The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រហែល​អ្វីដែល​ពិភពលោក​ត្រូវការ​គឺ «កម្លាំងចិត្ត» បន្ដិច​បន្ដួច​ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ចេញ​ពី​បេះដូង




ប្រហែល​អ្វីដែល​ពិភពលោក​ត្រូវការ​គឺ «កម្លាំងចិត្ត» បន្ដិច​បន្ដួច​ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ចេញ​ពី​បេះដូង

Content image - Phnom Penh Post
គម្រោង​កម្លាំង​ចិត្ត​ថែម​ទាំង​ផ្តល់​ជូន​នូវ​ការ​អប់រំ​ស្តីពី​ច្បាប់​មូលដ្ឋាន និង​ការ​ប្រឹក្សា​យោបល់​ពី​អ្នក​ជំនាញ​សម្រាប់​អ្នក​ទោស​ជា​ស្ត្រី។

ប្រហែល​អ្វីដែល​ពិភពលោក​ត្រូវការ​គឺ «កម្លាំងចិត្ត» បន្ដិច​បន្ដួច​ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ចេញ​ពី​បេះដូង

ក្នុងពិភពលោកដែលមានការកើនឡើងនៃសកលភាវូបនីយកម្មសព្វថ្ងៃនេះ ព័ត៌មានមកពីគ្រប់ទិសទីទាំងអស់ត្រូវបានផ្សព្វផ្សាយ គ្រាន់តែចុចលើប៊ូតុងមួយប៉ុណ្ណោះ ហើយយើងតែងតែឃើញមាននូវបញ្ហាជាច្រើន ដែលមនុស្សជាតិកំពុងប្រឈម។ ពេលខ្លះចំណងជើងអវិជ្ជមានជាច្រើន អាចធ្វើឱ្យមានសំណួរមួយចោទឡើងថា តើពិភពលោករបស់យើងកាន់តែមានភាពច្របូកច្របល់ ឬថាតើយើងទទួលបានព័ត៌មានកាន់តែល្អប្រសើរជាងមុន ដោយសារការជឿនលឿននៃបច្ចេកវិទ្យាព័ត៌មានឌីជីថល។

ទោះជាយ៉ាងណាក៏ដោយ បញ្ហារបស់ពិភពលោកដែលមិនអាចដោះស្រាយ«ឱ្យចប់បាន» មានដូចជា បញ្ហាវិសមភាពយេនឌ័រ ភាពក្រីក្រ និងការរំលោភបំពានផ្លូវភេទ ដែលត្រូវបានរាយការណ៍ថាវាបានកើតឡើងឥតឈប់ឈរ ដែលងាយនឹងធ្វើឱ្យយើងមានអារម្មណ៍សោកស្តាយ និងបាក់ទឹកចិត្ត។

យ៉ាងណាមិញ កំណើននៃយុគព័ត៌មានឌីជីថលនេះ បានជួយធ្វើឱ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះបញ្ហាផ្សេងៗ ដូចជាចលនា #MeToo ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីការបង្ហោះនៅលើធ្វីធើរក្នុងឆ្នាំ ២០១៧ ដែលបង្ហាញអំពីអំពើហិង្សាលើយេនឌ័រ និងការបំពានលើស្ត្រីភេទដែលស្ដ្រីនៅជុំវិញពិភពលោកបានជួបប្រទះ។

ក្រៅពីនេះ នៅមានបញ្ហាធំៗជាច្រើន ដែលស្ត្រីប្រឈមនៅក្នុងសតវត្សរ៍ទី ២១ នេះ។ បញ្ហាខ្លះគ្មានសង្ឃឹមថានឹងទទួលបានការដោះស្រាយជារៀងរហូត ហើយនៅតែបន្តលាក់បាំងតទៅទៀត។

នៅក្នុងឆ្នាំ ២០២១ អង្គការ Penal Reform International បានរាយការណ៍ពីការកើនឡើងដល់ទៅ ១៧ ភាគរយ នៃអ្នកទោសជាស្ត្រីនៅទូទាំងពិភពលោក គិតចាប់តាំងពីឆ្នាំ ២០១០។ ទីតាំងជាច្រើនត្រូវបានរចនាឡើងជាប្រវត្តិសាស្ត្រសម្រាប់បុរស ដោយឡែក ស្ត្រីដែលជាប់ឃុំឃាំងត្រូវបានគេបំភ្លេចចោល ហើយត្រូវប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា ការមានផ្ទៃពោះ កង្វះការថែទាំសុខភាពស្ដ្រីជាក់លាក់ ការប្រើអំពើហិង្សា ការយាយីផ្លូវភេទ និងផ្លូវចិត្តជាដើម។

