ភ្នំពេញៈ ក្រសួង​សុខាភិ​បាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី ២៦ ​ខែសីហា​នេះ​ថា ​មនុស្ស​ចំនួន ​៦ នា​ក់​បន្ថែម​ទៀត​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូ​វីដ ១៩ ដែល​ករណី​ស្លាប់​មាន​ការថយចុះ​ខ្លាំង​លើក​ដំបូង ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ខណៈ​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន​ជាង ​៤០០​ នាក់ ​និង​ជា​សះ​ស្បើយ​មាន​ជិត​ ៣០០​ នាក់​។

យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​បាន​បញ្ជាក់​ថា ក្រសួង​បាន​រកឃើញ​អ្នក​ដែល​បាន​ឆ្លង​វីរុស​កូ​វីដ ១៩​ បន្ថែម​ចំនួន ៤២៣​ នាក់ និង​អ្នក​ដែល​បានជា​សះស្បើយ​មាន​ចំនួន ២៩១ នាក់។ ការ​រកឃើញ​ឆ្លង​ថ្មី​នេះ មាន​ករណី​ឆ្លង​ក្នុង​សហ​គមន៍​ចំនួន ៣១២ នាក់ និង​អ្នក​ដំណើរ​ពី​បរទេស​ចំនួន ​១១១​ នាក់​ផង​ដែរ​។

គិត​ត្រឹម​ព្រឹក ថ្ងៃទី ​២៦ ខែ សីហា ឆ្នាំ ២០២១ កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ ១៩ សរុប​ទូទាំង​ប្រទេស​ចំនួន ៩០ ៩៥៨ នាក់ អ្នកជា​សះ​ស្បើយ​សរុប​ចំនួន ៨៦ ៩៩៣ ​នាក់ និង​អ្នកស្លាប់​បាន​កើន​ឡើង​ដល់ ១ ៨៤១ ​នាក់​៕