ភ្នំពេញៈ រាជ​រដ្ឋាភិបាល ​តាមរយៈ​ក្រសួង​មហាផ្ទៃ ​និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​បានបញ្ជា​ទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ២ ​គ្រឿង ​ឱ្យ​នាយក​ដ្ឋាន​នគរបាល​ពន្លត់​អគ្គិភ័យ​ ១ គ្រឿង ​និង​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ ១ គ្រឿង ​សម្រាប់​ពន្លត់​អគ្គិភ័យ​ដែល​កើតឡើង​នៅ​តាម​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

លោក​ នេត្រ វណ្ណថា ​ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ​និង​សង្រ្គោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី ២៦ ​សីហា​ថា ​សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ២ គ្រឿង​នេះ​ អាច​ប្រើប្រាស់​បានតែ​នៅក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ។ ប៉ុន្តែ​បើ​ប្រើ​ប្រាស់​នៅ​ទូទាំង​ប្រទេស ​ដូចជា​ខេត្ត​ដែល​មាន​អគារ​ខ្ពស់ៗ ​មាន​ខេត្ត​ព្រះសីហនុ ​ជាដើម​ គឺ​មិនទាន់​អាច​ឆ្លើយតប​បាន​ទេ។ ប៉ុន្តែ​ទៅ​មុខ​ទៀត​ រាជរដ្ឋាភិ​បាល​អាច​នឹង​បញ្ជា​ទិញ​បន្ថែម​ទៀត ។

លោក​បន្តថា​ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ​២ គ្រឿង​នេះ ​ពិតជា​មាន​សារៈសំខាន់​ណាស់ ​សម្រាប់​ប្រទេស​កម្ពុជា ​ក្នុង​ការពន្លត់​អគ្គិភ័យ ​ដែល​កើត​ឡើង​នៅតាម​អគារ​ខ្ពស់​ ព្រោះ​បច្ចុប្បន្ន​នេះ ​ជាពិសស​ទី​ក្រុង​ភ្នំពេញ​មាន​អគារ​ខ្ពស់ៗ​ច្រើន ​និង​ប្រឈម​ខ្លាំង​ជាង​គេ។ ទោះជា​យ៉ាង​ណា​លោក​ មិន​បានប្រាប់​ពី​តម្លៃ​លើ​ការចំណាយ​ចំពោះ​ការទិញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​ ២ គ្រឿង​នេះ​នោះ​ទេ ​គ្រាន់តែ​លោក​បញ្ជាក់​ថា​មាន​តម្លៃ​ខ្ពស់។

លោក​ថ្លែងថា​៖«នេះ​ជា​ដំបូង​ដែល​យើង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​មាន​ជណ្តើរ​ខ្ពស់ ​ រហូតដល់ ​៥០ ម៉ែត្រ​ជាង។ ពី​មុន​​មក ​កម្ពុជា​មិន​ដែល​មាន​ទេ»។

លោក​បន្តថា​៖ «បើ​ប្រទេស​កម្ពុជា ​នៅតែ​មាន​ការរីក​ចម្រើន​បន្ត​ទៀត​ កម្ពុជា​នឹង​បន្ត​បញ្ជា​ទិញ​បន្ថែម​ទៀត ​ដើម្បី​ឆ្លើយ​ទៅ​នឹង​កំណើន​សំណង់។ ប៉ុន្តែ​ដំណាក់​កាល​នេះ​យើង​មាន​តែ​ ​២ គ្រឿង​នេះ​ អាច​ប្រើ​បាន​ហើយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ [ប៉ុន្តែ]​ សម្រាប់​នៅ​ខេត្ត​ធំៗ​ដូចជា​នៅ​ក្រុង​ព្រះ​សីហនុ​ ក្រុង​បាវិត​ និង​ក្រុង​ប៉ោយប៉ែត​នៅ ​[មិនទាន់​មាន]​ ទេ»។

បើ​តាម​លោក​ នេត្រ វណ្ណថា ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទាំង​ ២​ គ្រឿង​នេះ ​ត្រូវបាន​បញ្ជា​ទិញ​ពី​ប្រទេស​អាល្លឺម៉ង់ ​តាមរយៈ​ក្រុមហ៊ុន​ KNN។ ក្រុម​ហ៊ុន​នេះ ​បាន​ចូលរួម​បណ្តុះបណ្តាល​មន្ត្រី​ឱ្យ​ចេះ​ប្រើប្រាស់​នូវ​បច្ចេកទេស​ផ្សេងៗ ​ដោយ​ក្នុងនោះ ​រថយន្ត​ ១ គ្រឿង​ត្រូវការ​មន្ត្រី​ចំនួន​៧នាក់​ តាម​ស្តង់​ដា​អន្តរជាតិ ​មាន​ទាំង​អ្នក​បញ្ជា​ដង​ បញ្ជា​ជើង​ដំរី​ អ្នកបញ្ជា​ជណ្តើរ ​និង​អ្នក​បូម​បាញ់​អី​ជា​ដើម។

តាម​ការផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ​និង​សង្រ្គោះ ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​ កាល​ពី​ថ្ងៃ​ទី២៦ ​ខែសីហា ​បានឱ្យ​ដឹងថា​ លក្ខណៈ​សម្បត្តិ​របស់​រថយន្ត​នេះ ​មាន​កម្ពស់​ ៤ ម៉ែត្រ ​បណ្ដោយ​ប្រវែង​១៣ម៉ែត្រ ​ទទឹង​ប្រវែង​២,៥ម៉ែត្រ ​ដង​ចេញ​អស់​៥៤​ម៉ែត្រ។ ចំណុះ​ទឹក​ ៣ ០០០ ​លីត្រ​ ហ្វម​ ១ ០០០​ លីត្រ​ និងជា​ប្រភេទ​រថយន្ត​មូម​បាញ់ ​និង​សង្ភ្រោះ​ ហើយ​ដង​ឡើង​ ១៥ ម៉ែត្រ​បាញ់​ចេញ​បាន​៤០ម៉ែត្រ។

របាយ​ការណ៍​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ​និង​សង្រ្គោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិបានញ្ជាក់​ថា ​នៅទី​ក្រុង​ភ្នំពេញ ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ​ចំនួន​ជាង​៥០គ្រឿង។ ក្នុង​នោះ​ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយចំនួន​ទៀត​ មកពី​ក្រុមហ៊ុន​វិស័យ​ឯកជន ​និង​ស្ថាប័ន​ជាតិ​មួយចំនួន​ទៀត​ក្នុង​ការចូល​រួម​ពន្លត់​អគ្គិភ័យ​ដែល​កើតឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ​ឆ្នាំ​ ២០២០ ​ឱ្យដឹង​ថា ​គម្រោង​អគារ​ខ្ពស់ៗ​ចាប់ពី​ ៥ ជាន់​ឡើង​នៅ​ប្រទេស​កម្ពុជា ​មាន​ចំនួន​ ២ ១៨០ អគារ ​ក្នុង​នោះ ​ខេត្ត​ព្រះសីហនុ ​មាន​ចំនួន​ ៦១៥ អគារ​៕

វីដេអូ៖