ការពិតមួយដែលជារឿយៗ មិនត្រូវបានរាយការណ៍នោះ គឺអ្នកទោសស្រី្តជាច្រើនដែលប្រព្រឹត្តតែបទល្មើសតូចតាចប៉ុណ្ណោះ ប៉ុន្ដែជារឿយៗ គាត់បានក្លាយជាជនរងគ្រោះដោយសារការរំលោភបំពានរបស់គាត់ទៅលើខ្លួនឯង។ អ្វីដែលនឹកស្មានមិនដល់នោះ គឺកង្វះការគោរពសិទ្ធិមនុស្សចំពោះក្រុមស្ត្រីទាំងនេះនៅទូទាំងពិភពលោក ដូចសម្តីរបស់លោក Nelson Mandela អាចជាការពិត ដោយ «គេនិយាយថាគ្មាននរណាម្នាក់ស្គាល់ប្រទេសជាតិមួយពិតប្រាកដទេ រហូតដល់អ្នកនោះស្ថិតនៅក្នុងពន្ធនាគាររបស់ខ្លួន។ ប្រទេសជាតិមួយ មិនគួរត្រូវបានវិនិច្ឆ័យតាមរបៀបដែលប្រទេសនោះប្រព្រឹត្តចំពោះពលរដ្ឋដែលមានឋានៈខ្ពស់បំផុតនោះទេ ប៉ុន្តែតាមរបៀបរបបដែលប្រទេសនោះប្រព្រឹត្តចំពោះពលរដ្ឋតូចតាចបំផុតរបស់ខ្លួន»។

ដើម្បីប្រយុទ្ធនឹងភាពអស់សង្ឃឹមនិងការមិនអើពើ គេតែងតែនិយាយថា មនុស្សម្នាក់តែងតែអាចស្វែងរកក្តីសង្ឃឹម និងការលើកទឹកចិត្ត។ ថ្ងៃមួយនារដូវក្ដៅក្នុងខែកក្កដា ឆ្នាំ ២០០១ អ្នកទោសជាស្រី្តម្នាក់នៅមណ្ឌលអប់រំកែប្រែស្ត្រី Central Women’s Correctional Institution ក្នុងទីក្រុងបាងកកបានប្រាប់ស្ត្រីវ័យក្មេងម្នាក់ដែលទៅទស្សនកិច្ចនៅមណ្ឌលអប់រំកែប្រែនោះ អំពីកង្វល់ក្នុងការចិញ្ចឹមកូនរបស់គាត់នៅក្នុងពន្ធនាគារ។

ភាពលំបាក និងភាពងាយរងគ្រោះរបស់អ្នកទោសជាស្រី្ត និងកង្វះការយកចិត្តទុកដាក់និងឱកាសសម្រាប់កុមារស្លូតត្រង់ដែលគ្មានកំហុស បានបន្សល់នូវការជះឥទ្ធិពលទៅលើស្ត្រីវ័យក្មេងដែលធ្វើទស្សនកិច្ចម្នាក់នោះ ដែលស្ដ្រីវ័យក្មេងនោះគឺ ព្រះអង្គម្ចាស់ក្សត្រី Bajrakitiyabha Mahidol នៃប្រទេសថៃ។

បន្ទាប់ពីទទួលបានសញ្ញាបត្របណ្ឌិតផ្នែកច្បាប់ (JSD) ពីសាកលវិទ្យាល័យ Cornell Law School និងទទួលបានបទពិសោធយ៉ាងច្រើនពាក់ព័ន្ធនឹងយុត្តិធម៌ព្រហ្មទណ្ឌ និងនីតិរដ្ឋ តាមរយៈការធ្វើជាព្រះរាជអាជ្ញាសាធារណៈនៅប្រទេសថៃ ព្រះអង្គម្ចាស់ក្សត្រីក៏បានបើកដំណើរការគម្រោង «កម្លាំងចិត្ត» (គម្រោងលើកទឹកចិត្ត) នៅក្នុងប្រទេសថៃ ដែលចំណាយថវិកាផ្ទាល់របស់ព្រះអង្គក្នុងឆ្នាំ ២០០៦។

