ព្រះសីហនុៈ ជំនន់​ទឹកភ្លៀង​បាន​ជន់លិច​យ៉ាងខ្លាំង នៅ​តំបន់​ជាច្រើន​ក្នុង​ក្រុង​ព្រះសីហនុ ជាពិសេស​នៅ​ចំណុច​អូរ ៥ ស្ថិតនៅ​ក្នុងភូមិ​ ៥ សង្កាត់​លេខ​ ៤ ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ ដោយសារ​ទឹកហូរ​កួច ហើយ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន និង​ផ្លូវថ្នល់​ត្រូវបាន​ទឹក​ជន់​លិច ខណៈ​មកដល់​ល្ងាច​ថ្ងៃទី​ ២៥ សីហា មេឃ​នៅ​តែ​កំពុង​បន្ត​ធ្លាក់ភ្លៀង​នៅឡើយ​។

លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា រដ្ឋបាលខេត្ត​នៅ​ពុំទាន់​មាន​តួលេខ​ពី​ទំហំ​នៃ​ការខូចខាត ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​នៅឡើយ​ទេ ដោយសារ​រហូត​មកដល់​ល្ងាច​ថ្ងៃទី​ ២៥ សីហា ក្នុង​ភូមិសាស្ដ្រ​ខេត្ដ​ព្រះសីហនុ មេឃ​នៅតែ​កំពុង​បន្ត​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅឡើយ ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ត្រូវបាន​ទឹក​ជន់លិច​។

លោក ភារម្យ បាន​ថ្លែងថា​៖ «​រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត​ ដោយ​ស្វែងរក​ទីតាំង​ដែលមាន​សុវត្ថិភាព និង​កុំ​ចាកចេញ​ពីផ្ទះ បើ​គ្មាន​ភាពចាំបាច់​។ ជាពិសេស​កុំ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជម្រាលភ្នំ និង​ទីកន្លែង​ដែលមាន​ទឹក​ហូរ​កាត់​ខ្លាំង ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ​»​។

លោក​បានឱ្យដឹងថា នៅ​យប់​ថ្ងៃទី​ ២៤ ខែសីហា នៅក្នុង​ក្រុងព្រះសីហនុ ចាប់ពី​ចន្លោះ​ម៉ោង ៥:០០ ​នាទី​ល្ងាច ដល់​ម៉ោង​ ៨:០០ ​នាទី​យប់ ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បង្គួរ​ទៅ​ខ្លាំង ដោយ​កម្រិត​ទឹកភ្លៀង​កើនឡើង​ពី​ចន្លោះ​ ១២០ ​មិល្លីម៉ែត្រ​ទៅដល់​ ២៧៩ ​មិល្លីម៉ែត្រ​។

សរុប​បរិមាណ​ទឹកភ្លៀង​នៅ​ថ្ងៃទី​ ២៤ ខែសីហា​នេះ មាន​ប្រមាណ​ ២ ៨៥៨,១ ​មិល្លីម៉ែត្រ​បណ្តាលឱ្យ​ទឹក​ជន់​លិច​នៅ​តំបន់​ទំនាប​មួយចំនួន រហូតមកដល់​ម៉ោង​ ១០:០០ ​នាទី​យប់ ទើប​ទឹកភ្លៀង​បាន​ស្រក​វិញ​នៅតាម​អូរ​ប្រឡាយ​សំខាន់ៗ​នៅក្នុង​ក្រុងព្រះសីហនុ​។

រដ្ឋបាល​ខេត្ដ​ព្រះសីហនុ​បានឱ្យដឹងថា គ្រោះទឹកជំនន់​ទឹកភ្លៀង​នៅ​ថ្ងៃទី​ ២៤ ​សីហា បាន​បណ្ដាលឱ្យ​មនុស្ស​ម្នាក់​បាន​ស្លាប់​ដោយសារ​ទឹក​ហូរ​កួច​យកទៅ​ពេល​កំពុងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ចំណុច​អូរ៥​ស្ថិតនៅ​ក្នុងភូមិ​ ៥ សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ​។ សមត្ថកិច្ច​បាន​រកឃើញ​សាកសព​ជនរងគ្រោះ​ដែលជា​បុរស​ជនជាតិ​ចិន​កាលពី​ម៉ោង​ប្រមាណ ៩ ​ព្រឹក​ថ្ងៃទី​ ២៥ សីហា ដោយបាន​អណ្តែត​តាម​ទឹក​ហូរ ទៅ​ទើរ​ជាប់​នៅ​តំបន់​អូរ​អាចម៍​មឹក ស្ថិតនៅ​ក្នុងភូមិ​ ៤ សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ​។

