សៀម​រាបៈ ឈើ​ចម្រុះ​ប្រភេទ ចំនួន ១៦៥ ដុំ មាន​ប្រវែង​សរុប ៣,៥ ម៉ែត្រគុប ត្រូវបាន​មន្ត្រី​បរិស្ថាន​នៃ​ការិយាល័យ​ដែន​ជម្រកសត្វព្រៃ​បឹង​ពែរ ភ្នំ​ត្នោត ភ្នំ​ពក បង្ក្រាប​ចាប់​រឹបអូស​ពី​ក្នុងព្រៃ​ក្រោយ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​ខ្វាវ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្ត​សៀម​រាប។

លោក ពី ប៊ុន​ចង អនុប្រធាន​ការិយាល័យ ដែនជម្រកសត្វព្រៃ​បឹង​ពែរ ភ្នំ​ពក ភ្នំ​ត្នោត បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែសីហា ថា​ ឈើ​ទាំងនោះ ត្រូវបាន​កម្លាំង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ស្នាក់ការ​បរិស្ថាន​ស្រោង នៃ​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ រកឃើញ​កាលពី​ព្រឹក​ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២១ នៅ​ចំណុច​តំបន់​អូរ​ខ្វាវ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប។

លោក​ថ្លែងថា៖«ឈើ​ទាំងនោះ​ភាគច្រើន​ជា​ប្រភេទ​ឈើ​សុ​ក្រម ផ្ចឹក និង​ស្ដៅ។ វា​ត្រូវបាន​គេ​អារច្រៀក​ជា​ប្រភេទ​កូន​ក្រឡឹងតូចៗ មាន​ចំនួន​សរុប ១៦៥ ដុំ ស្មើ ៣,៥ ម៉ែត្រគុប។ បច្ចុប្បន្ន​ឈើ​ទាំងនោះ ត្រូវបាន​មន្ត្រី​យើង​ដឹក​មក​រក្សាទុក​នៅ​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ដើម្បី​រង់ចាំ​ម្ចាស់​ឈើ​ចូលខ្លួន​ដោះ​ស្រាយ​តាម​នីតិវីធី​ច្បាប់»។

បើតាមលោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប នៅក្នុង​ករណី​មិនឃើញ​មាន​នរណាម្នាក់​ ចេញមុខ​មក​អះអាង​ជា​ម្ចាស់​ឈើ​ទេនោះ សមត្ថកិច្ច​ជំនាញ នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដោយ​ចាត់ទុក​ឈើ​ទាំងនេះ​ ជា​ឈើ​អញ្ញ​ត​ជន និង​ស្នើសុំ​គោល​ការណ៍​ពី​តុលាការ រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ។

យ៉ាងណាក៏ដោយ ​មន្ត្រីនគរបាល​មូលដ្ឋាន​ម្នាក់ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ក្នុង​ល​ក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ឈើ​នោះ​គឺជា​រប​ស់បុរ​ម្នាក់​ឈ្មោះ ម៉ាប់ នៅ​ក្រុង​សៀមរាប និងជា​បុគ្គលិក​អង្គភាព​សារព័ត៌មាន Online មួយ​នៅក្នុង​ខេត្ត​នេះ។

ឈើ​ទាំងនោះ គាត់​បាន​ទិញ​ពី​អ្នកភូមិ ដើម្បី​យកទៅលក់​បន្ត​ នៅតាម​ទីតាំង​កែច្នៃ​ឈើ​ធ្វើ​គ្រឿង​សង្ហា​រឹម ​នៅក្នុង​ក្រុង​សៀមរាប និង នៅ​រាជធានី​ភ្នំពេញ។

មន្ត្រីនគរបាល​មូលដ្ឋាន​រូបនោះ បាន​បញ្ជាក់ថា៖ «ខ្ញុំ​មិនដឹងថា​ គាត់​ឈ្មោះ​អ្វី​ ឲ្យ​ពិតប្រាកដ​ទេ តែ​អ្នកភូមិ​ដែល​ធ្លា​ប់លក់​ឈើ​ឲ្យ​គាត់​ហៅ​គាត់​ថា​ តាម៉ាប់ៗ និងថា​គាត់​ជា​អ្នកសារព័ត៌មាន​ផងដែរ។ គាត់​ទិញ​ឈើ​គ្រប់​ប្រភេទ លើកលែងតែ​ឈើ​គ្រញូង ប៉ុន្តែ​ឈើ​ដែល​គាត់​ទិញ ​ពី​អ្នកភូមិ​ក្នុង​ឃុំ​ខ្វាវ គឺជា​ឈើ​អត់​ច្បាប់​ទាំងអស់​ហ្នឹង»៕