បាត់ដំបងៈ ​តុលាការខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី​ ២៥ ​សីហា បានធ្វើការ​ចោទប្រកាន់​យុវជន​ម្នាក់​ពាក់ព័ន្ធ​នឹង​ការរួមភេទ​ជាមួយ​ក្មេងស្រី​ម្នាក់​អាយុ​ ១២ ​ឆ្នាំ ប្រព្រឹត្ត​នៅ​ឃុំ​តាសែន ស្រុក​កំរៀង ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ២៣ ​សីហា​។

លោក​ ដួង សាវ៉ន អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៥ ​សីហា​ថា យុវជន​ឈ្មោះ ម៉ី ច័ន្ទឧសភា ហៅ​ ត្រេស អាយុ​ ១៨ ​ឆ្នាំ រស់នៅ​ឃុំ​តាសែន ស្រុក​កំរៀង ត្រូវបាន​តំណាង​អយ្យការ​ចោទប្រកាន់​នៅ​ថ្ងៃទី​ ២៥ ​សីហា និង​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​។

លោក​ថ្លែងថា​៖ «​ជន​ម្នាក់នេះ​ត្រូវ​ចោទ​ពី​បទ​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​ ១៥ ​ឆ្នាំ តាម​មាត្រា​ ៤២ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​រួចហើយ​»​។

បើតាម​មាត្រា​ ៤២ នៃ​ច្បាប់​ខាងលើ ប្រសិនបើ​​ជន​ត្រូវ​ចោទ​ត្រូវ​បាន​តុលាការ​រកឃើញថា ពិតជា​មាន​កំហុស​មែន​នោះ​នឹងត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​ពី​ ៥ ​ទៅ​ ១០ ​ឆ្នាំ​។

ពាក់ព័ន្ធ​អង្គហេតុ​នេះ​ត្រូវបាន​លោក​ សូ ឌី ប្រធាន​មន្ទីរយុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​ប្រាប់​នៅ​ថ្ងៃទី​ ២៥ ​សីហា​ថា បើតាម​ការរៀបរាប់​ពី​ម្តាយ​ក្មេង​រងគ្រោះ​ថា កូនស្រី​របស់​គាត់​ឈ្មោះ ម.ប អាយុ​ ១២ ​ឆ្នាំ រស់នៅ​ឃុំ​តាសែន ស្រុក​កំរៀង​ជាមួយ​ជនល្មើស​ដែរ​។

ម្តាយ​ក្មេង​រងគ្រោះ មាន​មុខរបរ​ជា​អ្នកលក់​ខោអាវ​តាម​អនឡាញ​។ ស្ត្រី​ជា​ម្តាយ​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​លក់ទំនិញ​តាម​អនឡាញ ហើយ​ពេលខ្លះ​ក្មេងរងគ្រោះ​ក៏​ជួយ​បង្ហោះ​លក់​ខោអាវ​ដែរ​។ ពេល​បង្ហោះ​តាម​ហ្វេសប៊ុក​ផ្សព្វផ្សាយ​លក់​ខោអាវ​នោះ​រវាង​ជនសង្ស័យ និង​ក្មេងរងគ្រោះ​តែង​ទាក់ទង​សារ​ទៅមក​រហូត​ស្គាល់គ្នា​។

លោក សូ ឌី ​បន្តទៀតថា លុះដល់​ថ្ងៃទី​ ២២ ​សីហា ស្រាប់តែ​ជនសង្ស័យ​ខំមិន​ចូល​ក្នុង​ផេច​ហ្វេសប៊ុក​ទិញ​ខោអាវ ហើយ​ណាត់​ឱ្យ​ក្មេងរងគ្រោះ​យក​ខោអាវ​ទៅឱ្យ​រួច​ក៏​បបួល​ទៅ​ដេក​រួមភេទ​ជាមួយ​គ្នា​តែម្តង​។

បន្ទាប់ពី​បាត់​កូនស្រី ១ ​យប់​មក​នៅ​ថ្ងៃទី​ ២៣ ​សីហា ម្តាយ​បានដាក់​ពាក្យបណ្តឹង​ទៅ​កងរាជ​អាវុធហត្ថ​ស្រុក​កំរៀង​ហើយ​សមត្ថកិច្ច​អាវុធហត្ថ​ស្រុក ក៏​ចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​។ នៅពេលនោះ​ក្មេងរងគ្រោះ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ថ្ងៃទី​ ២៣ ​សីហា​នោះដែរ​។

លោក សូ ឌី បញ្ជាក់​តាម​សម្តី​ម្តាយ​ក្មេងស្រី​រងគ្រោះ​ថា​ក្រោយពី​ឃើញ​កូនស្រី​ត្រឡប់​ចូល​ផ្ទះ​វិញ បន្ទាប់ពី​បាត់ ១ ​យប់​នោះមក ម្តាយ​បាន​ជជីក​សួរ​កូន​ហើយ​ក្មេងរងគ្រោះ​ក៏​ប្រាប់ថា ឈ្មោះ ត្រេស ​ជា​អ្នក​ហៅ​នាង​ទៅ​ដេក​រួមភេទ​ជាមួយ​។

បន្ទាប់ពី​ម្តាយ​ក្មេងស្រី​ប្រាប់​សមត្ថកិច្ច​មក សមត្ថកិច្ច​អាវុធហត្ថ ស្រុក​កំរៀង បាន​ហៅ​ជនសង្ស័យ​មក​សាកសួរ ហើយ​ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បាន​បបួល​ក្មេងរងគ្រោះ​ទៅ​រួមភេទ​មែន​។ នៅពេលនោះ​សមត្ថកិច្ច​ក៏​ចាប់ខ្លួន​ជនសង្ស័យ​តែម្តងទៅ​។ តាម​ការបំភ្លឺ​ពី​ភាគី​ទាំងសងខាង​បង្ហាញថា​រវាង​ក្មេងរងគ្រោះ និង​ជនសង្ស័យ​គឺ​បាន​ស្គាល់គ្នា​ពីមុនមក​៕