដែរថា មិន​បដិសេធ​ទេ​ចំពោះ​ការបង្កើត ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​កម្ពុជា ព្រោះ​យល់ឃើញថា ស្ថាប័ន​មួយ​នេះ​មាន​សារៈសំខាន់​។ ប៉ុន្តែ​ការបង្កើត​ស្ថាប័ន​នេះ​ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុងតែ​មាន​ការរំលោភ​បំពាន​សិទ្ធិមនុស្ស និង​បរិយាកាស​នយោបាយ​អាប់អួរ​តែប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​កម្ពុជា​ដែល​ត្រូវបង្កើត​មកនេះ​វា​មិន​អាចមាន​ឯករាជ្យ​ពិតប្រាកដ ក្នុង​ការដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​នោះទេ ព្រោះ​ស្ថានភាព​បច្ចុប្បន្ននេះ ខ្ញុំ​យល់ឃើញថា វា​មាន​លក្ខណៈ​ចង្អៀត​»​។

បើតាម​លោក​ នី សុខា រដ្ឋាភិបាល​គួរតែ​ចាប់ផ្តើម​ស្តារ​នូវ​ស្ថានភាព​សិទ្ធិមនុស្ស និង​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្ថានភាព​មាន​សេរីភាព​គ្រប់គ្រាន់ សេរីភាព​ក្នុង​ការបញ្ចេញមតិ សេរីភាព​ក្នុង​ការជួបជុំ​។ សកម្មជន​ទាំងឡាយ ដូចជា​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី និង​សកម្មជន​នយោបាយ​ទាំងអស់​ត្រូវមាន​សេរីភាព​គ្រប់គ្រាន់​ឡើងវិញ ដើម្បីឱ្យ​ពួកគាត់​មាន​សេរីភាព​ឡើងវិញ មុន​នឹង​សម្រេច​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​កម្ពុជា​នេះ​។

អង្គការ​សង្គម​ស៊ីវិល សហជីព សមាគម និង​សហគមន៍​ចំនួន​ ៦០ ​ស្ថាប័ន នា​ថ្ងៃទី​ ២៤ សីហា ឆ្នាំ​ ២០២១ បានចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ការវិវឌ្ឍ នាពេល​ថ្មីៗ​នេះ​ចំពោះ​បំណង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ ខណៈ​ដែល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​ប្រឈម​ជា​បន្តបន្ទាប់​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា ទោះបី​ជា​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ​មាន​ភាពចាំបាច់​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​យ៉ាងណាក្ដី ប៉ុន្តែ​បើ​បង្កើត​សា្ថប័ន​នោះ​ឡើង​ក្នុង​បរិយាកាស​បែបនេះ​នឹង​បង្កើន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ជុំវិញ​ប្រសិទ្ធភាព និង​ទំនុកចិត្ត​នៃ​ស្ថាប័ន​នេះ​។

សេចក្តី​ថ្លែងការណ៍​សរសេរ​ថា​៖ «​យើងខ្ញុំ​ស្នើឱ្យ​រដ្ឋាភិបាល​ផ្ដល់​អាទិភាព​លើ​ការស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា​ឡើងវិញ​ជាមុនសិន មុន​ពេលដែល​បង្កើត​ស្ថាប័ន​នេះ​ឡើង ដើម្បី​ធានា​ថា ការបង្កើត​សា្ថប័ន​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ពិតប្រាកដ​ក្នុង​ការលើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​ជាង​ការបង្កើតឡើង ដើម្បី​គ្រាន់តែ​បំពេញ​ទៅតាម​ការអះអាង​ប្តេជ្ញាចិត្ត​ផ្នែក​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​នាពេល​កន្លងមក​ប៉ុណ្ណោះ​»​។

សេចក្តី​ថ្លែងការណ៍​នេះ​បន្តថា នៅពេល​បង្កើត​ស្ថាប័ន​សិទិ្ធមនុស្ស​ជាតិ​ត្រូវមាន​ការពិចារណា​ឱ្យបាន​ហ្មត់ចត់​ទៅតាម​គោលការណ៍​ទីក្រុង​ប៉ារីស ដែល​ធានា​ជា​ស្តង់ដា​អប្បបរមា​អន្តរជាតិ​ក្នុង​ការបង្កើត​ស្ថាប័ន​សិទិ្ធមនុស្សជាតិ​ប្រកបដោយ​ទំនុកចិត្ត និង​ប្រសិទ្ធភាព​។ ចំណុច​សំខាន់បំផុត គឺ​លក្ខខណ្ឌ​នៃ​ឯករាជភាព​ពី​រដ្ឋាភិបាល​។ ប៉ុន្តែ​គួរឱ្យ​ស្ដាយ​ដែល​នាពេល​កន្លងមក មាន​ការបង្កើត​សា្ថប័ន​ឯករាជ្យ​ជាច្រើន តែ​ទីបំផុត​ស្ថាប័ន​ទាំងអស់​នោះ​អសកម្ម ឬ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​ទាំងស្រុង​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​ដែល​នេះ​ធ្វើឱ្យ​យើងខ្ញុំ​បារម្ភ​ថា ស្ថាប័ន​សិទិ្ធមនុស្សជាតិ ដែល​នឹង​បង្កើតឡើង​នោះ​ក៏​មិន​ខុសពី​ស្ថាប័ន​មុនៗ​ទាំង​នោះដែរ​»​។

អង្គការ​ដែល​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​នេះ រួមមាន សហគមន៍​ដីធ្លី​ ១៩៧ (​កោះកុង​) អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់​សហគមន៍​អមលាំង​ (​កំពង់ស្ពឺ​) សហគមន៍​ដីធ្លី​អណ្ដូង​ត្របែក សហគមន៍​បឹងប្រាំ (​បាត់ដំបង​) សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា​ជាដើម​៕

វីដេអូ៖