ភ្នំពេញៈ បុរស​សង្ស័យ​ម្នាក់​ដែល​នគរបាល​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​ កាលពី​ថ្ងៃទី ២៣ ​សីហា ​នៅ​ភូមិ​កំរៀង ​សង្កាត់​ព្រៃវែង ​ខណ្ឌ​ដង្កោ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ២៦ ​សីហា ​ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​គ្រឿងញៀន​មេតំហ្វេតា​មីន​ជាង​ ២ គីឡូ​ក្រាម។​​

លោក​ អ៊ិន សុង ​នាយក​រង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅថ្ងៃ​ទី ២៦ ​សីហា​ថា​ បុរស​សង្ស័យ​ឈ្មោះ​មិល ពៅ ​អាយុ ​៣១ ឆ្នាំ ​ត្រូវបាន​មន្រ្តី​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ២៦​ សីហា។

លោក​ថ្លែងថា​៖ «ជន​សង្ស័យ​ម្នាក់​នេះ​យើង​បាន​បំពេញ​នីតិវិធី​តាម​ជំនាញ​របស់​យើង​ហើយ។ យើង​ត្រូវបន្ត​សាកសួរ​នៅតុលា​ការ​ទៀត»។​

លោក​ឱ្យដឹងថា ​ការបង្ក្រាប​ជនសង្ស័យ​ខាងលើ ​សមត្ថកិច្ច​បានធ្វើ​ឡើង​នៅ​ថ្ងៃទី ២៣ ​ខែ សីហា ​ឆ្នាំ ២០២១ ​នៅ​ភូមិ​កំរៀង​សង្កាត់​ព្រៃវែង ​ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ។ ការចុះ​បង្ក្រាប​នេះ​ដឹកនាំ ​ដោយ​លោក​យឹម សែនឧត្តម ​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​ក១០។

បើ​តាម​លោក ​អ៊ិន សុង ​ប្រតិបត្តិការ​នេះ​ក៏​មាន​ការចូល​រួម​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​និង​សម្រប​សម្រួល​ផ្លូវ​ច្បាប់​ពី​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។​

លោក​ប្រាប់ថា​៖ «ការងារ​នេះ​មន្រ្តី​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ទៅ​តាម​ជំនាញ​យ៉ាង​ដិត​ដល់​ មុន​ឈាន​ទៅ​បង្ក្រាប​បទ​ល្មើស​នេះ»។

លោក​បន្ថែម​ថា ​ចំពោះ​វត្ថុតាង​ដែល​រឹបអូស​បាន​ក្នុង​ប្រតិបត្តិការ​នេះ ​ជាប្រភេទ​មេតំហ្វេតាមីន ​(ICE)​ មាន​ទម្ងន់​ ២០៥៤.២១​ ក្រាម។ ពាក់ព័ន្ធ​ការចោទ​ប្រកាន់​លើ​ជនសង្ស័យ​ពី​សំណាក់​តំណាង​អយ្យការ​យ៉ាងណា​នោះ​ នៅ​រសៀល​ថ្ងៃទី ២៦​ សីហា​ ភ្នំពេញ​ ប៉ុស្តិ៍ ​មិនទាន់​បាន​ទទួល​ចម្លើយ​តប​ពី​លោក​ ប្លង់ សុផល​ អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ឡើយ​ទេ៕