ឧត្តរមានជ័យៈ ក្រុម​អ្នក​អភិរក្ស​ធនធានធម្មជាតិ​បាន​សម្ដែង​ការព្រួយបារម្ភ អំពី​ការបន្ត​កើតមាន​នូវ​បទល្មើស​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ បន្ទាប់ពី​ប្រភេទ​សត្វ​កម្រ និង​សត្វ​មាន​ដោយ​បង្គួរ​ជាច្រើន ដូចជា ទន្សោង ខ្ទីង ប្រើស សំពោច ឈ្លូស ជ្រូកព្រៃ ត្រូវបាន​រកឃើញ​ងាប់ និង​របួស​ដោយសារ​ជាប់អន្ទាក់​។

លោក ប៊ុន សាលួត ប្រធាន​សហគមន៍​សង្ឃរុក្ខវ័ន្ត បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៤ ​សីហា​ថា បទល្មើស​ដាក់​អន្ទាក់ នៅតែ​បន្ត​កើតមាន​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃរុក្ខវ័ន្ត បើ​ទោះបី​ជា​សមត្ថកិច្ច​ជំនាញ និង​ប្រជាសហគមន៍​បាន​ប្រឹងប្រែង​រួមគ្នា ការពារ និង​ទប់ស្កាត់​យ៉ាងណា​ក៏ដោយ​។

លោក​ សាលួត បាន​ថ្លែងថា​៖ «​នៅក្នុង​ឆ្នាំ​ ២០២១ ​នេះ សត្វ​កម្រ​ជាច្រើន​ប្រភេទ ដូចជា សត្វ​ទន្សោង ខ្ទីង ប្រើស ជាច្រើន​ក្បាល ត្រូវបាន​ក្រុមការងារ នៃ​គណៈកម្មការ​សហគមន៍​សង្ឃរុក្ខវ័ន្ត ប្រទះឃើញ​ស្លាប់ និង​រងរបួស​ដោយ​ជាប់អន្ទាក់​»​។

បើតាម​លោក​ ប៊ុន សាលួត នៅក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ចុងក្រោយ​នេះ​ក្រុម​ប្រមាញ់​សត្វព្រៃ​បាន​ប្រើ​អន្ទាក់​ចាប់​សត្វព្រៃ​ជំនួស​ការប្រើ​កាំភ្លើង ព្រោះ​វា​អាច​សម្លាប់​សត្វព្រៃ​បាន​យ៉ាង​ស្ងប់ស្ងាត់​បំផុត​។

ការដើរ​ល្បាត​ព្រៃ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ ព្រោះ​បើ​មិន​ប្រយ័ត្ន​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត ដោយសារ​អន្ទាក់​អគ្គិសនី​របស់​ក្រុម​ជនប្រព្រឹត្ត​បទល្មើស​សត្វព្រៃ​។

លោក​បញ្ជាក់ថា​៖ «​អន្ទាក់​ខ្លះ ត្រូវបាន​ក្រុម​ប្រព្រឹត្ត​បទល្មើស​សត្វព្រៃ ប្រើ​ភ្ជាប់​ជាមួយ​ឧបករណ៍​ឆក់ ដែល​អាច​សម្លាប់​ទាំង​យើង​ផងដែរ ប្រសិនបើ​យើង​មិនប្រយ័ត្ន​ដើរ​ជាន់​ ឬ​ប៉ះចំ​វា​»​។

កាលពីពេល​ថ្មីៗ​កន្លង​ទៅនេះ សត្វប្រើស ១ ​ក្បាល​ត្រូវ​បាន​ប្រជាសហគមន៍ ប្រទះឃើញ​ជាប់អន្ទាក់​ងាប់ នៅ​ចំណុច​អន្លង់​ស្នប់​ក្នុង​ភូមិសាស្ត្រ ភូមិ​ទំនប់ថ្មី ឃុំ​ត្រពាំងតាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ហើយ​វា​ត្រូវបាន​ក្រុម​គណៈកម្មការ​សង្ឃរុក្ខវ័ន្ត នាំយកមក​កប់​នៅក្នុង​បរិវេណ​ស្នាក់ការ​កណ្ដាល​នៃ​ព្រៃ​សហគមន៍​សង្ឃរុក្ខវ័ន្ត​។