ដោយផ្អែកលើមូលដ្ឋាននៃការគោរពសិទ្ធិមនុស្ស គម្រោងនេះបានបង្កើតសកម្មភាពដំបូង ដែលអ្នកទោសជាស្ត្រី និងអ្នកទោសជាស្ត្រីមានផ្ទៃពោះត្រូវបានផ្តល់ជំនួយនិងការគាំពារលើបញ្ហាយេនឌ័រជាក់ស្តែងជាច្រើន ដូចជា ពេលមានផ្ទៃពោះ ការថែទាំសុខភាព និងការថែទាំកុមារ ដើម្បីអនុញ្ញាតឱ្យពួកគេអាចចិញ្ចឹមបីបាច់ថែរក្សាកូនរបស់ពួកគេបានគ្រប់គ្រាន់។

ជាច្រើនឆ្នាំមកនេះ កម្មវិធីនេះត្រូវបានអនុវត្តនៅក្នុងមណ្ឌលកែប្រែផ្សេងៗ ជាច្រើននៅក្នុងប្រទេសថៃ តាមរយៈអភិក្រមនៃការអភិវឌ្ឍដោយផ្អែកលើទស្សនៈសេដ្ឋកិច្ចគ្រប់គ្រាន់ (Sufficiency Economy Philosophy) របស់អតីតព្រះមហាក្សត្រ ភូមិផុនអាក់ឌុនយៈដេត និងបានចាប់ផ្តើមអនុវត្តនូវវិធីសាស្ត្ររយៈពេលវែងនៅក្នុងការលើកទឹកចិត្តអ្នកទោសជាស្ត្រីរាប់ពាន់នាក់ ដើម្បីឱ្យពួកគាត់អាចរួមរស់សាជាថ្មីក្នុងសង្គមវិញ។

Content image - Phnom Penh Post
គម្រោង​កម្លាំង​ចិត្តៈ បង្រៀនធម៌ ការ​តាំង​សមាធិ និង​យូកា ដល់​អ្នក​ទោស​ជា​ស្ត្រី ចំនួន ៤០ នាក់ នៅ​ខេត្ត​សុខោទ័យ។

ឥទ្ធិពលនៃគម្រោង «កម្លាំងចិត្ត» នេះ មិនត្រឹមតែបង្រួមបញ្ហានៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែក៏មានការតស៊ូមតិដើម្បីការពារសិទ្ធិរបស់ជនងាយរងគ្រោះ ទាំងតាមរយៈព្រះរាជអាជ្ញាសាធារណៈ និងអ្នកការទូតផងដែរ។ វាត្រូវបានទទួលស្គាល់ថា ការផ្លាស់ប្តូរដើម្បីស្ត្រី អាចសម្រេចទៅបានប្រសិនបើសង្គមនិងច្បាប់វិវត្តស្របគ្នា។

នៅឆ្នាំ ២០០៨ ព្រះអង្គម្ចាស់ក្សត្រីបានធ្វើបទបង្ហាញស្ដីអំពី «គម្រោងកម្លាំងចិត្ត» នៅចំពោះមុខសម័យប្រជុំលើកទី ១៧ នៃគណៈកម្មការបង្ការឧក្រិដ្ឋកម្ម និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ (CCPCJ) នៅឯអង្គការសហប្រជាជាតិ ក្នុងទីក្រុង វីយែន ដោយកំណត់នូវកាតាលីករសម្រាប់យុទ្ធនាការសកលរបស់ថៃ សម្រាប់ការចាប់ផ្តើម និងការអនុវត្ត នូវច្បាប់ជាក់លាក់ដំបូងបង្អស់របស់ពិភពលោក ស្តីពីការប្រតិបត្តិដោយយុត្តិធម៌ចំពោះអ្នកជាប់ពន្ធនាគារដែលជាស្ត្រី។ នៅក្នុងវេទិកាពហុភាគី ព្រះអង្គម្ចាស់ក្សត្រីបានដឹកនាំយុទ្ធនាការ «លើកកម្ពស់ជីវិតអ្នកទោសជាស្ត្រី (ELFI)»។

ដោយសម្រេចបាននូវការមូលមតិគ្នាជាអន្តរជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពបទដ្ឋាន ដែលបានកំណត់ដោយវិធានអប្បបរមានៃស្តង់ដារបស់អង្គការសហប្រជាជាតិ (UN Stan-dard Minimum Rules) ឆ្នាំ ១៩៩៥ សម្រាប់ការប្រតិបត្តិចំពោះអ្នកទោស។

