ភ្នំពេញៈ មន្ត្រី​ជំនាញ​រាជធានី​ភ្នំពេញ​បន្ត​ស៊ើប​អង្កេតរកអ្នកពាក់ព័ន្ធ​ករណី​ជួញ​ដូរ​ភ្លុក​ដំរី​ឆ្លា​ក់រួចនិង​មិនទាន់​ឆ្លាក់​សរុប ​១០៩​ ដុំ​ ដែលមាន​ទម្ងន់​​ជាង​ ៤​ គីឡូក្រាម​ បន្ទាប់​ពី​សមត្ថកិច្ច​ក​ង​រាជ​អាវុធ​ហត្ថ​សហការ​ជាមួយ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ២ ​នាក់ ដែល​បាន​លួច​ជួញដូរ​ដោយ​ខុស​ច្បាប់។

កាលពី​ថ្ងៃទី​ ២៥ សីហា សមត្ថ​កិច្ច​ចម្រុះបាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ឈ្មួញ​ជួញដូរ​សំណាក​ភ្លុក​ដំរីនៅ​ទីតាំង​លួច​លាក់​ជួញ​ដូរ​ភ្លុក​ដំរី​ចំនួន ​២ កន្លែង នៅ​ជាប់​គ្នាដែល​ស្ថិត​ក្នុងភូមិ​ក្រោល​គោ សង្កាត់​គីឡូម៉ែត្រលេខ ​៦ ​ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ​។

លោក​ គាំ​ សីហា​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៦ ​សីហា​ថា ​បន្ទាប់​ពី​បង្ក្រាបបទ​ល្មើស​នេះ​ សមត្ថ​កិច្ច​កំពុង​បន្ត​ស៊ើប​អង្កេត​ដើម្បី​ស្វែង​រក​អ្នក​ពាក់​ព័ន្ធ​ ខណៈ​​ជន​សង្ស័យ​ទាំង ២​ នាក់ ​និងភ័ស្តុ​តាង​ត្រូវ​បញ្ជូន​បន្ត​ទៅ​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​។

លោក​បាន​បញ្ជាក់​ថា៖ «ករណី​នេះខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​គាត់​ចាត់ការ​ដោយ​ខ្លួនឯង​ហើយ ​ហើយ​យើង​បាន​ចូលរួម​ក្នុង​ប្រតិ​ប​ត្តិការ​នេះ។ ឥឡូវ​នេះ ករណី​នេះ កំពុង​ស្ថិត​ក្នុង​ដំណាក់​ការ​ស៊ើបអ​ង្កេត ដែល​ខ្ញុំមិន​អាច​ផ្តល់​ព័ត៌មាន​អ្វី​បាន​ផ្សេង​ទេ»។

យោង​តាម​របាយ​ការណ៍​ដែល​បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី ២៥ ​សីហា ​ឲ្យ​ដឹងថា ​ប្រតិ​បត្តិការ​ចុះ​បង្ក្រាប​បទ​ល្មើស​នេះគឺ​បាន​ដក​ហូត​ភ្លុក​ដំរី​សរុប​ចំនួន​ ១០៩ ​ដុំ ស្មើនឹង​ទម្ងន់ ​៤,២​ គីឡូក្រាម។ ក្នុងនោះ​មាន​ភ្លុក​ដំរី​ឆ្លាក់​រួច​ចំនួន ៨ ដុំ និង​ភ្លុក​ដំរី​មិន​ទាន់​ឆ្លាក់​ចំនួន ​២​៦ ដុំ សរុប​មាន​ចំនួន ៣៤ ដុំ ស្មើនឹង​ទម្ងន់ ១,៨ គីឡូក្រាម ​ត្រូវបាន​ដកហូត​ពី​ទីតាំង​ទី១ នៅ​​ផ្ទះលេខ E41 ស្ថិតក្នុង​បុរី​មនោ​រម្យ ស្ថិត​នៅ​ភូមិ​ក្រោល​គោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​ ៦ ដែល​មាន​ម្ចាស់​ឈ្មោះ ស៊ិន សុភាព ​ភេទ​ប្រុស ​អាយុ​ ៣៨​ ឆ្នាំ មុខរបរ​ជា​ជាង​ចម្លាក់។

ចំណែក​ភ្លុក​ដំរី​ឆ្លាក់​រួច​ចំនួន ១៥ ​ដុំ ដែល​មាន​ទម្ងន់ ០,៩០ គីឡូក្រាម និ​ង​ភ្លុក​ដំរី​មិនទាន់​ឆ្លាក់​ចំនួន​៦០​ដុំដែលមាន​ទម្ងន់ ១,៥០ ​គីឡូ​ក្រាម​សរុប​ទាំង​ឆ្លា​ក់រួច និង​មិន​ទាន់​ឆ្លាក់​ចំនួន​ ៧៥ ​ដុំ ស្មើ​នឹង​ទម្ងន់ ​២,៤ គីឡូក្រាម​ ត្រូវបាន​សមត្ថកិច្ច​ក៏​ដកហូត​ពី​ទីតាំង​ទី២ នៅ​ផ្ទះ​លេខ E43 ស្ថិតនៅ​ជាប់​គ្នា ដែល​​មាន​ម្ចាស់​ឈ្មោះ ​ធី សុ​ម៉ាលី ​ភេទ​ស្រី អាយុ​ ២១ ឆ្នាំ​មុខ​របរ​លក់​ដូរ​៕