តាមរយៈ​ព្រះតេជគុណ ថូ ធូរស់ ប្រធានស្ដីទី សហគមន៍​សង្ឃរុក្ខវ័ន្ត បាន​មាន​សង្ឃដីកា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​សត្វ​ប្រើស​ងាប់​ដោយ​ជាប់អន្ទាក់​ព្រានព្រៃ​នោះ ក្រុមការងារ​គណៈកម្មការ​សហគមន៍​សង្ឃរុក្ខវ័ន្ត បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ ដើម្បី​ចំណាត់ការ​ស្រាវជ្រាវ​ស្វែងរក​ចាប់​ជន​ប្រព្រឹត្ត​បទល្មើស​នាំយកទៅ​តុលាការ ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​។

ព្រះអង្គ​បាន​មាន​សង្ឃដីកា​បន្តថា​៖ «​នៅពេលនេះ បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​បាន​ស្ងប់ស្ងាត់ ប៉ុន្តែ​បទល្មើស​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ និង​បទល្មើស​នេសាទ​នៅក្នុង​តំបន់​អភិរក្ស​ត្រី​មេពូជ នៅតែ​បន្ត​កើតមាន​គួរឱ្យ​បារម្ភ​»​។

ជាមួយ​គ្នា​នេះ លោក លី វីរៈ ប្រធាន​ការិយាល័យ ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន្ត បាន​ទទួលស្គាល់ថា បទល្មើស​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ នៅតែ​បន្ត​កើតមាន​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ បើទោះ​ជា​ក្រុមមន្ត្រី​ឧទ្យានុរក្ស និង​ប្រជាសហគមន៍​បាន​ខិតខំ​ការពារ​ទប់ស្កាត់​ និង​បង្ក្រាប​យ៉ាងណាក៏ដោយ​។

លោក​ថ្លែងថា​៖ «​ក្រុម​ជនល្មើស តែងតែ​លួច​ឆ្មក់​ចូលធ្វើ​សកម្មភាព​ដាក់​អន្ទាក់ នៅពេល​យប់ និង​ក្នុង​ចន្លោះ​ពេលដែល​ក្រុមមន្ត្រី​ឧទ្យានុរក្ស​យើង​បាន​ត្រឡប់​ពី​ល្បាត​វិញ​។ ម្យ៉ាងទៀត តំបន់​ដែនជម្រក​សត្វព្រៃ​មាន​ទំហំ​ធំ តែ​កម្លាំង​ឧទ្យានុរក្ស​យើង​នៅមាន​កម្រិត​នៅឡើយ​»​។

បើតាម​លោក​ វីរៈ តំបន់​ដែន​ជម្រកសត្វព្រៃ​សង្ឃរុក្ខវ័ន្ត​មាន​ផ្ទៃដី​សរុប ៣០ ២៥៤ ​ហិកតា មាន​ព្រំប្រទល់​ជាប់​ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ និង​ក្រុង​សំរោង ខណៈ​មន្ត្រី​ឧទ្យានុរក្ស​មាន​ចំនួន​ត្រឹមតែ ៦ ​នាក់​ប៉ុណ្ណោះ ដែល​ប្រចាំការ​ត្រួតពិនិត្យ និង​ចុះ​ល្បាត​ស្រាវជ្រាវ បង្ក្រាប​បទល្មើស​ក្នុង​តំបន់​ដែន​ជម្រក​នេះ​។

លោក​បាន​បន្តថា ការចូលរួម​របស់​​សហគមន៍​សង្ឃរុក្ខវ័ន្ត​បាន​ធ្វើឱ្យ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​សង្ឃរុក្ខវ័ន្ត នៅតែ​ជា​ទីសុខដុមរមនា សម្រាប់​សត្វព្រៃ និង​ជីវចម្រុះ​ដទៃទៀត​។

លោក​បញ្ជាក់ថា​៖ «​ទោះជា​យ៉ាងណា​បទល្មើស​សត្វព្រៃ នឹង​មិនអាច​បញ្ឈប់​បានទេ​ប្រសិនបើ​គ្មាន​ការចូលរួម​ទាំងអស់​គ្នា​ដើម្បី​បញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ និង​ការយក​បំណែក​ខ្លះ​នៃ​សត្វព្រៃ មកប្រើប្រាស់​ជា​ឱសថ ឬ​គ្រឿងសង្ហារិម ឬ​ប្រើ​ជា​របស់​ការពារ​ខ្លួន​នោះទេ​»៕