ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាទៅរាជធានី-ខេត្តទាំងអស់ ត្រូវពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋឱ្យបានរហ័ស ដោយលោកក៏បានព្រមានចំពោះភាពយឺតយ៉ាវ ក្នុងដំណើរការនៃការចាក់វ៉ាក់សាំងនេះចំពោះខេត្តមួយចំនួនផងដែរ។
តាមរយៈសារសំឡេងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយប់ថ្ងៃទី ២៥ ខែសីហា លោកបានចេញបទបញ្ជាទៅដល់អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវធ្វើកិច្ចការដែលជាអាទិភាពទី១ គឺការប្រឆាំងនឹងជំងឺកូវីដ ១៩ ដែលអភិបាលរាជធានី-ខេត្តទាំងអស់ត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។
លោកបញ្ជាក់ថា៖ «អភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវតែទទួលខុសត្រូវ ចំពោះមុខរាជរដ្ឋាភិបាល លើបញ្ហាការចាក់វ៉ាក់សាំង ដែលជាគោលនយោបាយអាទិភាពធំបំផុតរបស់យើងនៅពេលនេះ។ ខ្ញុំសូមបញ្ជាក់ថា ហាមដាច់ខាតមិនឱ្យមានវ៉ាក់សាំងដេកនៅក្នុងឃ្លាំងក្នុងពេលដែលប្រជាជនខ្វះវ៉ាក់សាំងចាក់នោះទេ»។
លោក ហ៊ុន សែន ថ្លែងថា លោកបានរកឃើញមូលហេតុនៃភាពយឺតយ៉ាវនៅកន្លែងមួយចំនួន ដែលបណ្តាលមកពីការផ្គត់ផ្គង់វ៉ាក់សាំង។ ពីមុនមានការខ្វះខាតវ៉ាក់សាំង ប៉ុន្តែពេលនេះ វ៉ាក់សាំងមានគ្រប់គ្រាន់ ដែលត្រូវតែជំរុញវ៉ាក់សំាងឱ្យទៅដល់គោលដៅ។
លោកសង្ក់តធ្ងន់ថា៖ «អភិបាលរាជធានី-ខេត្ត ត្រូវតែធ្វើជាមេបញ្ជាការក្នុងការគ្រប់គ្រងការចាក់វ៉ាក់សាំង។ ត្រូវតែពិនិត្យមើលឱ្យបានច្បាស់ថា តើ វាមានគ្រប់គ្រាន់ដែរឬទេ ហើយត្រូវធ្វើសំណើសុំវ៉ាក់សំាងមកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សំាងក្នុងក្របខ័ណ្ឌទូទាំងប្រទេស»។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានបញ្ជាទៅកាន់មេទ័ពអាកាសត្រៀមឧទ្ធម្ភាគចក្រ ដើម្បីដឹកវ៉ាក់សាំងទៅកាន់បណ្ដាខេត្ដនានាដែលនៅឆ្ងាយផដែរ៕