ភ្នំពេញៈ វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​សហការ​ជាមួយ​ក្រសួង​បរិស្ថាន​បានរៀបចំ​បាឋកថា​ស្តីពី “​គោលនយោបាយ​ និង​ការគ្រប់គ្រង​បរិស្ថាន​នៅ​កម្ពុជា​” ​ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដោយ​រំពឹងថា ការយល់ដឹង​របស់​មន្ត្រី​ការបរទេស​នឹង​ផ្សារភ្ជាប់​បញ្ហា​បរិស្ថាន​កម្ពុជា​ទៅកាន់​ពិភពលោក​។

កម្មវិធី​បាឋកថា​ស្តីពី​ “​គោលនយោបាយ និង​ការគ្រប់គ្រង​បរិស្ថាន​នៅ​កម្ពុជា​” ​នេះ ត្រូវបាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ២៤ ​ខែសីហា ឆ្នាំ​ ២០២១ ដោយមាន​ការចូលរួម​ផ្តល់​បទឧទ្ទេសនាម​ពី​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​​ដោយ​ចីរភាព​។ ​ក្នុងនោះ​មាន​​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​មន្ត្រី​នៃ​ក្រសួងបរិស្ថាន​ជាច្រើនរូប​បាន​ចូលរួម​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​។

វិទ្យាស្ថាន​នេះ​បាន​លើកឡើងថា​៖ «​បាឋកថា​នេះ​បាន​លើកឡើង​នូវ​គោលនយោបាយ និង​ការគ្រប់គ្រង​បញ្ហា​បរិស្ថាន និង​គូសបញ្ជាក់​នូវ​ការប្តេជ្ញាចិត្ត​របស់​កម្ពុជា​ដែល​បាននិង​កំពុង​បន្ត​អនុវត្ត​យន្តការ​ក្រោម​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ​ក្នុង​គោលបំណង​ការពារ និង​អភិរក្ស​បរិស្ថាន​ក្នុងប្រទេស​កម្ពុជា​ក៏​ដូចជា​ក្នុង​សកលលោក​ទាំងមូល​»​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​​ក្រសួងបរិស្ថាន​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៥ សីហា​ថា ការរៀបចំ​បាឋកថា​ក្នុង​ពេលនេះ​គឺជា​ផ្នែក​មួយ​របស់​ក្រសួងបរិស្ថាន​ក្នុងការ​ពង្រឹងសមត្ថភាព​​បន្ថែម​របស់​មន្ត្រី​សាធារណៈ​។

លោក​បន្តថា បាឋកថា នេះ គឺ​បាន​បញ្ជ្រាប​គោលនយោបាយ​ និង​ការគ្រប់គ្រង​បរិស្ថាន​នៅ​កម្ពុជា​ដល់​មន្ត្រី​ក្រសួង​ការបរទេស និង​មន្ត្រី​បរិស្ថាន ព្រោះ​​មន្ត្រីការទូត​គឺ​បាន​ដើរតួនាទី​​សំខាន់​ក្នុង​ការផ្សារភ្ជាប់​បញ្ហា​បរិស្ថាន​រវាង​ប្រទេស​ក្នុង​តំបន់​ពិភពលោក​មកកាន់​កម្ពុជា​តាមរយៈ​ការងារ​ការទូត​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​ពេល​បច្ចុប្បន្ននេះ ពិភពលោក​គឺ​បាន​ផ្តោតលើ​បញ្ហា​បរិស្ថាន ដូច្នេះ​ការបញ្ជ្រាប​ព័ត៌មាន​ចំណេះដឹង គោលនយោបាយ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​បរិស្ថាន​នៅ​កម្ពុជា​គឺ​មាន​ភាពចាំបាច់ ព្រោះ​កិច្ចការ​បរិស្ថាន​ក៏​ជា​ការងារ​ការទូត​មួយ​ដែល​សំខាន់​ផងដែរ​»​។

លោក​បាន​បន្ថែមថា​៖ «​នេះ​ដើម្បី​មន្ត្រី​នៃ​ក្រសួង​ការបរទេស​​អញ្ជើញ​ទៅ​បំពេញបេសកកម្ម​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុងនាម​មន្ត្រី​ស្ថានទូត​ហ្នឹង នឹងមាន​ព័ត៌មាន និង​មូលដ្ឋាន​នៅក្នុង​ការផ្សព្វផ្សាយ​បន្ត​លើ​គោលនយោបាយ​របស់​រដ្ឋាភិបាល​លើ​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​លើ​ការគ្រប់គ្រង​បរិស្ថាន​»៕