មណ្ឌលគិរីៈ ក្រុម​ពលរដ្ឋ​ចំនួន​ ១៨ ​គ្រួសារ​ ដែលមាន​គ្នា​ជាង​ ២០ ​នាក់ ​រស់នៅ​ភូមិ​ពូទ្រូ ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួន​ ដើម្បី​ស្នើសុំ​កិច្ចអន្តរាគមន៍​​ដោយ​ចោទ​បុគ្គល​ម្នាក់​ថា បាន​ឈូសឆាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​​របស់​ពួកគេ ដើម្បី​យក​ដី​ជាង​ ១០ ​ហិកតា​។

តាម​ពាក្យបណ្តឹង​របស់​ពលរដ្ឋ ដែល​បាន​ដាក់ជូន​អភិបាល​ខេត្ត​មណ្ឌលគិរី តំណាងរាស្ត្រ​ខេត្តមណ្ឌលគិរី និង​អាជ្ញាធរ​ដែនដី​បាន​ប្តឹង ឈ្មោះ សាន សូត្រ ភេទ​ប្រុស អាយុ​ប្រហែល​ ៥០ ​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ឈ្មួញដី រស់នៅ​ភូមិ​ព្រែក​ហូរកើត សង្កាត់​ព្រែកហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ដោយ​ចេតនា​។

ពាក្យបណ្តឹង​របស់​ពលរដ្ឋ​ទាំង​ ១៨ ​គ្រួសារ​នោះ បាន​អះអាង​ថា កាលពី​ថ្ងៃទី​ ២០ សីហា បុគ្គល​រូបនេះ​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​លើដី​ពួកគាត់​ជាង​ ១០ ​ហិកតា បណ្តាលឱ្យ​ខូចខាត​ស្រូវ ដំណាំ​ផ្សេងៗ​រួម​នឹង​ស្ពាន​សាធារណៈ​របស់​អ្នកភូមិ​ទៀត​ផង​។

ពាក្យបណ្តឹង​ដដែល​បាន​បញ្ជាក់ថា​ «​អាស្រ័យហេតុនេះ​យើងខ្ញុំ​កើតទុក្ខ​មិន​សុខចិត្ត និង​សំណូមពរ​ឯកឧត្តម​មេត្តាជួយ​អន្តរាគមន៍​ដល់​អាជ្ញាធរខេត្ត ស្រុក ឃុំ ដើម្បី​ចុះ​ពិនិត្យ និង​ដោះស្រាយ​បន្ទាន់​លើ​ការខូចខាត​។

ទាមទារ​សំណង​ជំងឺ​ចិត្ត និង​ការខូចខាត​សរុប​ចំនួន​ ១០ ​ម៉ឺន​ដុល្លារ លើ​សកម្មភាព​ដែល​បាន​ឈូសឆាយ និង​បំផ្លិចបំផ្លាញ​»​។

បន្ថែម​ពីនេះ ពលរដ្ឋ​ទាំង​ ១៨ ​គ្រួសារ​នេះ​ក៏​ស្នើឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចេញ​វិធានការ​ទប់ស្កាត់ និង​បញ្ឈប់​រាល់​សកម្មភាព​​ឈូសឆាយ ដែល​អាច​កើតមាន​​បន្តទៀត​ ដើម្បី​រក្សា​ការពារ​ដី​ពួកគាត់​ជា​ម្ចាស់​ពិតប្រាកដ​។

លោក តែ រ៉ន ពលរដ្ឋ​ម្នាក់​ដែល​បាន​ផ្ដិតមេដៃ​ដាក់ពាក្យ​បណ្តឹង​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ សីហា​ថា ដី​ទាំង​ជាង​ ១០ ​ហិកតា​នេះ អ្នកភូមិ​ទាំង​ ១៨ ​គ្រួសារ​ បាន​កាន់កាប់​តជំនាន់​គ្នា​ជាយូរ​ឆ្នាំ​មកហើយ​។

ប៉ុន្តែ​ថ្មីៗ​នេះ ស្រាប់តែ​ឈ្មោះ​ ​សាន សូត្រ មក​អះអាង​ថា ជា​​ដី​កម្មសិទ្ធិ​របស់ខ្លួន​ដោយ​សំអាង​​ថា បាន​ទិញ​ពី​ពលរដ្ឋ​។ ​ប៉ុន្តែ​ជាក់ស្តែង​គ្មាន​ពលរដ្ឋ​ណា​បាន​លក់​ឱ្យ​គាត់​ទេ​។

