សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ធ្វើ​របាំង​សំណាញ់​ការពារ​សត្វ​ប្រចៀវ​កុំឱ្យ​ចូល​ទៅ​ទំ​នៅ​ផ្នែក​ដំបូល​នៃ​ថែវ​ប្រាសាទ​អង្គរវត្ត ព្រោះ​ទឹកនោម​សត្វ​ប្រចៀវ​អាច​បណ្តាល​ឱ្យ​មាន​សំណើម​ និង​បង្កើត​ទៅជា​ជាតិប្រៃ​ដែល​ជា​សារធាតុ​ងាយ​នឹង​ធ្វើឱ្យ​ថ្ម​របស់​ប្រាសាទ​មានការ​ពុកផុយ​។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៥ ខែសីហា ថា ក្រុម​ការងារ​របស់​អាជ្ញាធរ​ជាតិអប្សរា​កំពុង​ធ្វើ​របាំង​សំណាញ់​ដាក់​ការពារ​សត្វ​ប្រចៀវ​កុំ​ឱ្យ​ចូលទៅ​ទំ​នៅ​ផ្នែក​ដំបូល​នៃ​ថែវ​ប្រាសាទ​។

លោក​ថា មូលហេតុ​សំខាន់​ដែលនាំឱ្យ​អាជ្ញាធរ​ត្រូវ​​ធ្វើ​កិច្ចការ​នេះ ដោយសារ​តែ​សត្វ​ប្រចៀវ​តែង​ហើរ​ទៅ​ទំ​នៅ​កន្លែង​ងងឹតៗ​នៅតាម​ថែវ​ប្រាសាទ ហើយ​ទឹកនោម​សត្វ​ប្រចៀវ​​នាំឱ្យមាន​សំណើម​បង្កើត​ទៅជា​ជាតិប្រៃ​ដែល​ធ្វើឱ្យ​ថ្ម​មាន​ការពុកផុយ ហើយ​បណ្តាលឱ្យ​ខូច​ដល់​ប្រាសាទ​។

លោក​បាន​បន្តថា នៅតាម​ប្រាសាទ​គឺ​មាន​ពិតាន​តាំងពី​បុរាណ​ដែល​ធ្វើ​អំពី​ឈើ ប៉ុន្តែ​ដោយសារ​ពេលវេលា​កន្លងទៅ​អស់​ជាច្រើន​ឆ្នាំ​ឈើ​ពិតាន​ទាំងនោះ​ក៏បាន​ពុកផុយ​ខូច​អស់​។ ហេតុនេះ​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​ឡើងវិញ​ដោយ​ដាក់​របាំង​ជា​សំណាញ់​នៅតាម​ទីតាំង​តាម​លំនាំ​ដើម​ដែលមាន​ធ្នាក់​ស្រាប់ ហើយ​ងាយស្រួល​ក្នុងការ​ដំឡើង​របាំង​សំណាញ់​ថ្មី​។

លោក​បាន​ថ្លែងថា​៖ «​នៅ​កន្លែង​​ហ្នឹង​គេ​មាន​ធ្នាក់​របស់គេ​ស្រាប់​ទេ យើង​គ្រាន់តែ​លើកយក​សម្ភារ​ដែល​ត្រូវ​បំពាក់​ហ្នឹង​ទៅ​ដាក់ឱ្យ​ត្រឹមត្រូវ​ទៅតាម​ទីកន្លែង​របស់គេ​ហ្នឹង​ទេ ហើយ​កន្លងមក​យើង​មាន​រៀបចំ​អ៊ីចឹង​រួចស្រេច​ហើយ​ដែរ លើក​នេះ​យើង​គ្រាន់តែ​ជួសជុល​អាចាស់​ចេញ​ហើយ​ដាក់​អាថ្មី​ចូល​»​។

បើតាម​លោក ឡុង កុសល កន្លងមក​ក្រុម​ការងារ​អាជ្ញាធរ​ជាតិអប្សរា​បានធ្វើ​របាំង​ការពារ​បែបនេះ​រួចហើយ​នៅ​ទីតាំង​ផ្សេង​​ដូចជា នៅ​រួតបាកាន​នៃ​ប្រាសាទ​អង្គរវត្ត​។ ក្រុមការងារ​នៅ​​តែ​បន្តធ្វើ​ទៀត ដោយ​ពិនិត្យមើល​​តាម​ភាពជាក់ស្តែង​នៃ​ការផ្លាស់ទី​របស់​សត្វ​ប្រចៀវ​ក្នុង​ការហើរ​​មក​ទំ​ក្នុង​ទីងងឹត​នៃ​ដំបូល​ប្រាសាទ​ទាំងអស់​នៅ​តំបន់​អង្គរ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​ដាក់​នៅ​រួត​បាកាន​រួចហើយ តែ​ប្រចៀវ​វា​ចេះ​ដែរ នៅពេលដែល​យើង​ដាក់​នៅ​រួត​បាកាន​វា​ដេញ​ចុះមក​ក្រោម​។ ឥឡូវ​យើង​ដាក់​នៅតាម​ក្រោម​ទៀត​បន្តិចទៀត​វា​ដេញ​រត់​ទៅតាម​កន្លែង​ផ្សេងៗ​ទៀត អ៊ីចឹង​យើង​នឹង​ដើរ​ដេញ​ទៅតាម​ហ្នឹង បន្តបន្ទាប់​រហូតដល់​វា​ចេញ​អស់​អាហ្នឹង​យើង​លែង​បារម្ភ​ទៀតហើយ​»​។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អះអាងថា របាំង​សំណាញ់​ដែល​កំពុង​ដំឡើង​នេះ មិន​បណ្តាលឱ្យ​មាន​ការប៉ះពាល់ ឬ​ខូចខាត​ផ្នែក​ណាមួយ​នៃ​ប្រាសាទអង្គរវត្ត​នោះទេ​។ ផ្ទុយទៅវិញ​នេះ​ជា​កិច្ចការងារ​អភិរក្ស​ដើម្បី​រក្សា​ប្រាសាទអង្គរវត្ត​ឱ្យនៅ​គង់វង្ស​យូរអង្វែង​ជា​បន្តទៅទៀត​។

លោក​ថ្លែងថា​៖ «​សំណាញ់​ដែល​យើង​ដាក់​ហ្នឹង ខ្ញុំ​មិន​ច្បាស់​ថា សំណាញ់​ជ័រ​ ឬ​សំណាញ់​ដែក​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ដឹងថា គ្រាន់តែ​ជា​សំណាញ់​ដែល​ដាក់​ការពារ​​យ៉ាងណា​កុំឱ្យ​សត្វ​ប្រចៀវ​ចូល​បាន ហើយ​វា​អត់​ធ្ងន់​អត់​អី​ទេ​សំណាញ់​ហ្នឹង​នោះ មិនមែន​ដូចជា សំណាញ់​បង់​ត្រី​នោះទេ សំណាញ់​ដែល​យើង​ដាក់​នេះ​មាំ​ជាង​»៕