ទិដ្ឋភាព​តាមផ្លូវ​នៅក្នុង​ក្រុងព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃទី​ ២៤ ​សីហា​។ រូបថត រដ្ឋបាលខេត្ត​ព្រះសីហនុ

លោក ស៊ុន សុផាត តំណាង​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ប្រចាំខេត្ត​ព្រះសីហនុ​ (CCFC) បានឱ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី​ ២៥ សីហា ក្នុង​ភូមិសាស្ដ្រ​ខេត្ដ​ព្រះសីហនុ គឺ​នៅ​បន្ត​មាន​ភ្លៀងធ្លាក់​ពី​តិច​ទៅ​ច្រើន​ជាប់​រហូត​។

លោក​ប្រាប់ថា​៖ «​ជំនន់​ទឹកភ្លៀង​នៅក្នុង​ក្រុងព្រះសីហនុ​កើតឡើង​ដោយសារ​តែ​តំបន់​នេះ​ជា​តំបន់ភ្នំ ខ្ពង់រាប និង​ជម្រាលភ្នំ​ច្រើន ហើយ​ប្រព័ន្ធ​លូបង្ហូរទឹក នៅក្នុង​ក្រុង​មិនទាន់​អាច​ទ្រទ្រង់​ចំពោះ​បរិមាណ​ទឹក​ក្នុង​ចំនួន​ច្រើន​បាន​នៅពេល​មាន​ភ្លៀង​ខ្លាំង​»​។

បើតាម​លោក​ សុផាត រដ្ឋបាល​ខេត្ដ​ព្រះសីហនុ គួរ​ធ្វើ​បណ្ដាញ​រំដោះ​ទឹក​ចេញពី​ក្រុង ដើម្បីឱ្យ​ទឹក​ហូរ​ទៅ​សមុទ្រ​ ២-៣ ទីតាំង​បន្ថែមទៀត និង​រៀបចំ​ប្រព័ន្ធ​បង្ហូរ​ទឹកជា​ប្រឡាយ ជា​ជាង​ការធ្វើ​លូបង្ហូរទឹក​។

លោក​បញ្ជាក់ថា​៖ «​បើសិន​ជា​ក្នុង​ភូមិសាស្ដ្រ​ក្រុង​ព្រះសីហនុ នៅតែ​បន្តធ្វើ​លូបង្ហូរទឹក នោះ​ទឹកជំនន់​ទឹកភ្លៀង​គឺ​នៅតែ​បន្ត​ជន់​លិច​ដោយសារ​តែ​ល្បឿន​ទឹកហូរ​តាម​ប្រព័ន្ធ​លូ គឺ​ហូរ​មិនទាន់​បរិមាណ​ទឹកភ្លៀង​ដែល​ធ្លាក់​មក​ច្រើន​ទេ​។ ប្រព័ន្ធ​លូ​​បង្ហូរទឹក នៅពេល​ភ្លៀង​ខ្លាំង វា​នឹង​មាន​ការកកស្ទះ​កាកសំណល់​ផ្សេងៗ ហើយ​មិនអាច​ហូរ​លឿន​ដូច​ប្រឡាយ​ទេ​»​។

ចំណែក​នៅឯ​ខេត្តកោះកុង ជំនន់​ទឹកភ្លៀង​ក៏បាន​ជន់​លិច​ផ្លូវ និង​ផ្ទះ​ប្រជាពលរដ្ឋ​ផងដែរ​។

