កោះកុងៈ អាជ្ញាធរ​ស្រុក​បុ​ទុម​សាគរ បានកំណត់​អត្តសញ្ញាណ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ករណី​មាន​មេខ្លោង​ជួល​ពលរដ្ឋ​ចំនួន ២៧ គ្រួសារ ទៅ​សាងសង់​ខ្ទម និង​ធ្វើ​របង​បន្លា​លួស​ខុសច្បាប់​លើដី​របស់​រដ្ឋ ​ស្ថិត​នៅ​តំបន់​ឧទ្យាន​ជាតិ​ បុទុម​សា​គរ ក្នុង​ភូមិ​ចម្លង​គោ​ ឃុំ​ថ្ម​ស​ស្រុក​បុ​ទុម​សាគរ។

លោក​ហាក់​ ឡេង​អភិបាលស្រុក​បូ​ទុម​សាគរ បាន​​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃទី ២៦ សីហា​ថា នៅ​ថ្ងៃទី ២៥ សីហា សមត្ថកិច្ច​ស្រុក​បុទុម​សាគរ បាន​សហការ​ជាមួយ​មន្ដ្រី​នៃ​មន្ទីរ​បរិស្ថាន​ ចុះទៅ​រុះរើ​ខ្ទម​ចំនួន ២៧ និង​របង​បន្លា​លួស​មួយចំនួន ដែល​ប្រជាពលរដ្ឋ​បាន​ចូលទៅ​សាងសង់​នៅ​តំបន់ ឧទ្យាន​ជាតិ​បុទុម​សា​គរ ក្នុង​ភូមិ​ចម្លង​គោ​ ឃុំ​ថ្ម​ស​។

លោក​ថ្លែងថា៖«យើង​បាន​ចុះ​រុះរើ​ង​ខ្ទម និង​ឱ្យ​ប្រជា​ពល​ដ្ឋ​ចំនួន ២៧ គ្រួសារ​ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការចូលទៅ​រំលោភ​ទន្ទ្រាន​ដី​នៅក្នុង​តំបន់​ការពារ​បន្តទៀត។ ពលរដ្ឋ​ទាំងនេះ ពួកគាត់​ជា​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​នៃ​ស្រុក​បុទុម​សាគរ គាត់​ចូលទៅ​ទន្ទ្រាន​ដី​រដ្ឋ​ដោយសារ​មាន​មេខ្លោង​ជួល​ពួកគាត់។ ពេលនេះ​យើង​កំណត់​អន្ត​សញ្ញាណ​មេខ្លោង​បាន​ ហើយ កំពុង​កសាង​សំណុំរឿង​​បញ្ជូន​ទៅ​តុលាការ»។

បើតាម​លោក អភិបាលស្រុក ប្រជាពលរដ្ឋ​ទាំង ២៧ គ្រួសារ​ ដែល​ចូលទៅ​ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់​នេះ ជា​ប្រជាពលរដ្ឋ​ក្រី​ក្រ​មានផ្ទះ​សម្បែង​ដីធ្លី​សម្រាប់​រស់នៅ​ប្រចាំថ្ងៃ​រួច​ហើយ មិនមែនជា​ពលរដ្ឋ​ក្រីក្រ​គ្មាន​ផ្ទះ​រស់​នៅ​នោះ​ទេ។ ប៉ុន្ដែ​ពួកគាត់​ត្រូវបាន​មេខ្យល់​ញុះញង់​ជួល​ឱ្យទៅ​ទន្ទ្រាន​ដី​រដ្ឋ។

លោក​បញ្ជាក់ថា៖«យើង​ចាប់បាន​កាលពី​យប់​ថ្ងៃទី ២៥ ខែសីហា​ ពួ​គាត់​បាន​ផ្ដិត​មេដាយ​យកលុយ​ចំនួន ១០០ ដុល្លារ ហើយ​ចូលទៅ​ទន្ទ្រាន​ដី​រដ្ឋ​នៅ​ឧទ្យាន​ជាតិ។ យើង​កំណត់​អត្ដ​សញ្ញាណ​មេខ្យល់​បាន​ខ្លះ​ហើយ។ មេខ្លោង​មាន​ទាំង​អ្នក​នៅ​ខេត្ដ​កោះកុង និង​អ្នក​មកពី​ខាងក្រៅ»។

