ភ្នំពេញៈ មន្រ្ដី​ជំនាញ​នៃ​មន្ទីរ​ធនធាតុ​ទឹក​ខេត្ដ​ព្រះសីហនុ ​អះអាង​ថា​ ជំនន់​ទឹក​ភ្លៀង​ក្នុង​ខេត្ដ​ព្រះសីហនុ​ចាប់តាំង​ពី​ថ្ងៃទី​ ២៤ រហូត​មក​ដល់​ថ្ងៃទី​ ២៦​ ខែសីហា ​គឺបាន​ស្រក​ចុះ​វិញ​លឿន​ បើ​ធៀប​ទៅ​នឹង​ជំនន់​កាលពី​ឆ្នាំ​ ២០១៩។ ទោះយ៉ាង​ណា ​អាជ្ញាធរ​បន្ត​ឱ្យពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ព្រោះ​ភ្លៀង​បន្ត​ធ្លាក់​មិន​ឈប់។​

លោក ​ហេង សោភ័ណរិទ្ធ​ ប្រធាន​មន្ទីរ​ធន​ធាន​ទឹក ​និង​ឧតុនិយម​ ខេត្ដ​ព្រះសីហនុឱ្យដឹង​ថា ទឹក​ភ្លៀង​ធ្លាក់ចុះ​ខ្លាំង​នៅ​ម៉ោង​ប្រហែល ​៥ ល្ងាច​ ថ្ងៃទី​ ២៤ ​ខែសីហា។ ​បរិមាណ​ទឹក​នៅ​តំបន់​ទំនាប​ក្នុង​ក្រុង​ព្រះសីហនុ ​កើនឡើង​ដល់ ​២ ៨៥៨,១ ​មីល្លីម៉ែត្រ ​បណ្តាល​ឱ្យជន់​លិច​នៅ​តំបន់​ទំនាប​មួយចំនួន​ ពិសេស​នៅក្នុង​ភូមិសាស្រ្ដ​សង្កាត់​លេខ ៤។ ប៉ុន្ដែ​រយៈពេល​ជាង​១ម៉ោង​ គឺ​ដល់​ម៉ោង​ ១០:០០ នាទី​យប់​ទឹកភ្លៀង​បាន​ស្រក​វិញ​នៅតាម​អូរ​ប្រឡាយ​សំខាន់ៗ​ក្នុង​ក្រុងព្រះ​សីហនុ។

លោក​ថ្លែង​ថា​៖«ស្ថាន​ភាព​ជំនន់​ទឹក​ភ្លៀង​នៅពេល​នេះ​ បើ​យើង​ប្រៀប​ធៀប​ទៅនឹង​ស្ថាន​ភាបជំនន់​កាលពី​ឆ្នាំ​ ២០១៩ គឺ​ទឹក​បាន​ស្រក​ចុះ​វិញ​ក្នុង​ល្បឿន​លឿន​មិន​បណ្ដាល​ឱ្យ​នៅ​ជន់លិច​យូរ​នោះ​ទេ»។

បើ​តាម​លោក​ សោភ័ណរិទ្ធ ​ស្ថានភាព​ទឹក​ជំនន់​ស្រកចុះ​ និង​ហូរ​ចេញ​លឿន​បែបនេះ ​ក្រោយពី​រដ្ឋបាល​ខេត្ដ​បាន​យក​ចិត្ដ​ទុកដាក់​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ​ប្រឡាយ ​សម្រាប់​ឱ្យ​ទឹក​ហូរ​ចេញ​បាន​ទាន់​ពេល​តាំងពី ​២ ​ឆ្នាំ​មុន។ លោក​បញ្ជាក់​ថា ​ទឹក​ភ្លៀង​រយៈពេល​៣ថ្ងៃ​នេះ ​មិន​ទាន់​មាន​ការប៉ះពាល់​ដល់​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​ ដូចជា ​ការបាក់​បង្គោល​ភ្លើង ​ឬ​ទឹក​ហូរ​ដាច់​ផ្លូវ​ក្នុង​ខេត្ដ​នៅ​ឡើយ​ទេ។​

លោក ឃាង ភារម្យ មន្រ្ដីនាំពាក្យ​រដ្ឋ​បាល​ខេត្ដ​ព្រះសីហនុ បានប្រាប់ ភ្នំពេញ ប៉ុស្ដ៍ នៅថ្ងៃទី ២៦ សីហា ​ថា ភ្លៀង​នៅ​បន្ត​ធ្លាក់ ប៉ុន្ដែ​មិន​សូវ​ខ្លាំង ហើយ​សមត្ថ​កិច្ច​កំពុង​បន្ត​តាម​ដាន​ស្ថានភាពទឹក​ភ្លៀង​នេះ​។

