The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កបប ត្រួតពិនិត្យ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ ១០១ រកឃើញ​ ៤៦ ​ទីតាំង លក់​ប្រេង​មិន​គ្រប់​លីត្រ និង​ក្លែងបន្លំ




កបប ត្រួតពិនិត្យ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ ១០១ រកឃើញ​ ៤៦ ​ទីតាំង លក់​ប្រេង​មិន​គ្រប់​លីត្រ និង​ក្លែងបន្លំ

Content image - Phnom Penh Post
មន្ត្រី កបប ក្នុង​ខេត្តតាកែវ កំពុង​ត្រួតពិនិត្យ​ការលក់​ប្រេងឥន្ធនៈ​ពីថ្ងៃ​ទី​ ២៤ ​សីហា​។ រូបថត កបប

កបប ត្រួតពិនិត្យ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ ១០១ រកឃើញ​ ៤៦ ​ទីតាំង លក់​ប្រេង​មិន​គ្រប់​លីត្រ និង​ក្លែងបន្លំ

ភ្នំពេញៈ ចាប់ពី​ថ្ងៃទី​ ១ ខែ កក្កដា រហូតដល់​ថ្ងៃទី​ ២៥ ខែសីហា ​ឆ្នាំនេះ មន្ដ្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ «​ក.ប.ប» ​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ​នៅតាម​បណ្តា​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​នានា​ទូទាំង​ប្រទេស​បាន​ចំនួន​ ១០១ ​ទីតាំង​ក្នុង​នោះ​រកឃើញ ៤៦ ​ទីតាំង​បាន​លក់​ប្រេងសាំង​មិន​គ្រប់​លីត្រ និង​ក្លែងបន្លំ​ប្រេង​ធម្មតា​ទៅជា​ប្រេង​ស៊ុបពែរ​។

លោក ផាន អូន អគ្គនាយក ក.ប.ប ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ២៥ សីហា​ថា ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​កាលពី​ថ្ងៃទី​ ១ ខែ កក្កដា ឆ្នាំ​ ២០២១​។ ក្នុង​រយៈពេល​នេះ​អគ្គនាយកដ្ឋាន ក.ប.ប បាន​ណែនាំ​ដល់​មន្ត្រី​ស៊ើបអង្កេត​តាម​បណ្តា​នាយកដ្ឋាន​ជំនាញ និង​សាខា​រាជធានី​ខេត្ត​ឱ្យ​អនុវត្ត​វិធានការ​នានា ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ក្នុង​នោះ​ក៏មាន​វិធានការ​ពិន័យ​អន្តរការណ៍ ដែល​ត្រូវបាន​កំណត់ដោយ​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​សម្រាប់​គោលដៅ​នៃ​ការត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ​នៅ​តាម​បណ្តា​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​នានា​នៅ​ទូទាំង​ប្រទេស ក្នុង​រយៈពេល​ជិត​ ២ ​ខែ​កន្លងមកនេះ មន្ត្រី​ស៊ើបអង្កេត​នៃ​អគ្គនាយកដ្ឋាន ក.ប.ប បាន​ចុះ​ត្រួតពិនិត្យ​បាន​ចំនួន ១០១ ​ស្ថានីយ និង​ដេប៉ូ​»​។

លោក​បញ្ជាក់ថា​៖ «​ឆ្លងកាត់​ការត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រកឃើញ​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន​ ៤៦ ​បាន​ប្រកប​អាជីវកម្ម​មិន​សុចរិត ដែល​មិន​អនុលោម​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​»​។

បើតាម​លោក ផាន អូន មន្ត្រី​ស៊ើបអង្កេត​របស់​អគ្គនាយកដ្ឋាន ក.ប.ប ដែល​ទទួលបាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌​បាន​អនុវត្ត​វិធានការ​ពិន័យ​អន្តរការណ៍​ទៅ​តាម​ប្រភេទ​បទល្មើស​ហើយ​ បើ​នៅតែ​មិន​រាងចាល​នឹង​ទទួលរង​នូវ​វិធានការ​ផ្សេង​ទៀត​ស្របតាម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។

នៅ​ថ្ងៃទី​ ២៤ ខែ សីហា ឆ្នាំ ២០២១ មន្ត្រី​សាខា ក.ប.ប រាជធានី​ភ្នំពេញ​បាន​បន្ត​សកម្មភាព​ចុះ​បង្ក្រាប​បទល្មើស​ដែល​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ហើយ​ជា​លទ្ធផល​បាន​រកឃើញ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៤ ​ទីតាំង​ក្នុងចំណោម ៨ ​ទីតាំង​បាន​ប្រកប​អាជីវកម្ម​ប្រេងឥន្ធនៈ ដោយ​មិន​ស្មោះត្រង់ (​ចំណុះ​មិន​គ្រប់​លីត្រ និង​បន្លំ​ប្រេងសាំង​ធម្មតា​ជា​ប្រេងសាំង​ស៊ុបពែរ​) ​និង​ត្រូវបាន​មន្ត្រី​ជំនាញ ចាត់វិធានការ​តាមច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​។

ចំណែក​មន្ត្រី​ជំនាញ​ ក.ប.ប សាខា​ខេត្តតាកែវ​នា​ថ្ងៃទី ២៣-២៤ សីហា បាន​ចុះ​អនុវត្ត​ភារកិច្ច​របស់ខ្លួន ដើម្បី​ត្រួតពិនិត្យ​តាមដាន​ការធ្វើ​អាជីវកម្ម​ប្រេងឥន្ធនៈ សំដៅ​ទប់ស្កាត់​អំពើ​មិន​សុចរិត​ ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកប្រើប្រាស់​។

ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រកឃើញ​ដេប៉ូ​ចំនួន​ ៣ ក្នុងចំណោម​ដេប៉ូ​ចំនួន​ ៦ នៅក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ​បាន​លក់​ប្រេងឥន្ធនៈ​ជូន​អតិថិជន​​មិន​ស្មោះត្រង់ ហើយ​ត្រូវបាន​​មន្ត្រី ក.ប.ប អនុវត្ត​វិធានការ​​តាម​នីតិវិធី​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