លោក​ វ៉េ​ន​ សុនី​ម​ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​ ដោយមាន​ការសម្របសម្រួល​នីតិវិធី​ច្បាប់​ពីលោក​អេង​ ចាន់​ភា​រ៉ា​ ព្រះ​រា​ជ្ញា​រង​ អម​សាលាដំបូង​ខេត្ត​ នៅ​ថ្ងៃទី ២៥ ខែសីហា​ ​បាន​ដឹកនាំ​ក្រុមការងារ​មន្ត្រី​ការពារ​ឧទ្យាន​ជាតិ​ កម្លាំង​អា​វុ​ធ​ហត្ថ​ខេត្ត​ ចុះ​រុះរើ​ខ្ទម​ចំនួន ២៧ ខ្ទម​ ដែល​បាន​សាងសង់​លើដី​ឧទ្យាន​ជាតិ អនាធិបតេយ្យ ល្មើសច្បាប់​ស្ថិតនៅ​ចំណុច​ភូមិ​ចម្លង​គោ​ ឃុំ​ថ្ម​ស​ ស្រុក​បូ​ទុម​សាគរ។

លោក ហ៊ុន ម៉ា​រ៉ា​ឌី អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កោះកុង ថ្លែង​នៅ​ថ្ងៃទី ២៥ ខែសីហា​​ថា មន្ដ្រី​ជំនាញ​ បាន​ចុះទៅ​អនុវត្ដ​ច្បាប់​រុះរើ​សំណង់​ខ្ទម និង​របងលួស ល្មើសច្បាប់​នេះ គឺ​អនុវត្ដ​តាម​ការណែនាំ​ របស់​រដ្ឋ​បាល​ខេត្ដ​ និង​ក្រោយពី​មន្ដ្រី​ជំនាញ​ នៃ​មន្ទី​បរិស្ថាន​បាន​ណែនាំ​រួច​ជាច្រើនលើក​ដល់​ប្រជាពលរដ្ឋ។

លោក​ថ្លែងថា៖ «ដោយសារតែ​ពលរដ្ឋ​យល់ព្រម​រុះរើ​ខ្ទម​ចេញ មិន​រឹងទទឹង​ជាមួយ​មន្ដ្រី​អនុវត្ដ​ច្បាប់ ដូច្នេះ​ក្រោយ​ការរុះរើ​យើង​បានឱ្យ​ពលរដ្ឋ​ទាំង ២៧ គ្រួសារ ​ធ្វើ​កិច្ចសន្យា និង​ណែនាំ​ដល់​ពួកគាត់​ ឱ្យ​បញ្ឈប់​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ល្មើសច្បាប់​បែបនេះ​ទៀត»។

លោក ហ៊ុន ម៉ា​រ៉ា​ឌី បញ្ជាក់ថា ការកាប់​ទន្ទ្រាន​រុករាន ដី​របស់​រដ្ឋ នៅក្នុង​តំបន់​ការពារ ជា​អំពើ​ខុសច្បាប់​ដ៏​ធ្ងន់ធ្ង​ន ដែល​ត្រូវ​ប្រឈម​ចំពោះ​ច្បាប់។

លោក​បាន​​អំពា​នាវ​ដល់​ពល​រដ្ឋ​ សូម​ឱ្យ​បញ្ឈ​ប់​ចូល​កាប់​ទន្ទ្រាន​ដី​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​បន្តទៀត​ នាំឱ្យ​មានទោស​ដល់​ខ្លួន។

