តាកែវៈ អាជ្ញាធរ​និង​មន្ត្រី​ធម្មការ​​ស្រុក​គិរីវង់ ​កំពុង​សម្រប​សម្រួល​ទំនាស់​រ​វាង​​ពលរដ្ឋ និង​ចៅ​អធិការ​វត្ត​សម្រិត​ធិ​វង្ស នៅ​ភូមិ​ក្រាំង​ទ្រ​មូង ឃុំ​តា​អូរ បន្ទាប់​ពី​ពលរដ្ឋ​មាន​ការ​ជួបជុំ​គ្នា​តវ៉ា​ឲ្យ​ព្រះចៅ​អធិការ​វត្ត​វត្ត​នេះ​ចាក​ចេញ ដោយ​ចោទ​លោក​ថា​ បាន​លុប​អណ្តូង​ទឹក​ កាប់​បំផ្លាញ​សួន​ច្បារ និង​កាយ​យក​ដី​សា​លារៀន។​

លោក ជា ហេង ប្រធាន​ការិយា​ល័យ​ធម្មការ​និង​សា​សនា​ស្រុក​គិរីវង់​ថ្លែង​នៅ​ថ្ងៃទី ២៦ ​ខែសីហាថា​ អាជ្ញាធរ​ស្រុក​កំពុង​សហ​ការ​ជា​មួយ​អនុគណ​ស្រុក​គិរីវង់​ ដើម្បី​​សម្របស​ម្រួល​រវាង​​ពលរដ្ឋ​ជា​ពុទ្ធ​បរិស័ទ​និង​ចៅអធិ​ការ​វត្ត​សម្រិត​ធិ​វង្ស ក្រោយ​ពី​ពលរដ្ឋ​ជាង​ ១០០​ នាក់​ បាន​ជួបជុំ​តវ៉ា​​ដោយ​ស្នើសុំ​ឲ្យ​ព្រះ​ចៅអធិ​ការ​វត្ត​នេះ​ចាក​ចេញ​កាលពី​ថ្ងៃទី ២៥​ ខែសីហា​ ដោយ​ចោទ​លោក​ថា បាន​លុប​អណ្តូង​ទឹក​ កាប់​បំផ្លាញ​សួន​ច្បារ និង​កាយ​យក​ដី​សាលា​រៀន​។

បើតាម​លោក​ ជា ហេង អាជ្ញា​ធរ​ស្រុក​បាន​សម្រួល​ឲ្យ​ពលរដ្ឋ​មាន​ការ​ស្ងប់​អារម្មណ៍ និង​បំបែក​ការ​ជួ​បជុំ ដើម្បី​ទុក​ឱកាស​ឲ្យអាជ្ញាធ​រ​និង​មន្ត្រី​សង្ឃ ​សម្រប​សម្រួល​ជា​ជំហានៗ​។

លោក​បាន​ថ្លែងថា​៖​«ទី១ ការពារ​សុវត្ថិ​ភាព​ព្រះអង្គ​ចៅអធិការ​ដែល​គ្រប់គ្រង​វត្ត​ហ្នឹង ទី២​ ចង់​ឲ្យ​ឧបាសក​ឧបាសិ​កា​ចំណុះជើង​វត្ត​ហ្នឹង​កុំ​ខឹង កុំ​ប្រកាន់​ច្រើន ​អ៊ីចឹង​យើង​កំពុង​​សម្រប​សម្រួល​ជា​បន្តបន្ទាប់​ទៀត ថ្វី​បើ​មិនទាន់​សម្រេច​ជោគជ័យ ​​ប៉ុន្តែចិត្ត​​ពួកគាត់​ជិត​បាន​ស្រុះស្រួល​គ្នា​ហើយ» ។