នៅក្រោមការជំរុញរបស់ព្រះអង្គម្ទាស់ក្សត្រី ប្រទេសថៃ បានក្លាយជាប្រទេសឈានមុខគេ នៅក្នុងដំណើរការរៀបចំសេចក្តីព្រាងរបស់អង្គការសហប្រជាជាតិ ដោយជំរុញកម្លាំងពហុភាគី ដើម្បីសិទ្ធិរបស់អ្នកទោសជាស្ត្រីនៅទូទាំងពិភពលោក។

នៅក្នុងរយៈពេល ២ ឆ្នាំ នៃការបញ្ចុះបញ្ចូលផ្នែកនយោបាយ និងច្បាប់យ៉ាងម៉ឺងម៉ាត់របស់អង្គការសហប្រជាជាតិ សម្រាប់ការប្រតិបត្តិចំពោះអ្នកទោសជាស្ត្រី និងវិធានការមិនឃុំខ្លួនអ្នកប្រព្រឹត្តបទល្មើសជាស្ត្រី (វិធានបាងកក - Bangkok Rules) ត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៦៥ ក្នុងឆ្នាំ ២០១០ ដែលជាការផ្លាស់ប្តូរគំរូស្របច្បាប់នៅក្នុងសហគមន៍អន្តរជាតិ និងប្រកាន់ខ្ជាប់នូវស្តង់ដាដំបូងរបស់អង្គការសហប្រជាជាតិស្តីពីការប្រតិបត្តិចំពោះអ្នកទោសជាស្ត្រី។

ជាមួយនឹងវិធានបាងកក (Bangkok Rules) ស្ត្រីជាប់ឃុំនៅលើពិភពលោកមិនត្រូវបានគេបំភ្លេចចោលទៀតនោះទេ។ ជាមួយនឹងបទប្បញ្ញត្តិ រាប់ចាប់ពីការហាមឃាត់ការដាក់ទណ្ឌកម្មដោយការបង្ខាំងជិតឈឹងចំពោះស្ត្រីដែលបំបៅដោះកូន គាំទ្រដល់ការថែទាំសុខភាពផ្លូវចិត្ត និងការពារចំពោះអ្នកដែលរាយការណ៍អំពីការរំលោភបំពាន វិធានបាងកកបានបង្កើតសំណុំស្តង់ដា ដែលអាចអនុវត្តបានសម្រាប់ប្រទេសជាតិទាំងអស់ ដើម្បីប្រកាន់ខ្ជាប់។

តាមរយៈការលើកទឹកចិត្តដែលជាឧទាហរណ៍បង្ហាញដោយព្រះអង្គម្ចាស់ក្សត្រី វិទ្យាស្ថានយុត្តិធម៌ថៃ (TIJ) បន្តបញ្ជ្រាបសិទ្ធិ និងភាពថ្លៃថ្នូររបស់ស្ត្រីក្នុងប្រពន្ធ័យុត្តិធម៌ព្រហ្មទណ្ឌ (vis-à-vis criminal justice) និងនីតិរដ្ឋនៅក្នុងប្រទេសថៃ និងនៅបរទេស។

នៅក្នុងប្រទេសកម្ពុជា TIJ បានសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ (DGP) ដែលបានចុះ MOU ស្តីពីគម្រោងពន្ធនាគារគំរូនៅក្នុងឆ្នាំ ២០១៩ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពទូទៅនៃអ្នកទោសជាស្ត្រី និងធ្វើឱ្យការចូលរួមនៅក្នុងសង្គមឡើងវិញរបស់ពួកគេប្រកបដោយសន្តិភាពនិងនិរន្តរភាព។ គម្រោងសាកល្បងនេះត្រូវបានអនុវត្តដំបូងនៅមណ្ឌលអប់រំកែប្រែទី២ (CC2) ដែលជាពន្ធនាគារដាក់អ្នកទោសជាស្ត្រីធំបំផុតនៅកម្ពុជា។