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ដ​កោះកុង​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​ ២៥ សីហា​ថា ខេត្ដ​កោះកុង​នៅ​យប់​ថ្ងៃទី​ ២៤ ​សីហា មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ (​កម្ពស់​ទឹកភ្លៀង​ ១៨៥ ​មិល្លីម៉ែត្រ​) បណ្តាល​ឱ្យ​មាន​ទឹក​លិច​ផ្លូវ និង​ហូរ​ចូល​ផ្ទះសំបែង​ប្រជាពលរដ្ឋ​មួយចំនួន និង​នៅ​ជុំវិញ​ផ្សារ​ដងទង់​ក្នុង​ក្រុង​ខេមរភូមិន្ទ ដោយសារ​តែ​ចំនួន​ទឹក​កើនឡើង​លឿន​ពេក​ហូរ​ចេញ​មិនទាន់​។ លោកស្រី​ថ្លែងថា​៖ «​សូម​ពូ​មីង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​យកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​បន្ថែម​ចំពោះ​បាតុភូត​ធម្មជាតិ​នា​រដូវវស្សា​នេះ​»​។

លើសពីនេះ លោកស្រី​បាន​អំពាវនាវ​ដល់​អ្នកបើកបរ​យានយន្ត​តូចធំ​គ្រប់​ប្រភេទ មេត្តា​បើកបរ​ដោយ​ប្រុងប្រយ័ត្ន ជាពិសេស​ត្រូវ​បើកបរ​ក្នុង​ល្បឿន​យឺតៗ​ ដើម្បី​កុំឱ្យ​ទឹក​ដែល​លិច​ផ្លូវ​សាច​ហូរហៀរ​ចូលក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​។

លោក សុខ សុទ្ធី អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​បញ្ជាក់ថា នៅ​ថ្ងៃទី​ ២៥ សីហា ភូមិសាស្ដ្រ​ខេត្ដ​កោះកុង​ក៏​កំពុង​បន្ត​មាន​ភ្លៀងធ្លាក់​ពី​តិច ទៅ​មធ្យម ប៉ុន្ដែ​មិន​បណ្ដាលឱ្យមាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ និង​ធ្វើឱ្យ​លិចលង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ដ​ទេ​។

លោក​ថ្លែងថា​៖ «​កាលពី​យប់​ថ្ងៃទី​ ២៤ ខែសីហា ធ្លាក់ភ្លៀង​ខ្លាំង​បណ្ដាលឱ្យ​លិច​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន ប៉ុន្ដែ​ព្រឹក​ឡើង​ថ្ងៃទី​ ២៥ ខែសីហា ទឹកភ្លៀង​ក៏បាន​ស្រក​ចុះ​វិញ​អស់ ហើយ​អាកាសធាតុ​ពេលនេះ​ (​ថ្ងៃទី​ ២៥ សីហា​) ​ក៏​កំពុង​ភ្លៀង​ដែរ ប៉ុន្ដែ​ភ្លៀង​តិច​»​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃទី​ ២៤ ខែសីហា​បានធ្វើ​សេចក្តី​ជូនដំណឹង​ស្តីពី​ស្ថានភាព​ធាតុអាកាស (​ចាប់ពី​ថ្ងៃទី ២៥ ​ដល់​ថ្ងៃ​ ៣១ ខែសីហា ឆ្នាំ​ ២០២១) ដោយ​បញ្ជាក់ថា កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា​ក្នុង​កម្រិត​ខ្លាំង ទន្ទឹម​នោះ​ក៏​សង្ឃឹម​នឹង​អាច​កើត​មាននៅ​ជ្រលង​សម្ពាធ​ទាប ITCZ សាជាថ្មី​ផងដែរ​។

ក្រសួង​បញ្ជាក់ថា ស្ថានភាព​បែបនេះ​នឹង​ធ្វើឱ្យ​តំបន់​មាត់​សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៣ ​ទៅ​ ២៥ ​អង្សាសេ សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៣ ​ទៅ​ ៣៥ ​អង្សាសេ ដែល​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​។ នៅលើ​ផ្ទៃសមុទ្រ​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​ និង​រលក​សមុទ្រ​មធ្យម​។

ក្រសួង​អំពាវនាវ​ដល់​សាធារណជន​សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង​ផ្គររន្ទះ​ខ្យល់​កន្ត្រាក់​ និង​រលក​សមុទ្រ​៕