លោក ជួង វ៉ាន ប្រធាន​មន្ទីរ​ធម្ម​ការនិង​សាសនា​ខេត្ត​តាកែវបាន​ថ្លែង​នៅ​ថ្ងៃទី​ ២៦ ខែសីហា​ថា ជម្លោះ​រវាង​ព្រះ​ចៅអធិការ​វត្ត​ជាមួយ​ពលរដ្ឋនិង​នាយិកា​សាលា​បឋម​សិក្សា​សម្រិត​តា​មូង​កើត​ឡើង​អស់​រយៈ​ពេល ៣ ឆ្នាំ​មកហើយ ប៉ុន្តែ​កន្លង​មក​ដោយ​មាន​ការ​សម្រប​សម្រួល​បញ្ហា​ក៏​ស្ងប់​ស្ងាត់​ឡើង​វិញ។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែ​ឈ្លោះ​គ្នា​ជាថ្មី​ដោយ​ពលរដ្ឋ​ចោទ​លោក​ថា បាន​កាយ​យក​ដី​សា​លារៀ​ន​ទៅ​ចាក់​បំពេញ​ទីធ្លា​វត្ត​។

លោក​ថ្លែង​ថា៖ ​«រឿង​ហ្នឹង​អាជ្ញា​ធរ​ស្រុក​គេ​បាន​ចុះ​សហ​ការ​ជាមួយ​មន្ត្រី​សង្ឃ​ជា​អនុគណ​ស្រុក​ហ្នឹង​គឺ​ប៉ុន្មាន​ជំ​ហាន​មកហើយ។ ការ​ដោះ​ស្រាយ​មួយ​រយៈ​ហ្នឹង​គឺ​បាន​សម្រួល​ជាមួយ​​ពលរដ្ឋ ជាមួយ​អ្ន​កគ្រូ​នាយិកា​សាលា និង​ព្រះសង្ឃ​ហ្នឹង គេ​ធ្វើ​ការបន្ត​បន្ទាប់​មករ​ហូត ​អ៊ីចឹង​ដើម្បី​ឲ្យ​ពួក​គាត់​ត្រូវ​គ្នា​វិញ​គឺ​ត្រូវ​ការ​ពេល​វេលា រឿងក្តី​មួយ​មិន​អាច​ដោះស្រាយ ​១ ​ថ្ងៃ ២ ថ្ងៃ​ចេញ​ទេ» ។

លោក ​មាន ​សម្បត្តិ មេឃុំ​តា​អូរ ថ្លែង​នៅ​ថ្ងៃទី ២៦ ខែសីហា​ដែរ​ថា កន្លង​មក​ អាជ្ញា​ធរ​ឃុំ​បាន​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់ ​ព្រមទាំង​បាន​បញ្ជូន​របាយ​ការណ៍​ទៅ​ថ្នាក់​ស្រុក​ដើម្បី​ពិនិត្យ​ដោះ​ស្រាយ ប៉ុន្តែអាជ្ញាធរ​ស្រុក​មិន​ទាន់​បាន​ដោះ​ស្រាយ​ផង​ក៏​ចាប់​ផ្តើម​មាន​ការ​ឈ្លោះ​គ្នា​ជាថ្មី​ទៀត ធ្វើ​ឲ្យ​រឿង​រ៉ាវ​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​តែ​ម្តង​។

លោ​កថ្លែ​ងថា៖ «ចុង​ក្រោយនេះ​​ដោយសារតែ​លោក​កាយ​ដី​សាលា​ចាក់​ទៅ​ទី​វត្ត​កន្លែង​ធ្វើ​រូប​កិន្នរ ហើយ​ដល់អ៊ី​ចឹ​ង​ទៅ​មាន​ការ​គុំ​កួន​គ្នា​ពលរ​ដ្ឋ​ទៅ​ឈ្លោះ​លោក​ដល់​វត្តហើយ​លោក​ក៏មាន​សង្ឃដីកា​មិន​សមរម្យ​តប​វិញ​ អ៊ីចឹ​ង​ទៅ​ក៏​ខឹង​គ្នា​ប្តឹងប្ដល់​គ្នា ខឹង​គ្នា​ពេញ​ហ្នឹង​ទៅ ឥឡូវ​មិនដឹង​និយាយ​ថា​ម៉េច» ​។

យ៉ាងណា​ក៏​ដោយ ​​ភ្នំពេញ​ ប៉ុស្តិ៍​ មិន​អាច​ស្វែងរក​​ការបំភ្លឺ​បន្ថែម​ពីនា​យិកា​សាលា​បឋម​សិក្សា​សម្រិត​ធិ​វង្ស ពលរដ្ឋ​និង​ព្រះ​ចៅអធិការ​វត្ត​នេះ​បាន​ទេ​កាលពី​ថ្ងៃទី ២៦ ​ខែសីហា​៕