លោក​ថា​៖ «​ដី​របស់​យើង មិនបាន​លក់​ឱ្យ​គាត់​ទេ​។ គាត់​ទិញ​ពី​ពលរដ្ឋ​នៅ​ខាងៗ ដី​របស់​ពួកយើង ហើយ​គាត់​ព័ទ្ធ​យក​ដី​របស់​យើង​។ ​យើង​សង្ឃឹមថា​​អាជ្ញាធរ​នឹង​ជួយ​ពួកយើង​កុំឱ្យ​មាន​ការមក​ឈូសឆាយ​ដណ្តើម​​កាន់កាប់​ដី​យើង​បន្តទៀត​»​។

យ៉ាងណាក្ដី លោក សាន សូត្រ ដែល​រង​ការចោទប្រកាន់​​នេះ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ ​សីហា​ថា លោក មិនបាន​ឈូសឆាយ​លើដី​អ្នកណា​ទេ ហើយ​ដី​ដែល​លោក​បាន​ឈូសឆាយ​នេះ​គឺ​បាន​ទិញ​ពី​ពលរដ្ឋ​ស្របច្បាប់​តាំងពី​ឆ្នាំ​ ២០០៧ មក​ម្ល៉េះ​។ លោក​បាន​អះអាងថា លោក​បាន​ទិញ​ដី​ជាង ​៥០០ ​ហិកតា ដោយបាន​ផ្តល់​ជា​ថវិកា​រួចរាល់​អស់ហើយ ប៉ុន្តែ​ក្រោយមក​ក៏មាន​ពលរដ្ឋ​ថ្មី​ជា​បន្តបន្ទាប់​ចេញមុខ​មក​ទាមទារ ដើម្បីឱ្យ​លោក​ផ្តល់​សំណង​ជា​លុយ​ជា​ហូរហែ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​​បាន​ទិញ​ជិត​ ៧ ​ទៅ​ ១០ ​ឆ្នាំ​ហើយ ប្រជាជន​បងប្អូន​ហ្នឹង​គាត់​បំប្លែង​អ្នកថ្មី​មក​គាស់​កកកាយ​ខ្ញុំ រករឿង​ខ្ញុំ​រហូត នៅពេល​ដែល​ខ្ញុំ​ធ្វើ​តែត្រឹម​ដី​របស់ខ្ញុំ​ប៉ុណ្ណោះ​។ តាំងពី​ទិញ​មក​ខ្ញុំ​ដោះស្រាយ​ ២ ទៅ​ ៣ ​តង់​ហើយ​កាលពី​ថ្មី​នេះ ខ្ញុំ​ទើបតែ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ជាង​ ៧០ ​គ្រួសារ ហើយ​ថ្មីៗ​លើដី​ទាំងនេះ​»​។

លើសពីនេះ លោក សាន សូត្រ បាន​អះអាង​ថា លោក​​មិន​ខ្លាច​នឹង​ពាក្យបណ្តឹង​ដែល​ពលរដ្ឋ​ទាំង ១៨ ​គ្រួសារ​ បាន​ប្តឹង​លោក​នោះទេ ព្រោះ​ដី​ដែល​លោក​បាន​កាន់កាប់​ឈូសឆាយ​គឺជា​ដី​ដែល​លោក​បាន​ទិញ និង​មាន​ឯកសារ​ត្រឹមត្រូវ​។

លោក ស៊ន សារុន នាយក​ផ្នែក​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ សីហា​ថា លោក​មិនទាន់​អាច​បកស្រាយ​យ៉ាងណា​ចំពោះ​ការចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​លើ​ដី​ជាង ១០ ហិកតា​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​លោក​បាន​អះអាង​ថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​លោក​នឹង​ចាត់​ឱ្យ​មន្ត្រី​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ពី​ករណី​នេះ​ដល់​ទីតាំង​កើតហេតុ​ដោយផ្ទាល់​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​នឹង​ពិនិត្យ​លើ​ពាក្យបណ្តឹង​គាត់​សិន ហើយ​បន្ត​មកទៀត​យើង​នឹង​ចុះទៅពិនិត្យ​ជាក់ស្តែង​ថា នៅ​ទីតាំង​ណា​ជា​ទីតាំង​ណា ដើម្បី​យើង​សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិ​ដី​ថា ដើមចម​នៃ​ជម្លោះ​នេះ​កើត​មកពីណា​?»៕