ចន្លោះពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០១៩ TIJ បានរៀបចំការបណ្តុះបណ្តាលនៅទីក្រុងភ្នំពេញ សម្រាប់បុគ្គលិកមកពីមណ្ឌលអប់រំកែប្រែចំនួន ៣០នាក់ ហើយនៅខែមករា ឆ្នាំ២០២០ ក៏បានរៀបចំសិក្ខាសាលារយៈពេល ៤ ថ្ងៃ នៅពន្ធនាគារខេត្តអយុធ្យា (Ayutthaya Provincial Prison) ក្នុងប្រទេសថៃ សម្រាប់មន្ត្រីពន្ធនាគារ ៣រូប ដើម្បីបណ្តុះបណ្តាលអំពីការគ្រប់គ្រង ហាងកាហ្វេនៅពន្ធនាគារ ភោជនីយដ្ឋាន កន្លែងម៉ាស្សាថៃ ក៏ដូចជា ការអនុវត្តវិធានបាងកក នៅក្នុងមណ្ឌល CC2។

Content image - Phnom Penh Post
គម្រោង​កម្លាំង​ចិត្តៈ បណ្តុះ​បណ្តាល​ជំនាញ​ដល់​អ្នក​ទោស​ជា​ស្ត្រី អំពី​សិប្បកម្ម​ធ្វើ​បន្តោង​សោ។

ខណៈការងារនៅតែបន្តអនុវត្តនៅទូទាំងពិភពលោក វាមិនអាចប្រកែកបានទេថាកិច្ចខិតខំប្រឹងប្រែងទាំងនេះមិនទទួលបានលទ្ធផលជាក់ស្តែង ដែលជាការលើកទឹកចិត្ត និងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ជីវិតរបស់ស្ត្រីនិងកុមារនៅទូទាំងពិភពលោក។

ដោយភាពរឹងមាំនិងការអាណិតអាសូរ មនុស្សម្នាក់អាចស្វែងរកក្តីសង្ឃឹម តាមរយៈបន្ទូលរបស់ព្រះអង្គម្ចាស់ក្សត្រី ដែលមានបន្ទូលថា៖

«យើងត្រូវតែបណ្តុះកូនចៅរបស់យើងនាពេលបច្ចុប្បន្ននេះ លើបញ្ហាយេនឌ័រ ដើម្បីបង្កើតមនុស្សជំនាន់ក្រោយដែលគោរពស្ត្រីភេទ។ ប៉ុន្តែសំខាន់ជាងនេះ គឺយើងត្រូវតែលើកទឹកចិត្ត អ្នកដែលមានអតីតកាលឈឺចាប់ ដើម្បីឱ្យពួកគេមានភាពក្លាហានក្នុងការរស់នៅជាមួយក្តីសង្ឃឹម»។

បើរំឭកឡើងវិញនូវសម្រង់សម្តីរបស់លោក Mandela «ប្រហែលជាថ្ងៃនេះ ប្រជាជាតិ ឬពិភពលោក អាចត្រូវបានវិនិច្ឆ័យនៅក្នុងពន្លឺល្អជាងម្សិលមិញ។ នៅក្នុងពិភពលោកដែលសកលភាវូបនីយកម្មកំពុងតែមានសម្ទុះខ្លាំងឡើងនេះ វាជាកន្លែងដែលបច្ចេកវិទ្យាឌីជីថលបាននាំមកនូវដំណឹងអវិជ្ជមានជារៀងរាល់ថ្ងៃ អ្វីដែលពិភពលោកប្រហែលជាត្រូវការគឺ ក្តីសង្ឃឹមដ៏តូចមួយ និង «កម្លាំងចិត្ត» កាន់តែខ្លាំង ឬការលើកទឹកចិត្តចេញពីបេះដូង៕

លោកបណ្ឌិត Phiset Sa-ardyen គឺជានាយកប្រតិបត្តិនៃវិទ្យាស្ថានយុត្តិធម៌ថៃ (TIJ) ដែលបានប្តេជ្ញាលើកកម្ពស់ប្រព័ន្ធយុត្តិធម៌របស់ប្រទេសថៃ ដោយមានទំនាក់ទំនងជាមួយ UN-PNI។ លោកបណ្ឌិត Phiset បានចាប់ផ្តើមអាជីពជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យជូឡាឡុងកន ហើយក្រោយមកបានចូលរួមជាមួយក្រសួងយុត្តិធម៌។ មុនពេលលោកត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃ TIJ នៅខែកុម្ភៈឆ្នាំ២០២១ លោកបានបម្រើការងារនៅក្នុងមុខតំណែងសំខាន់ៗជាច្រើននៅក្រសួងយុត្តិធម៌ ដូចជា នាយកកិច្ចការអន្តរជាតិ នាយកកិច្ចការច្បាប់ និងនាយកមជ្ឈមណ្ឌលបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានជាដើម។

អត្ថបទគួរចាប់អារម្មណ៍