ភ្នំពេញៈ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឱ្យដឹងថា នៅ​ថ្ងៃទី​ ២៤ ខែសីហា វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​បាន​ឆ្លង​រីករាលដាល​ក្នុង ២៣ ​រាជធានី-ខេត្តហើយ និង​បាន​រកឃើញ​អ្នកជំងឺ​ប្រភេទ​នេះ​សរុប​ជាង ​១ ០០០ ​នាក់ ភាគច្រើន រកឃើញ​នៅ​ភ្នំពេញ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​ ២៥ ខែសីហា​នេះ​ បាន​ឱ្យ​ដឹងថា ចាប់តាំងពី​ចុងខែ​មីនា​រហូតមកដល់​ថ្ងៃទី​ ២៤ ខែសីហា កម្ពុជា​បាន​រកឃើញ​ករណី​ឆ្លង​វីរុស​កូវីដ​ ១៩ ​ដែល​បំប្លែង​ថ្មី​ប្រភេទ​ដែលតា នៅក្នុង​ប្រទេស​បាន​កើនឡើង​រហូត​ចំនួន ១ ៣២៥ ​នាក់​។ អ្នកជំងឺ​ដែល​បាន​ឆ្លង​វីរុស​កូវីដ ១៩ ​ប្រភេទ​ដែលតា​នេះ​មាន​នៅលើ​អ្នក​មកពី​បរទេស​តាម​ជើងហោះហើរ ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ ប្រទេស​វៀតណាម ប្រជាជន​អ្នកភូមិ​រស់នៅក្នុង​សហគមន៍ ក្រុមហ៊ុន​ឯកជន បុគ្គលិក​សុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែ​ភាសា ជនជាតិ​បរទេស បុគ្គលិក​រោងចក្រ​កាត់ដេរ បុគ្គលិក​ធនាគារ ដូនជី​នៅ​វត្ត និង​សិស្ស​។

រាជធានី-ខេត្ត ដែលមាន​ករណី​វីរុស​កូវីដ​ ១៩ ​ប្រភេទ​ដែលតា B.1.617-2 Delta ​ច្រើនជាងគេ​មាន រាជធានី​ភ្នំពេញ​ចំនួន ៣៧៥ ​នាក់ ខេត្តបន្ទាយមានជ័យ ចំនួន ២៣០ ​នាក់ ខេត្ត​ឧត្តរមានជ័យ ចំនួន ១៩១ ​នាក់ ខេត្តសៀមរាប​ចំនួន ១៦៣ ​នាក់​។ ចំណែក​ខេត្ត​ដែលមាន​ករណីនេះ​តិចជាងគេ​មាន​ខេត្តកំពង់ឆ្នាំង​ដែល​មានតែ ១ ​នាក់ ខេត្ត​ស្ទឹងត្រែង និង​ខេត្តកោះកុង​ដែលមាន​ចំនួន ២ ​ករណី​ដូចគ្នា​។

ទន្ទឹមនឹងនេះ​មន្ទីរពិសោធន៍ វិភាគ​សំណាក​រក​វីរុស​កូវីដ​ ១៩ ​បំប្លែង​ថ្មី​ប្រភេទ​ដែលតា​ស្ថិតក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ក្នុង​ខេត្តសៀមរាប បានដាក់​ឱ្យ​ដំណើរការ​ហើយ​កាលពីដើម​សប្តាហ៍​នេះ ដោយ​មិន​តម្រូវឱ្យ​ផ្ញើ​សំណាក​អ្នក​ដែល​សង្ស័យ​មាន​វីរុស​ប្រភេទ​ដែលតា​មក​​ពិនិត្យ​នៅ​វិទ្យាសា្ថន​ប៉ាស្ទ័រ​ដូច​មុន​ទៀត​ទេ​។

លោក លីវ សុខុម អ្នកនាំពាក្យ​ខេត្តសៀមរាប​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ថ្ងៃទី​ ២៥ ខែសីហា​ថា មន្ទីរពិសោធន៍​វិភាគ​សំណាក​វីរុស​បំប្លែង​ថ្មី​នេះ បាន​បំពាក់​ម៉ាស៊ីន​សម្រាប់​រក​ប្រភេទ​ដែលតា រួចរាល់​ហើយ​សម្រាប់ធ្វើ​តេស្ត​ដល់​អ្នកជំងឺ ហើយ​ខេត្ត​សៀមរាប​ក៏មាន​មន្ទីរពិសោធន៍​វិភាគ​មេរោគ​ប្រភេទ​ធម្មតា​ផងដែរ​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​យូរហើយ​ដែរ​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវធ្វើ​សំណាក​ដើម្បី​ឱ្យ​ច្បាស់​ថា​វា​ជា​ប្រភេទ​ដែលតា​ ឬ​មិនមែន គឺ​ត្រូវ​បញ្ជូនមក​រាជធានី​ភ្នំពេញ ប៉ុន្តែ​ពេលនេះ​មិន​តម្រូវ​ឱ្យ​មាន​ការបញ្ជូន​ទៅទៀត​ទេ​ ដោយសារ​ក្នុង​ខេត្ត​យើង​មាន​ម៉ាស៊ីន​ខ្លួនឯង​ហើយ​»​។