លោក​ ថោង​ ច័ន្ទ​តារា​ អ្នកសម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ប្រចាំខេត្ត​កោះកុង​ បានឱ្យដឹងថា ដីធ្លី​នៅក្នុង​តំប​បន់​ឧទ្យាន​ជាតិ​បុទុម​សា​គរ ក្នុង​ភូមិសា​ស្ដ្រ ភូមិ​ចម្លង​គោ​ ឃុំ​ថ្ម​ស ​គឺ​កើតមាន​ការកាប់​ទន្ទ្រាន រុករានជា​យូរ​ឆ្នាំ​មកហើយ ប៉ុន្ដែ​អាជ្ញាធរ​ មិនទាន់​ឃាត់​​ខ្លួន​ជនល្មើស​ណា​ម្នាក់​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​បាន​នៅឡើយ​ទេ។

លោក​ថ្លែងថា៖«ការទន្ទ្រាន​ដី​រដ្ឋ​នៅក្នុង​មូលដ្ឋាន​នៅតែ​បន្ត​កើតមានឡើង​បែបនេះ ប្រហែលជា​មានការ​ត្រូវ​រូ​វ​គ្នា​រវាង​ជនល្មើស និង​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ។ ភាគច្រើន​អ្នកមាន​លុយ​នៅ​តំបន់​ថ្ម​ស គេ​វាទទី​យក​ដី​ដោយ​ជួល​ពលរដ្ឋ​ទៅធ្វើ​ខ្ទម ធ្វើ​របង​ដាំ​ដំណាំ​នៅលើ​ដី​របស់​ពួកគេ»។

ប៉ុន្តែ លោក​ហាក់​ ឡេង បញ្ជាក់ថា ករណី​ការទន្ទ្រាន រុករាន​យក​ដី​រដ្ឋ​ នៅ​តំបន់​ការពារ​នេះ អ្នក​ដែល​ចាំតែ​និយាយ មិនអាច​ដឹង​រឿង​ដូច​អាជ្ញាធរ​ដែល​ចុះបង្ក្រាប និង​ឃើញ​ផ្ទាល់​នោះទេ។ ករណី​ទន្ទ្រាន​ដីធ្លី​នេះ គឺ​ត្រូវ​ស្រាវ​ស្រាវ​ច្បាស់​លាស់​ទើប​ដឹងថា​ បុគ្គល​ល្មើស​នៅ​ពី​ក្រោយខ្នង​ជា​អ្នកណា។

លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​ក្នុងនាម​អាជ្ញាធរ​ គឺ​ត្រូវតែ​អនុវត្ដ​តាមច្បាប់​ លើ​បទល្មើស​ទន្ទ្រាន​កាន់កាប់​លើដី​រដ្ឋ​នេះ។ អ្នកខ្លះ ចាំតែ​មើល ចាំតែ​និយាយ ថា​អាជ្ញាធរ​មិន​អនុវត្ដ​ច្បាប់ អាជ្ញាធរ​ឃុបឃិត។ ប៉ុន្ដែ​តើ​មាន​ដឹង​ទេ​ថា​ ដីព្រៃ​របស់​រដ្ឋ​មាន​រាប់ម៉ឺន​ហិតា​ ក្នុង​ខេត្ដ​កោះកុង​ ហើយ​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស​មានតែ ១០ នាក់ អ្នកណា​មើល​អស់»។

លោក​បន្តថា៖ «សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​នេះ​ កើតឡើង​ស្ទើ​គ្រប់កន្លែង ដូច្នេះ​អាជ្ញាធរ​មើល​មិន​សព្វ​លើ​ករណីខ្លះ។ ប៉ុន្ដែ​បើ​អ្នក​ដែល​ឃើញ​បទល្មើស​នោះ​ បើ​ប្រាប់​មក​អាជ្ញាធរ​ ហើយ​អាជ្ញាធរ​មិនបាន​ចុះទៅ​អនុវត្ដ​បង្ក្រាប នោះ​ទើប​ជា​ករណី​ឃុបឃិត។ បើ​គ្រាន់តែ​យើង​ទទួលបាន​ព័ត៌មាន​ភ្លាម យើង​ចុះទៅ​បង្ក្រាប​ភ្លាម បែរមក​ចោទថា​ ជា​ករណី​ឃុបឃិត វា​មិន​ត្រឹមត្រូវ​ទេ វា​ជា​រឿង​បុគ្គល​ហើយ»៕

វីដេអូ៖