លោក​ថ្លែង​ថា​៖ «តាម​ការព្យាករ​នឹង​មាន​ករណី​ភ្លៀង​ធ្លាក់​ជាបន្តបន្ទាប់​នៅ​ខេត្ត​ព្រះសីហនុ។​ ដូច្នេះ​រដ្ឋបាល​ខេត្ត​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការប្រុង​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់​បំផុត​ ដោយ​ស្វែងរក​ទីតាំង​ដែលមាន​សុវត្ថិ​ភាព​ និង​កុំ​ចាកចេញ​ពី​ផ្ទះ ​បើ​គ្មាន​ភាព​ចាំបាច់។ ជាពិសេស​កុំ​ធ្វើដំណើរ​តាមដង​ផ្លូវ​ជម្រាល​ភ្នំ​ និង​ទីកន្លែង​ ដែល​មាន​ទឹក​ហូរ​កាត់​ខ្លាំង ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​កើត​ឡើង​ជាយ​ថា​ហេតុ»។

លោក​ភារម្យ​បញ្ជាក់​ថា ​ពាក់ព័ន្ធ​នឹង​របាយការណ៍​នៃ​ផល​ប៉ះពាល់ ​ដោយសារ​ទឹក​ជំនន់ ​គិត​ត្រឹម​ថ្ងៃទី​ ២៥ ​សីហា ​ក្រុម​ការងារ​ជំនាញ​កំពុង​ចុះ​សិក្សា​វាយតម្លៃ​នៅ​ឡើយ​មិនទាន់​អាច​ផ្តល់​ជូន​នៅ​ឡើយ​ទេ។

លោក​សុខ សុខុម ​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO)​ បាន​ឱ្យដឹង​ថា ​ភ្លៀង​នៅ​ថ្ងៃទី​ ២៦ ​ខែសីហា ​មាន​ភាព​ធូ​ស្បើយ​ជាង​កាលពី​ថ្ងៃទី ២៤​-២៥ ​ខែសីហា ​ប៉ុន្ដែ​ភ្លៀង​នៅបន្ត​ធ្លាក់​មិន​ដាច់។​

លោក​បន្តថា​៖ «ដោយសារ​ស្ថានភាព​ភ្លៀង​បាន​ធូរស្បើយ​ទឹក​ជំនន់​ក៏បាន​ស្រកចុះ​បាន​លឿន​ដែរ​។ ប៉ុន្ដែ​មេឃ​នៅតែ​ងងឹត ហើយ​ទឹកភ្លៀង​នៅ​បន្ត​ធ្លាក់​តិច​តួច​មើល៍ទៅ​ប្រហែលជា​ធូរស្បើយ​ហើយ»។

លោក​សុខុម​ឱ្យដឹង​ថា ​ទឹក​ភ្លៀង​រយៈពេល​៣ថ្ងៃ​នេះ ​បណ្ដាល​ឱ្យ​ជន់​លិច​តំបន់​ទំនាប​មួយចំនួន​ នៅ​សង្កាត់​លេខ១​ លេខ​២ ​លេខ៣ ​និង​លេខ៤។ ប៉ុន្ដែ​ជំនន់​បាន​លិច​នៅ​តាម​តំបន់​ទំនាបៗ​ប៉ុណ្ណោះ​ មិន​បាន​លិច​ទូទាំង​ក្រុង​ព្រះសីហនុ​ទេ។

លោក​អះអាង​ថា ​អាជ្ញាធរ​ខេត្ដ ​និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ​បាន​យកចិត្ដ​ទុកដាក់​ក្នុង​ការ​តាម​ដាន​ស្ថានភាព​នៃការ​វិវឌ្ឍ​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខេត្ដ​ព្រះសីហនុ​ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ​និង​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​ភូមិ​សាស្រ្ដ​ក្រុង​ព្រះសីហនុ។

លោក​ ឃុន សុខា ​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ​បញ្ជាក់​ថា​ ត្រឹម​ថ្ងៃទី​ ២៦ ​ខែសីហា ​រដ្ឋ​បាល​ខេត្ដ​ព្រះសីហនុ ​និង​ខេត្ដ​ផ្សេង​ទៀត​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​ទឹក​ជំនន់​ទឹក​ភ្លៀង ​មិន​ទាន់​មាន​របាយការណ៍​ពី​ផល​ប៉ះពាល់​បឋម​ដោយសារ​ជំនន់​ទឹក​ភ្លៀង​នេះ​នៅ​ឡើយ​ទេ៕