យោងតាម​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បាន​ឱ្យដឹងថា មន្ទីរពិសោធន៍​វិភាគ​សំណាក​រក​វីរុស​កូវីដ​ ១៩ ​នៅ​ខេត្តសៀមរាប មាន​សមត្ថភាព​ប្រតិបត្តិការ​បាន​ប្រមាណ​ជា​ក្រោម ១ ​ពាន់​សំណាក​ក្នុង​ ១ ​ថ្ងៃ​។

រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ក៏បាន​សម្រេចយក​ខេត្ត​សៀមរាប​ជា​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​កម្រិតធ្ងន់ ថ្នាក់​តំបន់​ភាគ​ខាងជើង​បឹង​ទន្លេសាប ដែល​ខេត្ត​ចំនួន​ ៤ ​ផ្សេងទៀត​នៅ​ជុំវិញ​នេះ​អាច​មក​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​បាន​ក្នុង​មណ្ឌល​ព្យាបាល​នេះ​។

លោក លីវ សុខុម បាន​ប្រាប់​ឱ្យដឹងថា​៖ «​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​កម្រិតធ្ងន់​នេះ អាចដាក់​អ្នកជំងឺ​បាន​រហូតដល់​ប្រមាណ​ ៤០០ ​នាក់ ហើយ​ខេត្ត​ចំនួន​ ៤ ​ផ្សេងទៀត​អាច​បញ្ជូន​អ្នកជំងឺ​កម្រិតធ្ងន់​មក​សម្រាក​ព្យាបាល​បាន ដែលមាន​ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្ត​ឧត្តរមានជ័យ និង​ខេត្តបន្ទាយមានជ័យ​»​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ចុះ​ពិនិត្យ​ការរៀបចំ​ទីតាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ និង​មន្ទីរពិសោធន៍​ថ្មី​នៅក្នុង​ក្រុង​សៀមរាប កាលពី​ថ្ងៃទី​ ២២ ខែសីហា បាន​ថ្លែងឱ្យដឹងថា ដើម្បី​ឆ្លើយតប​នឹង​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅក្នុង​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល បាន​សម្រេចយក​ខេត្តសៀមរាប ធ្វើជា​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​ ១៩ កម្រិតធ្ងន់​ថ្នាក់​តំបន់​តែម្តង​។

ការយក​ខេត្តសៀមរាប​ធ្វើជា​មណ្ឌល​ព្យាបាល​អ្នកជំងឺ​ធ្ងន់​ក្នុង​តំបន់​នៃ​ភាគ​ខាងជើង​បឹង​ទន្លេសាប​នេះ វា​សមស្រប​បំផុត ដោយសារ​នៅ​ខេត្ត​សៀមរាប​មាន​មន្ទីរពិសោធន៍​ថ្មី ដែលមាន​សមត្ថភាព​អាច​ពិនិត្យ​សំណាក​បាន​ក្នុង ១ ​ថ្ងៃ​ជាង​ ៩០០ ​សំណាក និង​ឆាប់រហ័ស ដែល​នេះ​ជា​ការងាយស្រួល​មួយ​ក្នុង​ការព្យាបាល​អ្នកជំងឺ​។

មកដល់​ពេលនេះ ស្ថានភាព​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នៅ​កម្ពុជា កំពុង​ស្ថិតក្នុង​និន្នាការ​នៃ​ការថយចុះ ក្រោយពី​ទទួលបាន​នូវ​លទ្ធផល​ចាក់​វ៉ាក់សាំង​បាន​ស្ទើរតែ​គ្រប់​តាម​ផែនការ​ផងដែរ ប៉ុន្តែ​លោក​នៅតែ​បន្តធ្វើ​ការអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​លំដាប់ថ្នាក់​ធ្វើការ​ប្រុងប្រយ័ត្ន​ និង​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​មេរោគ​កូវីដ​ ១៩ ​នេះ​៕